ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កីឡាប្រណាំងយានយន្ដកម្ពុជា ប្រជែងបានលេខ១ ពីព្រឹត្តិការណ៍ប្រណាំងឆ្លងកាត់ឧបសគ្គ

66

ភ្នំពេញ៖ក្រុមប្រណាំងរថយន្តការ៉ាកម្ពុជា មានអ្នកបើកបរ កីឡាករ សោម សុកុសល និងជំនួយការអ្នក បើកបរ កីឡាករ វង្ស គីមហួតដណ្តើមបានចំណាត់លេខ១ នៅកម្រិតរថយន្តប្រើសាំងពីព្រឹត្តិការណ៍ ប្រណាំងរថយន្តឆ្លងកាត់ឧបសគ្គ (Asia Cross Country Rally 2022) និងចំណាត់ថ្នាក់លេខ១១ ក្នុងចំណោមរថយន្តសរុប៣៤ បន្ទាប់ពីប្រណាំងលើចម្ងាយផ្លូវ១៧០០គីឡូម៉ែត្រ នៅលើទឹកដីថៃ ៥ដំណាក់កាល និងបញ្ចប់នៅមុខប្រាសាទអង្គរវត្តទឹកដីព្រះរាជាណាចក្រកម្ពុជា១ដំណាក់កាលកាលពីចុង
សប្តាហ៍កន្លងទៅនៅខេត្តសៀមរាប។

ម្ចាស់ពានរង្វាន់ Rally 2022 កីឡាករ វង្ស គីមហួត បានគូសបញ្ជាក់ថា មានការសរសើរ ពីអ្នកប្រណាំងអន្តរជាតិថា ដំណាក់កាលចុងក្រោយនៅកម្ពុជាថ្វីដ្បិតតែផ្លូវប្រកួតមានចម្ងាយខ្លី ប៉ុន្តែមានឧបសគ្គច្រើន ធ្វើឱ្យការប្រណាំងកាន់តែស្វិតស្វាញនិងជក់ចិត្ត។កីឡាកររូបនេះបន្តថា នេះជាឱកាសមួយដែលធ្វើឱ្យកីឡាករយានយន្តយើងទទួលបានបទពិសោធន៍ថ្មីៗនិងបង្កើន
បច្ចេកទេសឱ្យខ្លាំងបន្ថែមទៀតក្នុងការប្រកួតកម្រិតរថយន្តអន្តរជាតិនេះផងដែរ។សម្រាប់ប្រភេទ រថយន្តប្រើសាំង គឺយើងធ្វើបានល្អជាងគេ ដោយដណ្តើមបានចំណាត់ថ្នាក់លេខ១ ក្នុងចំណោម ប្រភេទរថយន្តសាំង ដែលសុទ្ធសឹងតែជើងខ្លាំងមកបណ្តាប្រទេសនានា ក្នុងតំបន់អាស៊ីអាគ្នេយ៍ និងមកពីតំបន់អាស៊ី។

ក្រុមកីឡាប្រណាំងយានយន្ដកម្ពុជាបានថ្លែងអំណរគុណនិងកោតសរសើរចំពោះក្រុមការងារទាំងអស់ដែលបានខិតខំពុះពារការលំបាកគ្រប់ពេលវេលាទាំងអស់ក្នុងអំឡុងពេលប្រកួតទាំងផ្តល់សេវាថែទាំរថយន្តជាពិសេសថ្លែងអំណរគុណចំពោះក្រុមហ៊ុនជាដៃគូឧបត្ថម្ភពាក់ព័ន្ធនឹងវិស័យកីឡាយានយន្តដែលបានឧបត្ថម្ភផ្តល់ការគាំទ្រកម្លាំងចិត្តសម្រាប់ការចូលរួមប្រកួតរបស់ក្រុមកីឡាយានយន្តកម្ពុជាក្នុងព្រឹត្តិការណ៍នេះឱ្យដំណើរការដោយរលូននិងជោគជ័យ។
សូមបញ្ជាក់ថា ព្រឹត្តិការណ៍ប្រណាំងរថយន្តឆ្លងកាត់ឧបសគ្គ Asia Cross Country Rally 2022 នេះ មាន៩ប្រទេសចូលរួម មាន កម្ពុជា ឥណ្ឌូណេស៊ី ម៉ាឡេស៊ី វៀតណាម តៃវ៉ាន់ ជប៉ុន កូរ៉េ បារាំង និងប្រទេសថៃ។ ជាលទ្ធផលក្រុមប្រណាំងការ៉ាកម្ពុជា ទទួលបានចំណាត់លេខ១ លើប្រភេទរថយន្តសាំង និងលទ្ធផលរថយន្តសរុបទាំងសាំង និងម៉ាស៊ូត ក្រុមការ៉ា លេខ១១ ក្រុមសាយ៉ាម ប្រូតូថាយ លេខ១២ ក្នុងចំណោមរថយន្តសរុប៣៤គ្រឿង៕

អត្ថបទដែលជាប់ទាក់ទង