ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្រសួងមហាផ្ទៃ គ្រងតំណែងកំពូល នៃការប្រកួតកីឡាវាយកូនបាល់ប្រចាំឆ្នាំ២០២៣

51

ភ្នំពេញ៖ក្លិបកីឡាវាយកូនបាល់ក្រសួងមហាផ្ទៃគ្រងតំណែងកំពូលនៃការប្រកួតកីឡាវាយកូនបាល់ ជ្រើសរើសជើងឯកប្រចាំឆ្នាំ២០២៣។
ការប្រកួតនេះបានធ្វើឡើងពីថ្ងៃទី១៦ ដល់ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៣ម្សិលម៉ិញនេះ នៅភ្នំពេញនាទីលានហ្វឹកហាត់របស់សហព័ន្ធក្នុងពហុកីឡដ្ឋានជាតិ អូឡាំពិក រាជធានីភ្នំពេញ ក្រោមការប្រើប្រាស់ថវិកាឧបត្ថម្ភប្រចាំឆ្នាំរបស់ក្រសួងអប់រំយុវជននិងកីឡា។

លោកជាពៅអគ្គលេខាធិការរងនៃសហព័ន្ធកីឡាវាយកូនបាល់កម្ពុជាបានប្រាប់ឲ្យដឹងថាការប្រកួតកីឡាវាយកូនបាល់ជ្រើសរើសជើងឯកប្រចាំឆ្នាំ២០២៣មានកីឡាករកីឡារិនីចូលរួមចំនួន៥៧នាក់ក្នុងនោះមានកីឡាករចំនួន៥១នាក់និងកីឡាការិនី៦នាក់មកពីក្លិបកីឡាវាយកូនបាល់អូឡាំពិកក្លិបកីឡាវាយកូនបាល់ក្រសួងការពារជាតិក្លិបកីឡាវាយកូនបាល់ក្រសួងមហាផ្ទៃក្លិបកីឡាវាយកូនបាល់ខេត្តបាត់ដំបងក្លិបកីឡាវាយកូនបាល់ខេត្តសៀមរាបក្លិបកីឡាវាយកូនបាល់ក្រសួងសេដ្ឋកិច្ចនិងហិរញវត្ថុក្លិបកីឡាវាយកូនបាល់ខេត្តតាកែវក្លិបកីឡាវាយកូនបាល់ខេត្តព្រះវិហារ និងក្លិបកីឡាវាយកូនបាល់ឌីវេនកូ។

លោកអគ្គរងបានបន្តថាការប្រកួតកីឡាវាយកូនបាល់ជ្រើសរើសជើងឯកនេះមានសហព័ន្ធកីឡាវាយកូនបាល់កម្ពុជាដាក់៤វិញ្ញាសារួមមានវិញ្ញាសាវាយឯកត្តជនបុរសវិញ្ញាសាវាយឯកត្តជននារី វិញ្ញាសាវាយគូ និងវិញ្ញាសាវាយយុវជនក្រោមអាយុ១៨ ឆ្នាំ។
ពិធីបិទការប្រកួតកីឡាវាយកូនបាល់ ជ្រើសរើសជើងឯកប្រចាំឆ្នាំ២០២៣ ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៣ ដោយមានការអញ្ជើញជាកិត្តិយសពីសំណាក់លោកស្រីឧត្តមសេនីយ៍ស៊ុ សុខា អនុប្រធានសហព័ន្ធកីឡាវាយកូនបាល់កម្ពុជានិងលោកទេពរិទ្ធីវិទ្ធអគ្គលេខាធិការនៃសហព័ន្ធកីឡាវាយកូនបាល់កម្ពុជា។

ក្លិបកីឡាវាយកូនបាល់ក្រសួងមហាផ្ទៃគ្រងតំណែងជើងឯកបន្ទាប់ពីដណ្តើមមេដាយមាស៣គ្រឿងនិងមេដាយសំរិទ្ធ១គ្រឿងក្លិបកីឡាវាយកូនបាល់ក្រសួងការពារជាតិដណ្តើមមេដាយមាស១គ្រឿងមេដាយប្រាក់២គ្រឿងនិងមេដាយសំរិទ្ធ១គ្រឿងក្លិបកីឡាវាយកូនបាល់ខេត្តសៀមរាបដណ្តើមមេដាយប្រាក់១គ្រឿងនិងមេដាយសំរិទ្ធ១គ្រឿងនិងក្លិបកីឡាវាយកូនបាល់អូឡាំពិកដណ្តើម មេដាយប្រាក់ ១ គ្រឿង និងមេដាយសំរិទ្ធ ១គ្រឿង ៕

អត្ថបទដែលជាប់ទាក់ទង