ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោកទេសរដ្ឋមន្ត្រីថោង ខុន ចូលរួមបិទការប្រកួតកាយសម្ព័ន្ធជើងឯកជាតិ

62

ភ្នំពេញ៖ការប្រកួតកីឡាកាយសម្ព័ន្ធជើងឯកជាតិឆ្នាំ២០២៣និងប្រកួតដណ្ដើមពាន
រង្វាន់លោកទេសរដ្ឋមន្ត្រីថោង ខុនលើកទី៧ដែលចាប់ផ្ដើមពីថ្ងៃទី១៥មកនោះបានបញ្ចប់ហើយ
នាល្ងាចថ្ងៃទី២០ធ្នូម្សិលម៉ិញនេះ។

លទ្ធផលបច្ចេកទេសក្រុមកីឡាកាយសម្ព័ន្ធក្រសួងមហាផ្ទៃដណ្ដើមបានមេដាយច្រើនជាងគេសរុប ១៤គ្រឿងគឺមាស ៧ ប្រាក់ ៥ និងសំរឹទ្ធ ២។ ខេត្តកំពង់ឆ្នាំង ឈរលេខ២ ដោយដណ្ដើមបានមេដាយសរុប ១៣គ្រឿង គឺមាស ៥ ប្រាក់ ៥ និងសំរឹទ្ធ ៣ ។ រីឯខេត្តក្រចេះ ឈ្នះមេដាយមាស ១ ប្រាក់ ២ និងសំរឹទ្ធ ៧ សរុប ១០គ្រឿង និងក្រសួងការពារជាតិ ឈ្នះមេដាយប្រាក់ ១ និងសំរឹទ្ធ ១ សរុប ២គ្រឿង។

លោកបណ្ឌិតទេសរដ្ឋមន្ត្រីថោង ខុន ប្រធានសហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជាបានលើកទឹកចិត្តនិងជំរុញឲ្យថ្នាក់ដឹកនាំសហព័ន្ធបន្ដការខិតខំប្រឹងប្រែងនិងដកស្រង់បទពិសោធន៍បច្ចេកទេសពីរាល់ការប្រកួតអន្ដរជាតិ និងបង្កើនសមត្ថភាពអាជ្ញាកណ្ដាល-ចៅក្រម និងគ្រូបង្វឹក គ្រូជំនួយដើម្បីយកចំណេះដឹងនិងបទពិសោធន៍ទាំងអស់មកបង្ហាត់បង្រៀននិងពង្រឹងកីឡាករ-កីឡាការិនីឲ្យកាន់តែមានសមត្ថភាពខ្ពស់ ឆ្ពោះទៅប្រជែងមេដាយជូនជាតិបន្ថែមទៀត ពិសេសស៊ីហ្គេម ឆ្នាំ២០២៥ នៅថៃ និងការត្រៀមធ្វើម្ចាស់ផ្ទះកីឡាយុវជនអាស៊ី ឆ្នាំ២០២៩។

លោកបន្តថា ដើម្បីជំរុញការរៀបចំឲ្យប្រភេទកីឡាកាយសម្ព័ន្ធ កាន់តែរីកចម្រើន ទាំងបរិមាណ និងគុណភាពកម្រិតខ្ពស់ ឆ្ពោះទៅសម្រេចគោលដៅការប្រកួតទាំងអស់នេះ លោកទេសរដ្ឋមន្ដ្រី បានផ្ដល់នូវអនុសាសន៍មួយចំនួន ដូចជា៖
ទី១/បណ្ដុះបណ្ដាលកីឡាករកីឡាការិនីថ្នាលតាមកម្រិតអាយុនិងបញ្ជូនទៅហ្វឹកហាត់នៅក្រៅប្រទេស ក្នុងន័យបង្កើនទាំងបរិមាណ និងគុណភាពបច្ចេកទេសកម្រិតខ្ពស់។
ទី២/ពង្រឹងសមត្ថភាពចៅក្រោមមន្ដ្រីបច្ចេកទេសគ្រូបង្វឹកនិងគ្រូជំនួយឲ្យកាន់តែល្អប្រសើរ ទាំងបរិមាណ និងគុណភាព។
ទី៣/ជំរុញឲ្យមានការរៀបចំការប្រកួតឲ្យបានច្រើនការហ្វឹកហាត់ជាប្រចាំនៅតាមបណ្ដាលសមាគម/ក្លិប។
ទី៤/ពង្រឹងរចនាសម្ព័ន្ធគ្រប់គ្រងសហព័ន្ធសមាគម/ក្លិបដែលមានរួចមកហើយឲ្យបានរឹងមាំ និងស្វែងរកដៃគូអភិវឌ្ឍន៍បន្ថែមទៀត។
ទី៥/ជំរុញឲ្យមានការចូលរួមប្រកួតលក្ខណៈអន្ដរជាតិបានច្រើនរៀងរាល់ឆ្នាំ។

បើតាមការឲ្យដឹងពីលោក ណយ ផាណា អគ្គលេខាធិការសហព័ន្ធ បានបញ្ជាក់ថា ជើងឯកថ្នាក់ជាតិឆ្នាំនេះ ប្រតិភូ មន្ដ្រីបច្ចេកទេស មានកីឡាករ-កីឡាការិនីជាង ១០០នាក់ មកពី ៨ក្លិប ស្មើនឹង ៤រាជធានី-ខេត្តចូលរួម ។ យោងតាមការវាយតម្លៃបច្ចេកទេស កីឡាករ-កីឡាការិនីទាំងអស់មានការកើនឡើងផ្នែកបច្ចេកទេសជាងឆ្នាំមុននិងមានកិច្ចសហការពីគ្រប់ភាគីពាក់ព័ន្ធយ៉ាងល្អប្រសើរ ដែលជំរុញឲ្យការប្រកួត ប្រព្រឹត្តទៅដោយរលូន និងជោគជ័យ៕

អត្ថបទដែលជាប់ទាក់ទង