ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោកឧកញ៉ា សៅ សេងហាក់៖ចៅក្រមអាជ្ញាកណ្តាលទាំងអស់ បានខិតខំប្រឹងប្រែងយកអស់ស្មារតី បំពេញភារកិច្ចប្រកបដោយជោគជ័យគួរជាទីមោទនៈ

132

 

ភ្នំពេញ៖នាថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៣ លោកឧកញ៉ា សៅ សេងហាក់ ប្រធានសហព័ន្ធខ្មែរកីឡាហាប់គីដូ និងលោក ដួង មាសចំរើន អគ្គនាយករងនៃអគ្គនាយកដ្ឋានកីឡានៃក្រសួងអប់រំ យុវជន និងកីឡាបាន អញ្ជើញជាកិត្តិយសក្នុងឱកាសពិធីបិទរៀបចំការប្រកួតកីឡាហាប់គីដូជ្រើសរើសជើងឯកថ្នាក់ជាតិឆ្នាំ២០២៣ ដោយការប្រកួតនេះប្រើប្រាស់ថវិការបស់សហព័ន្ធខ្មែរកីឡាហាប់គីដូផ្ទាល់នៅពហុកីឡដ្ឋានជាតិអូឡាំពិក។

លោកឧកញ៉ា សៅ សេងហាក់ បានមានប្រសាសន៍ថា ក្នុងនាមរូបលោកជាប្រធានសហព័ន្ធសូមការប្តេជ្ញាចិត្តបន្តរៀបចំការប្រកួតកីឡាហាប់គីដូជ្រើសរើសជើងឯកថ្នាក់ជាតិជាបន្តបន្ទាប់ជារៀងរាល់ឆ្នាំ បន្ទាប់ពីទទួលបានភាពជោគជ័យ ក្នុងការរៀបចំលើកទី១ ឆ្នាំ២០២៣នេះ។ ការប្រកួតបានបង្ហាញឲ្យឃើញច្បាស់ពីការយកចិត្តទុកដាក់ ជាពិសេសសហព័ន្ធបានការទទួលស្គាល់ពីក្រសួងអប់រំ យុវជន និងកីឡា គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងការខិតខំបំពេញការងាររបស់មន្ត្រីសហព័ន្ធខ្មែរកីឡាហាប់គីដូ ក៏ដូចជាគណៈកម្មការរៀបចំការប្រកួតទាំងមូល រួមទាំងចៅក្រមអាជ្ញាកណ្តាលទាំងអស់បានខិតខំប្រឹងប្រែងយកអស់ស្មារតីបំពេញភារកិច្ចប្រកបដោយជោគជ័យគួរជាទីមោទនៈ។

លោកឧកញ៉ា សៅ សេងហាក់ បានបន្តថា ការប្រកួតជ្រើសរើសជើងឯកថ្នាក់ជាតិលើកទី១ ឆ្នាំ២០២៣នេះមានក្លឹប-សមាគមចំនួន៥បានចូលរួម ដោយសរុបប្រតិភូ គ្រូបង្វឹកកីឡាចំនួន ១០នាក់ គណៈកម្មការរៀបចំការប្រកួតចំនួន ២០នាក់ ក្នុងនោះកីឡាករ-កីឡាការិនីចំនួន ៧២នាក់។ ថ្វីដ្បិតតែការប្រកួតនេះ គឺជាការរៀបចំការប្រកួតជ្រើសរើសជើងឯកថ្នាក់ជាតិ លើកទី១ ឆ្នាំ២០២៣ ក៏ពិតមែន តែជាសញ្ញាមួយបង្ហាញឲ្យឃើញពីការខិតខំប្រឹងប្រែងរបស់គណៈកម្មាធិការប្រតិបត្តិសហព័ន្ធខ្មែរកីឡាហាប់គីដូ ក្នុងគោលបំណងផ្សព្វផ្សាយវិស័យកីឡាហាប់គីដូនៅកម្ពុជាឱ្យមានការអភិវឌ្ឍរីកចម្រើនបន្ថែមទៀត ជាពិសេសក្នុងនាមសហព័ន្ធ ខ្ញុំសូមប្តេជ្ញាថានឹងបន្តរៀបចំការប្រកួតកីឡាហាប់គីដូ ជើងឯកថ្នាក់ជាតិឱ្យបានជារៀងរាល់ឆ្នាំ។

ចាប់ពីពេលនេះតទៅប្រាកដណាស់ ថ្នាក់ដឹកនាំតាមបណ្តាក្លឹបខិតខំប្រឹងប្រែងជំរុញការងារហ្វឹកហាត់ ពង្រឹងជំនាញដល់កីឡាករ កីឡាការិនី និងការងារគ្រប់គ្រង រដ្ឋបាល និងបច្ចេកទេស ទើបកីឡាករ កីឡាការិនីរបស់យើងថ្ងៃនេះមានឱកាស និងសមត្ថភាពបង្ហាញនូវស្នាដៃ ព្រមទាំងទេពកោសល្យ ក្នុងការដណ្ដើមយកជ័យលាភីតាមវិញ្ញាសានីមួយៗ។ ទោះបីមិនមានការប្រកួតច្រើនក៏ដោយ សហព័ន្ធតែងតែជំរុញការហ្វឹកហាត់ឲ្យបានច្រើនជាងមុន តាមរយៈការហ្វឹកហាត់ លោកគ្រូបង្វឹក ណែនាំ និងបង្ហាត់បង្ហាញអំពីសីលធម៌ វិន័យ ដើម្បីតម្រែតម្រង់កីឡាករ កីឡាការនី ឲ្យប្រកាន់ខ្ជាប់នូវសេចក្តីថ្លៃថ្នូរ និងគោរពនូវគោលការណ៍លេងដោយយុត្តិធម៌ផងដែរ។

លោកឧកញ៉ា បានបន្ថែមថា ខ្ញុំសូមផ្តាំផ្ញើដល់ក្មួយៗកីឡាករ កីឡាការនីជ័យលាភី និងអ្នកមិនទាន់ដណ្ដើមបានមេដៃក្តី សូមកុំអាក់អន់ស្រពន់ចិត្តត្រូវដាក់ចិត្តហ្វឹកហាត់ឱ្យបានទៀងទាត់ជាប្រចាំ ដើម្បីអភិវឌ្ឍខ្លួនឱ្យក្លាយជាកីឡាករ កីឡាការិនីមានសមិទ្ធផលខ្ពស់ ទាំងកីឡាករ កីឡាការនី គ្រូបង្វឹក និងក្រុមអាជ្ញាកណ្តាល ដើម្បីមានលទ្ធភាពសមត្ថភាពគ្រប់គ្រាន់ឈានឆ្ពោះទៅចូលរួមប្រកួតប្រជែងក្នុងព្រឹត្តិការណ៍ជាតិ និងអន្តរជាតិនានា នាពេលខាងមុខ។

លោកវរសេនីយ៍ឯក គង់ ចាន់ធីណា អគ្គលេខាធិការ សហព័ន្ធខ្មែរកីឡាហាប់គីដូបានរាយការណ៍ជូនអំពីការប្រកួតនេះថា ដោយទទួលបានគោលការណ៍អនុញ្ញាតពីលោកឧកញ៉ាប្រធានសហព័ន្ធ ជាពិសេសដោយទទួលបានការអនុញ្ញាពីក្រសួងអប់រំ យុវជន និងកីឡា ទើបធ្វើឲ្យសហព័ន្ធខ្មែរកីឡាហាប់គីដូបានរៀបចំការប្រកួតជើងឯកថ្នាក់ជាតិ លើកទី១ មានរយៈពេល២ថ្ងៃ ពីថ្ងៃទី២៣-២៤ ខែធ្នូ ឆ្នាំ២០២៣ បញ្ចប់ទៅប្រកបដោយជោគជ័យ។ ឆ្លងកាត់ការប្រកួតរយៈពេល២ថ្ងៃនេះ លទ្ធផលជាផ្លូវការដោយកីឡាករ កីឡាការនីមកពីក្លឹបទាំង៥ ទទួលបានមេដាយ មាស ប្រាក់ និងសំរឹទ្ធ។
អគ្គលេខាធិការបានបន្ថែមថា ការប្រកួតកីឡាហាប់គីដូ ជើងឯកថ្នាក់ជាតិនេះ គឺជាការផ្តល់ឱកាសឱ្យកីឡាករ កីឡាការិនីម្នាក់ៗបានបញ្ចេញនូវទេពកោសល្យ សមត្ថភាព ក៏ដូចជាវាស់ស្ទង់គុណផលបច្ចេកទេស ដែលបានហ្វឹកហាត់កន្លងមក បានចូលរួមប្រកួតប្រជែងគ្នា ដើម្បីឆ្ពោះទៅការចូលរួមក្នុងព្រឹត្តិការណ៍ជាតិ និងអន្តរជាតិ នាពេលខាងមុខ។ ក្នុងការប្រកួតនេះ យើងបានរៀបចំបញ្ចូលនូវវិញ្ញាសាប្រកួតកម្រិតយុវជន យុវនារីបន្ថែមផងដែរ ដើម្បីឲ្យពួកគាត់បានដកស្រង់បច្ចេកទេសពីការបណ្តុះបណ្តាល និងជំរុញធនធានយុវជនថ្នាលឱ្យបានច្រើន ត្រៀមការប្រមូលផ្តុំហ្វឹកហាត់ឲ្យបានខ្លាំងក្លាបន្ថែមទៀត។

លោកសូមបានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះប្រតិភូដឹកនាំក្រសួងរាជធានី-ខេត្តទាំងអស់ ដែលបានបញ្ជូនប្រតិភូកីឡារបស់ខ្លួនមកចូលរួមក្នុងការប្រកួតប្រកបដោយការគោរពត្រឹមត្រូវតាមបទបញ្ជាបច្ចេកទេស និងឈរលើស្មារតីទទួលខុសត្រូវខ្ពស់ ដោយមិនគិតតែពីការយកឈ្នះ-ចាញ់គ្នា ពោលគឺឈរលើស្មារតីកីឡា ដើម្បីសុខភាព សន្តិភាព មិត្តភាព សាមគ្គីភាព និងបង្កើនគុណផលបច្ចេកទេស ដើម្បីរួមគ្នាលើមាគ៌ានៃការអភិវឌ្ឍវិស័យកីឡាហាប់គីដូឲ្យកាន់តែរឹងមាំផងដែរ៕

អត្ថបទដែលជាប់ទាក់ទង