ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បញ្ចប់ការប្រកួតបាល់ទាត់លើតុ ជើងឯកជាតិឆ្នាំ២០២៣

47

ភ្នំពេញ៖ការប្រកួតបាល់ទាត់លើតុជើងឯកជាតិលើកទី១ឆ្នាំ២០២៣បានបញ្ចប់ហើយនៅល្ងាចថ្ងៃទី២៦ធ្នូដោយមានការចូលរួមពីសំណាក់លោកទេសរដ្ឋមន្ត្រីថោងខុនប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា។

លោកទេសរដ្ឋមន្ត្រីថោងខុនបានកោតសរសើរកីឡាបាល់ទាត់លើតុ(Teqball)ទោះបីទើបកកើតថ្មី តែមានការរីកចម្រើនយ៉ាងឆាប់រហ័ស ជាមួយការបង្កើតឲ្យមានសកម្មភាពជាច្រើន ទាំងថ្នាក់ជាតិ និងអន្ដរជាតិ។

ទោះបីជាសហព័ន្ធកីឡាបាល់ទាត់លើតុកម្ពុជា ទើបតែបង្កើតឡើងថ្មីក៏ដោយ ប៉ុន្តែសហព័ន្ធបានធ្វើសកម្មភាពជាច្រើនជាមួយនឹងរៀបចំការប្រកួតជើងឯកថ្នាក់ជាតិលើកទី១ ប្រចាំឆ្នាំ២០២៣ ដែលមានក្លិបចូលរួមចំនួន ៩ ក្លិប និងមានកីឡាករ ២៥រូប និងកីឡាការិនី ១២រូប សរុប ៣៧រូប ហើយបានបង្ហាញពីការវិវត្តន៍រីកចម្រើនបន្ថែមទៀតសម្រាប់វិស័យកីឡា Teqball នៅកម្ពុជា ។

ចំពោះលទ្ធផលបច្ចេកទេសនៃការប្រកួតកីឡាបាល់ទាត់លើតុជើងឯកថ្នាក់ជាតិលើកទី១ រួមមានវិញ្ញាសាឯកត្តជននារី លេខ១ កីឡាការិនី យ៉ន សោភ័ណ្ណរស្មី (ក្លិបក្រសួងមហាផ្ទៃ), លេខ២, កីឡាការិនី ឌី គឹមយាន (ក្លិបជ័យជម្នះ) និងលេខ៣ កីឡាការិនី ប្លុក ពេជ្រអក្ខរា (ក្លិបអមរៈ) និងវិញ្ញាសាឯកត្ដជនបុរស លេខ១ កីឡាករ រៀម សុខភិរម្យ (ក្លិបជ័យជម្នះ), លេខ២ កីឡាករ ហ៊ូ សំបូរ (ក្លិបវិទ្យាល័យព្រះស៊ីសុវត្ថិ) និងលេខ៣ កីឡាការិនី ឈិន តា (ក្លិបមិត្តភាព) ។
វិញ្ញាសាទាត់គូនារី លេខ១ ក្លិបក្រសួងមហាផ្ទៃ, លេខ២ ក្លិបជ័យជម្នះ, លេខ៣ក្លិបអមរៈ និងវិញ្ញាសាទាត់គូបុរស លេខ១ បានទៅក្លិប We are DN, លេខ២ ក្លិបក្រសួងមហាផ្ទៃ និងលេខ៣ ក្លិបក្ដាន់២ ។ រីឯវិញ្ញាសាទាត់គូចម្រុះ លេខ១ បានទៅក្លិបជ័យជម្នះ, លេខ២ ក្លិបក្រសួងមហាផ្ទៃ និងលេខ៣ បានទៅក្លិបវិទ្យាល័យព្រះស៊ីសុវត្ថិ ។

លោកទេសរដ្ឋមន្ដ្រីបានគូសបញ្ជាក់ថាក្នុងនាមប្រមុខចលនាអូឡាំពិកកម្ពុជាដែលបានចូលរួមមហាសន្និបាតក្រុមប្រឹក្សាអូឡាំពិកអាស៊ី និងកិច្ចប្រជុំកីឡាអន្តរជាតិមួយចំនួនទៀត គេតែងតែបំផុសផ្សព្វផ្សាយនិងជំរុញឲ្យមានការទទួលយកនិងអភិវឌ្ឍន៍ប្រភេទកីឡាបាល់ទាត់លើតុ នៅលើពិភពលោក។

Teqballជាប្រភេទកីឡាបង្កើតឡើងថ្មីប៉ុន្តែមានការរីកចម្រើនលឿនដែលបច្ចុប្បន្នមានសមាជិកជាង១០០ប្រទេសក្នុងនោះក៏មានកម្ពុជាដែរដែលមានការទទួលស្គាល់ដោយគណៈកម្មាធិការអូឡាំពិកអន្តរជាតិនិងក្រុមប្រឹក្សាអូឡាំពិកអាស៊ីបើទោះបីមិនទាន់បានបញ្ចូលក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិកក៏ដោយ ៕

អត្ថបទដែលជាប់ទាក់ទង