ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោក ចាយ ស៊ីជឿន ៖វគ្គបណ្តុះបណ្តាល មានសារសំខាន់ខ្លាំងណាស់ សម្រាប់ថ្នាក់ដឹកនាំកីឡាទូក តាមរាជធានីខេត្ត

59

ខេត្តបាត់ដំបង៖សហព័ន្ធកីឡាទូកកានូ និងរ៉ូអ៊ីងកម្ពុជាបានបើកវគ្គបណ្តុះបណ្តាលគ្រូបង្វឹកកីឡាទូកប្រពៃណីខ្នាតអន្តរជាតិ “ទូកនាគ” ថ្នាក់ជាតិ ដើម្បីទទួលបានចំណេះឲ្យកាន់តែច្បាស់យកទៅដឹកនាំនិងបង្ហាត់បង្ហាញចែករម្លែកបន្តជូនដល់កីឡាករ-កីឡាការិនីក្នុងខេត្ត។

វគ្គបណ្តុះបណ្តាលនេះបានរៀបចំឡើងនៅខេត្តបាត់ដំបងដំណើរមានរយៈ ៦ថ្ងៃ ចាប់ពីថ្ងៃទី២៤ ដល់ ២៩ ខែ ធ្នូ ឆ្នាំ២០២៣ ដែលមាន សិក្ខាកាមចំនួន ៥៥នាក់ ទទួលការឧបត្ថម្ភគាំទ្រថវិកាពីក្រសួងអប់រំយុវជន និងកីឡា ក្រោមការបង្ហាត់បង្រៀនពីគ្រូឧទ្ទេសជំនាញ ថ្នាក់ជាតិ និងថ្នាក់អន្តរជាតិមានដូចជា៖ លោក ស្រ៊ុនលាង លោក ណាញ ណាញ ធូ គ្រូឧទ្ទេសទូកប្រពៃណីខ្នាតអន្តរជាតិទូកនាគ មកពីប្រទេសមីយ៉ាន់ម៉ា និង លោកស្រី Mabel គ្រូឧទ្ទេសមកពីប្រទេសមីយ៉ាន់ម៉ា។

កញ្ញា មាសតឿ អ្នកនាំពាក្យសហព័ន្ធកីឡាទូកកានូ និងរ៉ូអ៊ីងកម្ពុជា បានបញ្ជាក់ឲ្យដឹងថា វគ្គបណ្តុះបណ្តាលនេះ សហព័ន្ធរៀបចំឡើង ក្នុងទិសដៅពង្រីកធនធានចំណេះលើកីឡាទូកប្រពៃណីខ្នាតអន្តរជាតិឲ្យដល់បណ្តាខេត្តដែលជាសមាសជិក ដើម្បីឲ្យពួកគាត់ដែលជាសិក្ខាកាមទទួលបានការបណ្តុះបណ្តាលនាពេលនេះ នាំយកទៅបង្ហាត់បង្រៀនចែករម្លែកដល់កីឡាករកីឡាការិនីពង្រីកនូវធនធានចំណេះដឹងជួយជំរុញឲ្យប្រភេទកីឡាមួយនេះកាន់តែមានសក្កានុពល។

អ្នកនាំពាក្យសហព័ន្ធខាងលើ បានគូសបញ្ជាក់ទៀតថា សិក្ខាកាមទាំងអស់ដែលទទួលបានការបណ្តុះបណ្តាលរយៈ៦ថ្ងៃនេះ សហព័ន្ធនឹងផ្តល់ឱកាសឲ្យពួកគាត់បានចូលរួមអនុវត្តដោយផ្ទាល់ ក្នុងការប្រកួតកីឡាទូកជ្រើសរើសជើងឯកថ្នាក់ជាតិ និងពានរង្វាន់សម្តេចក្រឡាហោម ស ខេង លើកទី១០ ដែលប្រកួតចាប់ពីថ្ងៃ ទី ២៩ ដល់ ថ្ងៃទី៣១ ខែ ធ្នូ ឆ្នាំ២០២០ នៅដងស្ទឹងសង្កែ ក្រុង បាត់ដំបង ខេត្ត បាត់ដំបង។

លោក ចាយ ស៊ីជឿន តំណាងលោកនាយឧត្តមនាវី ទៀ វិញ អគ្គមេបញ្ជាការរង នៃកងយោពលខេរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក និងជាអគ្គលេខាធិការ នៃគណៈកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រ និងជាអនុប្រធានសហព័ន្ធកីឡាទូកកានូ និងរ៉ូអ៊ីងកម្ពុជា បានមានប្រសាសន៍ថា វគ្គបណ្តុះបណ្តាលគ្រូបង្វឹកកីឡាទូកប្រពៃណីខ្នាតអន្តរជាតិ .ទូកនាគ.ថ្នាក់ជាតិ ដែលផ្តល់ជូន ដោយសហព័ន្ធនាពេលនេះ ពិតជាមានសារសំខាន់ខ្លាំងណាស់សម្រាប់ថ្នាក់ដឹកនាំកីឡាទូកតាមរាជធានីខេត្ត ព្រោះចំណេះដឹងនេះ វាជាធាតុចូមួយមិនអាចខ្វះបាន ចាំបាច់ត្រូវនាំយកទៅចែករំលែកដល់កីឡាករកីឡាការិនីនៅក្នុងក្លិបបានយល់ដឹង ដើម្បីអនុវត្តហ្វឹកហាត់បង្កើនសមត្ថភាពក្លាយជាកីឡាករកីឡាការិនីសក្កានុពលសម្រាប់កីឡាទូករបស់កម្ពុជា។

លោក បានជំរុញលើកទឹកឲ្យសិក្ខាកាមទាំងអស់ខិតខំក្រេបជញ្ជាក់យកនូវចំណេះដឹងដែលផ្តល់ជូន ដោយគ្រូឧទ្ទេសថ្នាក់ជាតិនិងអន្តរជាតិ ធ្វើយ៉ាងនាំយកចំណេះទទួលបានពីវគ្គនេះយកទៅអនុវត្តប្រើប្រាស់ និងចែករំលែកបន្តដោយមានប្រសិទ្ធិភាព ដើម្បីបង្កើតធនធានបន្តវេនសម្រាប់កីឡាទូកប្រពៃណីខ្នាតអន្តរជាតិ ទូកនាគ ឲ្យមានកាន់តែច្រើននៅតាមបណ្តារាជ ធានីខេត្ត៕

អត្ថបទដែលជាប់ទាក់ទង