ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អ្នករត់មកពី ៤៣ប្រទេសចូលរួមរត់ប្រណាំងចម្ងាយឆ្ងាយ Ultra-Trail Angkor លើកទី៧នៅខេត្តសៀមរាប

45

ភ្នំពេញ ៖គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) សហការជាមួយក្រុមហ៊ុន Phoenix Voyages រៀបចំព្រឹត្តិការណ៍រត់ប្រណាំងចម្ងាយឆ្ងាយ Ultra-Trail Angkor លើកទី៧ ដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៤ នៅចំកណ្តាលប្រាសាទអង្គរក្រោមកិច្ចសហការជាមួយរដ្ឋបាល ខេត្តសៀមរាប និងអាជ្ញាធរជាតិអប្សរា ។

នាថ្ងៃទី៨ ខែមករា ឆ្នាំ២០២៤ លោកទេសរដ្ឋមន្តី្រ ថោង ខុន ប្រធាន គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) លោក វ៉ាត់ ចំរើន រដ្ឋលេខាធិការនៃក្រសួងអប់រំ យុវជន និងកីឡា និងលោក Edouard George ប្រធានគណៈកម្មការរៀបចំរត់ប្រណាំង ចម្ងាយឆ្ងាយ Ultra-Trail Angkor អន្តរជាតិបានអញ្ជើញចូលរួមសន្តិសីទសារព័ត៌មាន ស្តីពីទិវារត់ប្រណាំងចម្ងាយឆ្ងាយអន្តរជាតិអង្គរ លើកទី៧ ឆ្នាំ២០២៤ “7th Ultra-Trail Angkor 2024” ថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៤ – សៀមរាប-អង្គរ ។

លោកទេសរដ្ឋមន្តី្រ ថោង ខុន បានមានប្រសាសន៍ថា ព្រឹត្តិការណ៍ រត់ប្រណាំងចម្ងាយឆ្ងាយ Ultra-Trail Angkor លើកទី៧ ដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៤ នៅចំកណ្តាលប្រាសាទអង្គរ ក្រោមកិច្ចសហការជាមួយរដ្ឋបាលខេត្តសៀមរាប និងអាជ្ញាធរជាតិអប្សរា។ គិតនាពេលនេះមានអ្នកចូលរួមរត់សរុប ១០៧៦០ នាក់ ចំណែកកម្ពុជា ៣៤១នាក់ មកពី៤៣ប្រទេស ក្នុងនោះប្រទេសចំនួន ៥ ស្ថិតនៅកំពូលតារាងមានរត់ច្រើនជាងគេ គឺប្រទេសកម្ពុជា ប្រទេសបារាំង ប្រទេសកូរ៉េខាងត្បូង ប្រទេស វៀតណាម និងប្រទេសអាមេរិក។

លោក Edouard George បាននិយាយថា គណៈកម្មការរៀបចំរត់ប្រណាំងចម្ងាយឆ្ងាយនៅតែបន្តទទួលការចុះឈ្មោះ Ultra-Trail Angkor លើកទី៧ ឆ្នាំ២០២៤ រហូតដល់ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤ ហើយលោកមានរំពឹងថា នឹងមានអ្នកចូលរួមសរុបប្រមាណ ១៥០០នាក់-២០០០នាក់ ។ គោលបំណងនៃការរៀបចំព្រឹត្តិការណ៍ Ultra-Trail Angkor ធ្វើឡើងក្នុងគោលបំណងជំរុញ និងបង្កើនការអភិវឌ្ឍ សេដ្ឋកិច្ចក្រៅប្រព័ន្ធ ផ្សព្វផ្សាយ និងលើកកម្ពស់បរិស្ថានតំបន់បេតិកភណ្ឌ ជំរុញការផ្សព្វផ្សាយ និងទាក់ទាញភ្ញៀវទេសចរ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាជាតិ ។

ព្រឹត្តិការណ៍រត់ប្រណាំងចម្ងាយឆ្ងាយ Ultra-Trail Angkor លើកទី៧មានវិញ្ញាសារត់ប្រណាំងចំនួន ៨ រួមមាន ១០០ គីឡូម៉ែត្រ ៦៤ គីឡូម៉ែត្រ ៤២ គីឡូម៉ែត្រ ៣២ គីឡូម៉ែត្រ ១៨ គីឡូម៉ែត្រមាន ៣ ប្រភេទ និង ៨ គីឡូម៉ែត្រ ៕

អត្ថបទដែលជាប់ទាក់ទង