ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្រុមមហាមិត្តវ័យចាស់គ្រងតំណែងជើងឯក ការប្រកួតកីឡាពានរង្វាន់ ៧ មករា ខេត្តកណ្តាល

43

ខេត្តកណ្តាល៖ក្រុមបាល់ទាត់វ័យចាស់ មហាមិត្តក្រុងតាខ្មៅគ្រងតំណែងជើងឯកព្រឹតិ្តការណ៍ការប្រកួតកីឡាតង់ និងកីឡាបាល់ទាត់ ខេត្តកណ្តាល អបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៤ ទិវាជ័យជម្នះ ៧ មករា ១៩៧៩- ៧ មករា ឆ្នាំ២០២៤ លើវិញ្ញាសាប៉េតង់ដែលប្រព្រឹត្តនៅមន្ទីរអប់រំ យុវជន និងកីឡា ខេត្តកណ្ដាល កម្មវិធីរៀបចំដោយមន្ទីរអប់រំ យុវជន និងកីឡា ខេត្តកណ្ដាល ។

ក្នុងឱកាសប្រគល់ពានរង្វាន់ជូនក្រុមបាល់ទាត់កាលពីល្ងាចថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៤ នៅកីឡដ្ឋានខេត្តកណ្តាលដោយមានការអញ្ជើញជាកិត្តិយសពីសំណាក់លោក ចេង សំអ៊ុល ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តកណ្តាល ព្រមទាំងប្រធានការិយាល័យទំាងអស់របស់មន្ទីរអប់រំ យុវជន និងកីឡាខេត្ត។
លោក ចេង សំអ៊ុល បានមានប្រសាសន៍ថា ព្រឹត្តិការណ៍កីឡានេះ គឺជាការរម្លឹក និងជាឱកាសដ៏វិសេសវិសាលជាប្រវត្តិសាស្ត្រនៃជីវិតរបស់ប្រជាជនកម្ពុជាយើងទាំងអស់គ្នា ព្រោះថ្ងៃ ៧ មករា ជាថ្ងៃ កំណើតទី២របស់ប្រជាជនកម្ពុជា ជាថ្ងៃដែលប្រជាជនកម្ពុជាគ្រប់រូបមិនអាចបំភ្លេចបានអស់មួយជីវិត។ យើងក៏ចង់ឲ្យយុវជនចងចាំពីប្រវត្តិសាស្ត្រដ៏ជូរចត់ទាំងនោះ និងចេះអបអរពីអ្វីដែលខ្លួនមាននៅពេលនេះ នោះគឺសុខសន្តិភាព ស្វែងរកបានដោយការលំបាកបំផុត។ ការរៀបចំកម្មវិធីនេះឡើង ក៏ជាការរម្លឹកដល់ខួប ៤៥ឆ្នាំ នៃភាពជោគជ័យក្នុងការរំដោះប្រទេសកម្ពុជាចេញពីរបបប្រល័យ ពូជសាសន៍ ៧ មករា ១៩៧៩ និងផ្សព្វផ្សាយបន្តដើម្បីឲ្យថ្ងៃ៧មករាស្ថិតនៅជាអមតៈក្នុងក្រអៅបេះដូងប្រជាជនកម្ពុជាគ្រប់ៗជំនាន់។

លោកប្រធានមន្ទីរបន្ថែមថា ដំណើរការអភិវឌ្ឍនេះ ក្នុងនោះវិស័យកីឡាកម្ពុជាបានទទួលកិត្តិយសជាបន្តបន្ទាប់ក្នុងការប្រកួតថ្នាក់តំបន់ និងអន្ដរជាតិ។ បច្ចុប្បន្ន ប្រជាជនទាំងចាស់ ទាំងក្មេងកំពុងចាប់អារម្មណ៍លើសកម្មភាពហាត់ប្រាណ និងលេងកីឡា ដើម្បីសុខភាពផ្ទាល់ ឯយុវជនវិញបានចូលរួមយ៉ាងសកម្មក្នុងសកម្មភាពកីឡាយ៉ាងផុសផុល។

លោក ចេង សំអ៊ុល សង្កត់ធ្ងន់ថា សម្រាប់វិស័យកីឡាខេត្តកណ្តាលត្រូវបានយកចិត្តទុកដាក់ជំរុញឲ្យមានការប្រកួតពីសំណាក់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ សម្រាប់ថ្នាក់ខេត្ត យើងបានរៀបចំការប្រកួតកីឡាមហាជន កីឡាសិស្សបឋមសិក្សា មធ្យមសិក្សា បាល់ទាត់យុវជន បាល់ទាត់នារី ជ្រើសរើសជើងឯកខេត្ត ជារៀងរាល់ឆ្នាំ នេះបង្ហាញឲ្យឃើញនូវការគាំទ្រវិស័យកីឡា ពីសំណាក់ប្រជាពលរដ្ឋក្នុងខេត្ត ពិសេសក្រុមយុវជន។ ដើម្បីចូលរួមអបអរសាទរទិវាជ័យជម្នះ ៧មករា មន្ទីរអប់រំ យុវជន និង កីឡាខេត្តបានរៀបចំការប្រកួតកីឡាប៉េតង់ និងបាល់ទាត់ ដែលមានរយៈពេល៤ថ្ងៃ។
នៅទីបំផុត ក្រុមវ័យចាស់ មហាមិត្តក្រុងតាខ្មៅបានឈ្នះជើងឯកពានរង្វាន់អបអរសាទរខួបអនុស្សាវរីយ៍ លើកទី៤៥ នៃទិវាជ័យជម្នះ៧ មករា ក្រោយយកឈ្នះគូប្រកួត ខណៈលេខ២ បានទៅក្រុមជ្រោយមេត្រី ស្រុកមុខកំពូល និងលេខ៣ ក្រុមក្រុងតាខ្មៅ៕

អត្ថបទដែលជាប់ទាក់ទង