ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សហព័ន្ធកីឡាអុកចត្រង្គកម្ពុជា ចាប់ផ្តើមស្វែងរកជើងឯកថ្នាក់ជាតិ ថ្ងៃដំបូង

54

ភ្នំពេញ ៖ សហព័ន្ធកីឡាអុកចត្រង្គកម្ពុជាបានចាប់ផ្តើមដំណើរការប្រកួតជ្រើសរើសជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ២០២៣ ដោយបានដំណើរការប្រកួតជម្រុះ ថ្ងៃដំបូង នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៣ នៅសាលនៃសាកលវិទ្យាល័យ ភូមិន្ទភ្នំពេញ ដើម្បីស្វែងរកម្ចាស់ដំណែងជើងឯកប្រចាំឆ្នាំនូវប្រភេទកីឡាប្រពៃណីជាតិខ្មែរ ដែលជាមរតកដូនតា។
ការប្រកួតជម្រុះ នៅថ្ងៃដំបូងនេះទទួលបានការអញ្ជើញផ្តល់កិត្តិយសលើកទឹកចិត្តពីឯកឧត្តម គុជ គីមឡុង ប្រធានសហព័ន្ធកីឡា អុកចត្រង្គកម្ពុជា។ ការប្រកួតកីឡាអុកចត្រង្គជ្រើសរើសជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ២០២៣ត្រូវដំណើរការរយៈពេល៣ថ្ងៃពីថ្ងៃទី១៥ ដល់ថ្ងៃទី ១៧ ខែមករា ឆ្នាំ២០២៤ ដោយប្រើប្រាស់កញ្ចប់ថវិកាគាំទ្រប្រចាំឆ្នាំរបស់ក្រសួងអប់រំ យុវជន និងកីឡា សម្រាប់ពន្លឿន ការអភិវឌ្ឍវិស័យកីឡាជាតិ។ ការប្រកួតនេះមានកីឡាករ កីឡាការិនីចូលរួមសរុប ចំនួន៨០នាក់ ដោយត្រូវប្រកួតជម្រុះចំនួន៣ជុំ ក្នុងនោះជុំទី១ប្រើប្រាស់រូបមន្តជម្រុះ ឬទម្លាក់កីឡាករ៤០នាក់ ហើយយកកីឡាករ៤០នាក់ដែលឈ្នះៗ បន្តការប្រកួតសម្រាប់ វគ្គជម្រុះជុំទី២។ សម្រាប់ជុំទី៣ គឺកីឡាករ៤០នាក់ត្រូវបន្តជម្រុះយកកីឡាករ ២០នាក់ ហើយជម្រុះយកតែកីឡាករ១០ នាក់ ទើបបែងចែកចេញជា ២ ពូល រហូតដល់រកឃើញម្ចាស់ជើងឯកតែម្តង។
បើតាមការបញ្ជាក់ពី លោក គុជ គីមឡុង បានឱ្យដឹងថា ការប្រកួតកីឡាអុកចត្រង្គជ្រើសរើសជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ២០២៣ នាពេលនេះ ពិតជាមានសារៈសំខាន់ក្នុងការពង្រឹង និងលើកស្ទួយវិស័យកីឡាអុកចត្រង្គ ដែលជាកេរដំណែលដូនតាខ្មែរ ដែលបាន បន្សល់ទុកឱ្យ ដើម្បីបន្តការអភិរក្ស និងអភិវឌ្ឍវិស័យកីឡាអុកចត្រង្គ នៅព្រះរាជាណាចក្រកម្ពុជាឱ្យទទួលបាននូវលទ្ធផលល្អ ក្នុងការប្រកួតថ្នាក់ជាតិ ក៏ដូចជាលើឆាកអន្តរជាតិនានា នាពេលខាងមុខ។
លោក គុជ គីមឡុង បានសង្កត់ថា គោលបំណងសំខាន់នៃការរៀបចំាការប្រកួតនេះ គឺដើម្បីរួមចំណែកក្នុងការអភិរក្ស និងអភិវឌ្ឍកីឡាអុកចត្រង្គ ដែលជាកេរមរតកពីដូនតាខ្មែរយើង ដើម្បីឱ្យកូនចៅជំនាន់ក្រោយបានយល់ដឹង ថែរក្សាទុក និងដើម្បី ផ្សព្វផ្សាទៅកាន់បណ្តាលប្រទេស ក្នុងតំបន់ និងជុំវិញពិភពលោក។
លោក គុជ គីមឡុង ក៏បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតជូនចំពោះសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី កម្ពុជា ដែលតែងតែផ្តល់ការគាំទ្រដល់វិស័យកីឡាទាំងអស់ រួមទាំងវិស័យកីឡាអុកចត្រង្គផងដែរ។ ជាមួយគ្នានេះ សម្តេចមហាបវរ ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ក្នុងអាណត្តិទី៧នៃរដ្ឋសភា ក៏បន្តការគាំទ្រចំពោះវិស័យកីឡាទាំងអស់ រួមទាំងវិស័យកីឡា អុកចត្រង្គ ដោយក្រោមម្លប់សន្តិភាព និងក្រោមពាក្យស្លោក «កីឡារស់ក្នុងសន្តិភាព-Sports Live in Peace» បានជំរុញឱ្យវិស័យ កីឡាទាំងអស់មានការអភិវឌ្ឍជាបន្តបន្ទាប់៕. សំរិត

អត្ថបទដែលជាប់ទាក់ទង