ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឯកឧត្តមបណ្ឌិត ថោង ខុន ៖ វគ្គជួយឲ្យរៀបចំព្រឹត្តិការណ៍កីឡាមានបទដ្ឋានត្រឹមត្រូវចំពោះមន្ត្រីកីឡា និងអ្នកជំនាញកីឡាច្បាស់លាស់

45

ភ្នំពេញ៖នាល្ងាចថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត ថោង ខុន ទេសរដ្ឋមន្ត្រីទទួលបន្ទុកជំរុញចលនាកីឡា និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) បានមានប្រសាសន៍ថា ដើម្បីរៀបចំព្រឹត្តិការណ៍កីឡាមួយឲ្យមានបទដ្ឋានត្រឹមត្រូវ គឺសំខាន់ត្រូវមានមន្ត្រីកីឡា អ្នកជំនាញកីឡាច្បាស់លាស់ ដោយត្រូវមានអ្នកចេះដឹងខាងផ្នែកកីឡា ទើបប្រទេសជាតិមួយមានការអភិវឌ្ឍកីឡា និងស្របតាមស្តង់ដារបស់គណៈកម្មាធិការអូឡាំពិកអន្តរជាតិ។

ឯកឧត្តមបណ្ឌិត ថោង ខុន បានលើកឡើងថា ខ្ញុំមានការគិតគូច្រើនណាស់អំពីបញ្ហាកីឡានេះ ដោយប្រជាជនយើង សាធារណមតិយល់ថា កីឡាគ្រាន់តែចេះលេង គឺចប់ហើយ ប៉ុន្តែតាមពិតមិនមែនអ៊ីចឹងទេ ដោយវិស័យកីឡាមានភាពស្មុគស្មាញច្រើនណាស់។ ដើម្បីរៀបចំព្រឹត្តិការណ៍កីឡាមួយឱ្យមានបទដ្ឋានត្រឹមត្រូវ គឺសំខាន់ត្រូវមានមន្ត្រីកីឡា អ្នកជំនាញកីឡាច្បាស់លាស់។
ត្រូវមានអ្នកចេះដឹងខាងផ្នែកកីឡា ទើបប្រទេសជាតិមួយមានការអភិវឌ្ឍកីឡា និងស្របតាមស្តង់ដារបស់គណៈកម្មាធិការអូឡាំពិកអន្តរជាតិ។ ដូច្នេះការអភិវឌ្ឍវិស័យកីឡាត្រូវការចាំបាច់នូវការបណ្តុះបណ្តាលមន្ត្រី ដោយមិនសំខាន់តែទៅលើការបណ្តុះបណ្តាលកីឡាករ កីឡាការិនីប៉ុណ្ណោះទេ។

ឯកឧត្តមបណ្ឌិត ថោង ខុន ក៏បានផ្តល់ការណែនាំឲ្យសិក្ខាកាមទាំងអស់ក្រោយបញ្ចប់វគ្គសិក្សានេះទៅត្រូវយកចំណេះដឹងទាំងនេះទៅអនុវត្តផ្ទាល់ ដើម្បីបង្កើនចំណេះដឹង ក្នុងការអភិវឌ្ឍសមត្ថភាពឲ្យកាន់តែល្អប្រសើរបន្ថែមទៀត ជាពិសេសក្នុងដំណើរឆ្ពោះទៅទទួលរៀបចំធ្វើម្ចាស់ផ្ទះ ការប្រកួតកីឡាយុវជនអាស៊ី (ASIAN Youth Games) លើកទី៥ ឆ្នាំ២០២៩ ហើយនៅឆ្នាំនោះយើងនឹងមានមន្ត្រីកីឡាច្រើនដែរ ប៉ុន្តែនៅតែមិនទាន់គ្រប់គ្រាន់នៅឡើយទេ ដោយត្រូវបានការវគ្គបណ្តុះបណ្តាលជាច្រើនទៀត។

វគ្គសិក្សាសាមគ្គីអូឡាំពិក ស្តីពីរដ្ឋបាលកីឡា (Olympic Solidarity Sports Administrators Courses) ត្រូវបានរៀបចំឡើងដោយ NOCC ពីថ្ងៃទីថ្ងៃទី១២-១៥ ខែកុម្ភៈ ឆ្នាំ២០២៤ ដោយយោងតាមផែនការកម្មវិធីបណ្តុះបណ្តាលប្រចាំឆ្នាំ NOCC។ ជារៀងរាល់ឆ្នាំ NOCC តែងរៀបចំវគ្គរដ្ឋបាលកីឡានេះចំនួន ៣ ទៅ៤វគ្គ ក្រោមជំនួយឧបត្ថម្ភរបស់អង្គការសាមគ្គីអូឡាំពិក (OS) សម្រាប់បណ្តុះបណ្តាលមន្រ្តីកីឡារបស់ NOCC និងសហព័ន្ធកីឡាជាតិជាសមាជិក ក៏ដូចជាមន្ត្រីនៅតាមមន្ទីរអប់រំ យុវជន និងកីឡារាជធានី-ខេត្ត ផងដែរ។

វគ្គសិក្សានេះ មានគ្រូឧទ្ទេស៤រូប រួមមានឯកឧត្តម វ៉ាត់ ចំរើន ឧទ្ទេសនាមស្តីពីប្រវត្តិចលនាអូឡាំពិក និងរចនាសម្ព័ន្ធកីឡា អង្គការសាមគ្គីអូឡាំពិក ភាពជាអ្នកដឹកនាំ លេងដោយយុត្តិធម៌ ផែនការកម្មវិធីហ្វឹកហាត់កីឡា ផែនការធ្វើដំណើររបស់ប្រតិភូកីឡា លោក សុក សារឿន ឧទ្ទេសនាមស្តីពីវេជ្ជសាស្ត្រកីឡា ភោជនាអាហារ និងភេសជ្ជៈសម្រាប់កីឡាករ កីឡាការិនី ការការពាររបួសក្នុងកីឡា និងការសង្គ្រោះបឋម។ លោក បឹង គឹមតោ ប្រធាននាយកដ្ឋានអប់រំកាយនិងកីឡាសិស្ស-និស្សិត ឧទ្ទេសនាមស្តីពី អភិបាលកិច្ចក្លិប ឬសមាគមកីឡា រដ្ឋាភិបាល និងកីឡា ការធ្វើការជាមួយអ្នកស្ម័គ្រ ការទំនាក់ទំនង ស្ត្រីនិងកីឡា។ លោក ឯម ហៀង ទីប្រឹក្សាផ្ទាល់លោកអគ្គលេខាធិការ NOCC និងជាប្រធានគ្រប់គ្រងវគ្គ ឧទ្ទេសនាមស្តីពីការរៀបចំព្រឹត្តិការណ៍កីឡាមួយ និងការរៀបចំរូបមន្តនៃការប្រកួតកីឡា៕

អត្ថបទដែលជាប់ទាក់ទង