ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្រុមបាល់ទះបញ្ជាការដ្ឋានអង្គរក្ស គ្រងជើងឯកពាន«តេជោលីគ»

44

ភ្នំពេញ៖ការប្រកួតបាល់ទះដណ្ដើមពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែនឆ្នាំ២០២៣/២៤ «ពានតេជោលីគ»បានបញ្ចប់ហើយនៅយប់ថ្ងៃទី១៨កុម្ភៈ។
ជើងឯកហើយបានទៅក្រុមបាល់ទះបញ្ជាការដ្ឋានអង្គរក្សបន្ទាប់ពីយកឈ្នះក្រុមខ្លាំងវិសាខា ដោយលទ្ធផល ៣សិតទល់១ ក្នុងជំនួបវគ្គផ្ដាច់ព្រ័ត្រ។

ការប្រកួតដែលធ្វើឡើង នៅវិមានពហុកីឡដ្ឋានជាតិអូឡាំពិក ក្រុមបញ្ជាការដ្ឋានអង្គរ បានធ្វើឲ្យអ្នកគាំទ្រមានការភ្ញាក់ផ្អើលជាខ្លាំងដ្បិតជួបគ្នា២លើកកន្លងមកមុននឹងឡើងមកជួបគ្នានៅវគ្គផ្ដាច់ព្រ័ត្រនេះ ក្រុមបញ្ជាការដ្ឋានអង្គរក្សសុទ្ធតែចាញ់វិសាខា ពោលគឺជួបគ្នាក្នុងជុំទី១ ចាញ់វិសាខា ០ទល់៣សិត និងជុំទី២ ចាញ់វិសាខា ២សិតទល់៣សិត។

ក្នុងជំនួបលើកទី៣ដែលជាការប្រកួតកាត់សេចក្ដីរកក្រុមជើងឯកក្រុមបញ្ជាការដ្ឋានអង្គរក្ស ធ្វើបានយ៉ាងល្អ យកឈ្នះក្រុមវិសាខា ២សិតមុន ក្នុងពិន្ទុ ២៥ទល់១៩ និង ២ទល់២០។ វិសាខាបានយកឈ្នះវិញនៅក្នុងសិតទី៣ជាមួយពិន្ទុ២៥ទល់២១។ប៉ុន្ដែក្រុមបញ្ជាការដ្ឋានអង្គ
រក្ស គឺបានបញ្ចប់កំណត់ត្រាមិនស្គាល់ចាញ់វិសាខា ត្រឹមសិតទី៤ ជាមួយជ័យជម្នះ ២៥ទល់១៩ពិន្ទុ ដើម្បីធានាជ័យជម្នះជាផ្លូវការ និងគ្រងជើងឯក «តេជោលីគ» ឆ្នាំ២០២៣/២៤ នេះតែម្ដង ។
ព្រឹត្តិការណ៍បាល់ទះពានរង្វាន់«តេជោលីគ»ដែលជាការប្រកួតលីគអាជីពលើកដំបូងនេះ បានបើកការប្រកួតផ្លូវការ កាលពីថ្ងៃទី១២ ខែមករា ឆ្នាំ២០២៤ ដោយមានបេក្ខភាព ៨ក្រុមចូលរួមរួមមានក្រុមបាល់ទះបញ្ជាការដ្ឋានអង្គរក្ស,វិសាខា,ក្រសួងមហាផ្ទៃ,ស្នងការរាជធានីភ្នំពេញ, កងពលធំអន្ដរាគមន៍លេខ៣, ខេត្តព្រះសីហនុ, ស្នងការនគរបាលខេត្តពោធិ៍សាត់ និងស្នងការនគរបាលខេត្តកណ្ដាល ។

បន្ទាប់ពីឆ្លងកាត់ការប្រកួតជម្រុះ ២ជុំ ក្រុមឈរលេខ១ដល់លេខ៤ត្រូវធ្វើការប្រកួតខ្វែង ហើយក្រុមឈ្នះត្រូវជួបក្រុមឈ្នះដើម្បីដណ្ដើមជើងឯកឯក្រុមចាញ់ក៏ត្រូវជួបគ្នាដណ្ដើមលេខ៣ ។ ជាលទ្ធផល គឺក្រុមបញ្ជាការដ្ឋានអង្គរ បានគ្រងជើងឯក អមប្រាក់រង្វាន់ ៦០លានរៀល គ្រាដែលក្រុមវិសាខាបានត្រឹមជើងឯករងស្របពេលក្រុមស្នងការរាជធានីភ្នំពេញទទួលបានលេខ៣ ក្រោយយកឈ្នះក្រសួងមហាផ្ទៃ ៣សិត២ សិត ។ សម្រាប់ក្រុមលេខ២, លេខ៣ និងលេខ៤ ក៏ទទួលបានប្រាក់រង្វាន់ ១០លានរៀលស្មើគ្នា៕

អត្ថបទដែលជាប់ទាក់ទង