ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោកស្រី ហ៊ុន កុសនី៖ ការប្រកួតកីឡានេះធ្វើឡើង ដើម្បីវាស់ស្ទង់កម្រិតបច្ចេកទេសក្នុងបំណងជ្រើសរើសយកកីឡាករ-កីឡាការិនីឆ្នើមរបស់ខេត្ត

41

ខេត្តកណ្តាល៖លោកស្រី ហ៊ុន កុសនី អភិបាលរង ខេត្តកណ្ដាល បានមានប្រសាសន៍ថា ការប្រកួតកីឡានាពេលនេះសម្រាប់វាស់ស្ទង់កម្រិតបច្ចេកទេសក្នុងបំណងជ្រើសរើសយកកីឡាករ-កីឡាការិនី ឆ្នើម និងមានទេពកោសល្យល្អមកប្រមូលផ្តុំ ហ្វឹកហាត់ ដើម្បីត្រៀមចូលរួមប្រកួតកីឡាសិស្សបឋមសិក្សា ជ្រើសរើសជើងឯកថ្នាក់ជាតិឲ្យទទួលបានលទ្ធផលល្អប្រសើរនាពេលខាងមុខ។

លោកស្រី ហ៊ុន កុសនី អភិបាលរងបានលើឡើងក្នុងឱកាសពិធីបិទការប្រកួតកីឡាសិស្សបឋមសិក្សា ជ្រើសរើសជើងឯកថ្នាក់ខេត្ត ប្រចាំឆ្នាំសិក្សា២០២៣-២០២៤ នារសៀលថ្ងៃទី៤ ខែមិនា ឆ្នាំ២០២៤ នៅបរិវេនកីឡដ្ឋាន ក្រុងតាខ្មៅ។

លោកស្រីអភិបាលរងខេត្ត បានលើកទឹកចិត្តដល់ក្រុមដែលមិនបានទទួលជ័យជម្នះក្នុងឱកាសនេះ ពេលត្រឡប់ទៅវិញ ត្រូវខិតខំហ្វឹកហាត់បន្ត ដើម្បីប្រកួតដណ្តើមយកជ័យជម្នះនៅឆ្នាំក្រោយៗទៀត។ ក្រុមទទួលបានជ័យជម្នះនាពេលនេះ ត្រូវស្គាល់ពីភារកិច្ចរបស់ខ្លួនគឺត្រូវធ្វើជាតំណាងឲ្យសិស្សបឋមសិក្សាទូទាំងខេត្តកណ្តាល ដូច្នេះត្រូវខិតខំបន្តការហ្វឹកហាត់ឲ្យកាន់តែខ្លាំងក្លាថែមទៀត ត្រូវមានវិន័យ គោរពតាមលក្ខខណ្ឌក្នុងការប្រកួត ត្រូវមានសាមគ្គីភាពរឹងមាំក្នុងក្រុម ដើម្បីទៅចូលរួមប្រកួតជ្រើសរើស ជើងឯកថ្នាក់ជាតិប្រចាំឆ្នាំសិក្សា២០២៣-២០២៤ នឹងបាប់ផ្តើមពីថ្ងៃទី៣០ ខែមីនា ដល់ថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២៤ នៅរាជធានីភ្នំពេញ ទទួលបានលទ្ធផលល្អប្រសើរជូនខេត្ត។

លោក ចេង សំអ៊ុល ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តកណ្តាល បានឲ្យដឹងថា ការប្រកួតកីឡាសិស្សបឋមសិក្សា ជ្រើសរើសជើងឯកថ្នាក់ខេត្ត ប្រចាំឆ្នាំសិក្សា២០២៣-២០២៤នេះ មានកីឡាករ កីឡាការិនីចូលរួមចំនួន ២២ក្រុម ស្រី ១៦ក្រុម ស្មើនឹង ៤២៤នាក់ ស្រី ១៦៧នាក់។ ការប្រកួតចែកចេញជា ៥ផ្នែករួមមាន ១ផ្នែកកីឡាបាល់ទាត់ ២ផ្នែកបាល់ទះ ៣ផ្នែកបាល់បោះ ៤ផ្នែកអត្តពលកម្ម និង៥ផ្នែកកីឡាប៉េតង់។

ជាលទ្ធផលក្នុងការប្រកួតនេះ ផ្នែកអត្តពលកម្ម វិញ្ញាសាររត់ល្បឿនផ្នែកនារី ចំណាត់ថ្នាក់លេខ១ បានទៅកីឡាការិនី ហ៊ុច សុវណ្ណរីតា មកពីស្រុកកណ្ដាលស្ទឹង ផ្នែកបុរស ចំណាត់ថ្នាក់លេខ១ ចំណាត់ថ្នាក់លេខ១ បានទៅកីឡាករ រឹម ម៉េងហុង មកពីស្រុកកណ្ដាលស្ទឹង ។ កីឡាបាល់ទាត់ ផ្នែកនារី ចំណាត់ថ្នាក់លេខ១ បានទៅក្រុមការិយាល័យអប់រំយុវជន និងកីឡាស្រុកកណ្ដាលស្ទឹង ផ្នែកបុរស ចំណាត់ថ្នាក់លេខ១ បានទៅលើក្រុមរដ្ឋបាលក្រុងអរិយក្សត្រ ។ បាល់ទះផ្នែកនារី ចំណាត់ថ្នាក់លេខ១ បានទៅក្រុមការិយាល័យអប់រំយុវជន និងកីឡាស្រុកអង្គស្នួល ផ្នែកបុរស ចំណាត់ថ្នាក់លេខ១ បានទៅលើការិយាល័យអប់រំយុវជន និងកីឡាស្រុកកោះធំ ។

បាល់បោះផ្នែកនារី ចំណាត់ថ្នាក់លេខ១ បានទៅក្រុមការិយាល័យអប់រំយុវជន និងកីឡាក្រុងតាខ្មៅ ផ្នែកបុរស ចំណាត់ថ្នាក់លេខ១ បានទៅលើការិយាល័យអប់រំយុវជន និងកីឡាក្រុងតាខ្មៅ ។ ប៉េតង់ វិញ្ញាសារ ១ទល់១ ផ្នែកនារី ចំណាត់ថ្នាក់លេខ១ បានទៅកីឡាការិនី ឌីរីណា ដាលីស មកពីការិយាល័យអប់រំយុវជន និងកីឡាក្រុងតាខ្មៅ ផ្នែកបុរស ចំណាត់ថ្នាក់លេខ១ ចំណាត់ថ្នាក់លេខ១ បានទៅកីឡាករ ទេពពិសិដ្ឋ មកពីការិយាល័យអប់រំយុវជន និងកីឡាក្រុងតាខ្មៅ ។

អត្ថបទដែលជាប់ទាក់ទង