ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្តេចតេជោ ហ៊ុន សែន សម្ពោធកំណាត់ផ្លូវជាតិលេខ៦ ប្រវែងជាង ២៤៨គីឡូម៉ែត្រ ពីថ្នល់កែង ខេត្តកំពង់ចាម ដល់អង្រ្គង ខេត្តសៀមរាប

179

កំពង់ធំ៖ នៅព្រឹកថ្ងៃចន្ទ ទី១១ ខែមិថុនា ឆ្នាំ២០១៨ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតី សម្ពោធកំណាត់ផ្លូវជាតិលេខ៦ ប្រវែងជាង ២៤៨,៥៣គីឡូម៉ែត្រ ចាប់ពីថ្នល់កែង ខេត្តកំពង់ចាម ដល់អង្រ្គង ខេត្តសៀមរាប។គម្រោងសាងសង់ឡើងវិញ កំណាត់ផ្លូវជាតិលេខ៦នេះ គឺឆ្លងកាត់ខេត្តចំនួន៣ រួមមាន ខេត្តកំពង់ចាម ប្រវែង ៤៣,៩៨គីឡូម៉ែត្រ ខេត្តកំពង់ធំ ប្រវែង ១៤៤,២៥គីឡូម៉ែត្រ និងខេត្តសៀមរាប ប្រវែង ៦០,៣០គីឡូម៉ែត្រ។ កំណាត់ផ្លូវនេះ ត្រូវចំណាយថវិកា សាងសង់អស់ប្រមាណ ២៥៥,០២លាន ដុល្លារ អាមេរិក ជាហិរញ្ញប្បទានសម្បទានរបស់ចិន រួមជាមួយថវិកាបដិភាគ របស់រាជរដ្ឋាភិបាលកម្ពុជា ប្រមាណ ៥ភាគរយ សម្រាប់ការដោះស្រាយផលប៉ះពាល់ ការបោសសម្អាតមីន និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះផ្សេងៗ។ កំណាត់ផ្លូវនេះ បានចំណាយពេលសាងសង់ ៥០ខែ ចាប់ផ្តើមពីខែឧសភា ឆ្នាំ២០១៣ និងបញ្ចប់នៅខែ កក្កដា ឆ្នាំ២០១៧។សម្តេចតេជោ ហ៊ុន សែន មានសេចក្តីសប្បាយរីករាយ និងមានមោទនភាព ចំពោះសមិទ្ធផល កំណាត់ផ្លូវជាតិថ្មីមួយនេះ ដែលបានកើតចេញ ពីចំណងមិត្តភាពកម្ពុជា-ចិន។ សម្តេចតេជោ នាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាល និងប្រជាជនចិន ដែលកន្លងមកតែងតែ ជួយដល់ប្រទេសកម្ពុជា ក្នុងការសាង ហេដ្ឋារចនាសម្ព័ន្ធ និងជួយលើវិស័យផ្សេងៗទៀត ដល់កម្ពុជា។ បច្ចុប្បន្ននេះ មិត្តចិនកំពុងជួយកសាងផ្លូវ ដល់កម្ពុជាចំនួនប្រមាណ ជាង៣.០០០គីឡូម៉ែត្រ ព្រមទាំងស្ពានឆ្លងកាត់ទន្លមួយ ចំនួនទៀតផងដែរ។ ផ្លូវជាតិលេខ៦នេះ គឺពិតជាមានសារសំខាន់ណាស់ សម្រាប់ការតភ្ជាប់ទៅកាន់ បណ្តាខេត្តផ្សេងៗ ដូចជាពីភ្នំពេញ មកកាន់ខេត្តកណ្តាល, កំពង់ចាម, កំពង់ធំ, សៀមរាប, ព្រះវិហារ និងទៅតាមបណ្តាខេត្តផ្សេងៗ ជាច្រើនទៀត។នៅព្រឹកមិញនេះ សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានរំលឹកផងដែរ អំពីការខូចខាតខ្ទេចខ្ទាំ នៃផ្លូវជាតិលេខ៦ ក្នុងអតីតកាលសម័យសង្រ្គាម ដែលធ្វើឲ្យមានការលំបាកយ៉ាងខ្លាំង ក្នុងការធ្វើដំណើរ ព្រោះថាផ្លូវនេះ មិនអាចធ្វើដំណើរបានទេ។ តាមរយៈនយោបាយ ឈ្នះ-ឈ្នះ គឺសម្តេចតេជោ បានប្រែក្លាយតំបន់សមរភូមិក្តៅ ជាច្រើនឲ្យទៅជាកន្លែង ដែលមានសន្តិភាព និងមានការអភិវឌ្ឍ ដែលប្រជាពលរដ្ឋ អាចរស់នៅបានសុខស្រួល។កន្លងមកថ្មីៗនេះ សម្តេចតេជោ បានដោះស្រាយ និងផ្តល់ជូនប្រជាពលរដ្ឋ ក្នុងខេត្តកំពង់ធំ នូវ ផ្លូវថ្នល់ ផ្សារថ្មីដែលត្រូវបានឆេះ កាលពីប៉ុន្មានឆ្នាំមុន អំណោយសាលារៀន ដែលត្រូវបានផ្តល់បន្ថែម ចំនួន៩ ខ្នងស្មើនឹង១២៣ បន្ទប់ ដែលអគារសាលារៀនទាំងនេះ សុទ្ធតែមានកម្ពស់ ពី៣ជាន់ ទៅ៤ ជាន់ សម្រាប់ឲ្យកូនចៅ ប្រជាពលរដ្ឋសិក្សារៀនសូត្រ។នៅថ្ងៃនេះ សម្តេចតេជោ នាយករដ្ឋមន្ត្រី បានប្រកាសថា នៅថ្ងៃខាងមុខ យើងនឹងកសាងផ្លូវមួយខ្សែទៀត ដែលតភ្ជាប់ពីខេត្តកំពង់ឆ្នាំង មកកំពង់ធំនេះ ដោយកាត់តាមទន្លេសាប ដែលតាមគម្រោង ត្រូវចំណាយថវិកា សាងសង់ប្រមាណ ជាង១០០លានដុល្លារអាមេរិក។ ការតភ្ជាប់នេះ នឹងបានធ្វើឲ្យប្រជាពលរដ្ឋ បានធ្វើដំណើរ ទៅកាន់ខេត្តកំពង់ឆ្នាំង, ខេត្តក្រចេះ និងកាន់តែមានភាព ងាយស្រួល។ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា មិនយូនោះទេ ខេត្តកំពង់ធំនេះ នឹងកើតមាននូវរោងចក្រ ឧស្សាកម្ម ជាក់ជាពុំខាន ខណៈដែលបច្ចុប្បន្ននេះ វិស័យទេសចរណ៍ កំពុងតែចាប់ផ្តើមមានកំណើន បន្ទាប់ពីប្រាសាទសម្បូណ៍ព្រៃគុក ត្រូវបានប្រកាសដាក់បញ្ជូល ជាសម្បត្តិបេតិកភណ្ឌពិភពលោក រួមទាំងតំបន់ទេសចរណ៍ សំខាន់ៗមួយចំនួនទៀត។ ជាថ្មីម្តងទៀត សម្តេចតេជោ នាយករដ្ឋមន្ត្រី បានអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ សូមឲ្យចូលរួមថែរក្សា សន្តិភាពទាំងអស់គ្នា។ ដើម្បីរក្សាបាននូវសន្តិភាព និងការអភិវឌ្ឍ សូមបងបងប្អូនប្រជាពលរដ្ឋ បន្តបោះឆ្នោតឲ្យ គណបក្សប្រជាជនកម្ពុជា ដែលមានលេខរៀងទី ២០ ជាបន្តទៀត។សម្តេចតេជោ នាយករដ្ឋមន្ត្រី បានជូនពរដល់បងប្អូន ប្រជាពលរដ្ឋទាំងអស់ សូមទទួលបាននូវ សេចក្តីសុខចម្រើនគ្រប់ៗ។ នាឱកាសនោះ សម្តេចតេជោ ហ៊ុន សែន ក៏បានអញ្ជើញ ផ្តល់កិត្តិយសបំពាក់មេដាយ និងគ្រឿងឥស្សរិយយស ដល់មន្ត្រីមានស្នាដៃល្អ មួយចំនួន ដែលបានចូលរួមចំណែក ក្នុងការស្ថាបនាកសាង កំណាត់ផ្លូវជាតិលេខ៦នេះ ព្រមទាំងបានផ្តល់អំណោយ ជូនដល់ លោកយាយ លោកតា លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ក្នុងបរិយាកាសរីករាយ និងបន្ទាប់មក ក៏បានអញ្ជើញ រួមគ្នាជាមួយ លោក ស្យង់ ព័រ ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំព្រះរាជាណាចក្រកម្ពុជា កាត់ខ្សែបូសម្ពោធ ដាក់ឲ្យប្រើប្រាស់កំណាត់ផ្លូវជាតិលេខ៦ ប្រវែងជាង ២៤៨គីឡូម៉ែត្រ ពីថ្នល់កែង ខេត្តកំពង់ចាម ដល់អង្រ្គង ខេត្តសៀមរាប ចាប់ពីពេលនេះតទៅ៕

អត្ថបទដែលជាប់ទាក់ទង