ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្ដេចតេជោ ហ៊ុន សែន ដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី

309

នៅព្រឹកថ្ងៃសុក្រ ១កើត ខែចេត្រ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី៥ ខែមេសា ឆ្នាំ២០១៩នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី ដែលប្រព្រឹត្តិទៅនៅវិមានសន្តិភាព។

សម្រាប់របៀបវារៈនៃកិច្ចប្រជុំដែលត្រូវលើកឡើងក្នុងសប្តាហ៍នេះរួមមាន៖
១-សេចក្តីព្រាងច្បាប់ស្តីពីការគ្រប់គ្រងប្រេងកាត និងផលិតផលប្រេងកាត។
២-គម្រោងវិនិយោគវារីអគ្គិសនីស្ទឹងពោធិ៍សាត់១ កន្លែងទំហំ៨០MW និងនៅកំពង់ឆ្នាំង១កន្លែង ៦០MW។
៣-សេចក្តីព្រាងគោលនយោបាយជាតិស្តីពីសុខភាពសិក្សា។
៤-បញ្ហាផ្សេងៗ សំណើសុំការយល់ព្រមពីគណៈរដ្ឋមន្រ្តី ដើម្បីសុំសច្ចាប័នពីស្ថាប័ននីតិប្បញ្ញត្តិលើ៖
៤.១. កិច្ចព្រមព្រៀងរវាងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតបង់ក្លាដេស ស្តីពីការជំរុញ និងការការពារទៅវិញទៅមកនៃវិនិយោគ។
៤.២. កិច្ចព្រមព្រៀងរវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងសហភាពអារ៉ាប់អេមីរ៉េត ស្តីពីការជំរុញ និងការការពារទៅវិញទៅមកនៃវិនិយោគ។
៤.៣. កិច្ចព្រៀងរវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលនៃសាធារណរដ្ឋតួកគី ស្តីពីការជំរុញ និងការការពារទៅវិញទៅមកនៃវិនិយោគ។
៤.៤. សំណើសុំចូលជាសមាជិកអង្គការបណ្ដាញអន្តរជាតិសម្រាប់ឬស្សី និងផ្ដៅ។

របៀបវារៈស្តីពី “សេចក្តីព្រាងច្បាប់ស្តីពី ការគ្រប់គ្រងប្រេងកាតនិងផលិតផលប្រេងកាត” ដែលមានខ្លឹមសារសង្ខេបដូចក្រោម៖ សេចក្តីព្រាងច្បាប់ស្តីពី ការគ្រប់គ្រងប្រេងកាត និងផលិតផលប្រេងកាត ត្រូវបានរៀបចំតាក់តែងឡើង ដើម្បីឱ្យស្របនឹងបរិបទនៃវិស័យប្រេងកាតនៅកម្ពុជានាពេលបច្ចុប្បន្ន។ សេចក្តីព្រាងនេះ ត្រូវបានរៀបចំនិងតាក់តែងឡើងក្នុងគោលបំណងជម្រុញអភិវឌ្ឍវិស័យប្រេងកាតប្រកបដោយនិរន្តភាព និងប្រសិទ្ធភាពដើម្បីរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ច សង្គម និងផលប្រយោជន៍យូរអង្វែងរបស់ប្រទេសជាតិ ស្របពេលដែលការស្វែងរកនិងការអភិវឌ្ឍធនធានប្រេងកាតទាំងដែនគោកនិងដែនសមុទ្រ ដើម្បីឈានទៅរកការផលិតធនធានប្រេងកាតលើកទីមួយក្នុងប្រវត្តិសាស្រ្តរបស់កម្ពុជានាឆ្នាំខាងមុខនេះ។
សេចក្តីព្រាងច្បាប់ស្តីពីការគ្រប់គ្រងប្រេងកាតនិងផលិតផលប្រេងកាតត្រូវបានកាត់តែងឡើងជាលើកដំបូងដោយអតីតក្រសួងឧស្សាហកម្ម រ៉ែ និងថាម ដោយមានការជួយឧបត្ថម្ភពីអ្នកជំនាញការច្បាប់នៃធនាគារអភិវឌ្ឍន៍អាស៊ី១៩៩៦។ បន្ទាប់មកមានការជួយឧបត្ថម្ភពីអ្នកជំនាញការច្បាប់មកពីក្រុមហ៊ុនជប៉ុន Idemitsu Oil and Gas ដើម្បីពិនិត្យនិងកែសម្រួលបន្ងែមទៀត។ ចាប់តាំងពីឆ្នាំ ២០០៦ អតីតអាជ្ញាធរប្រេងកាតជាតិកម្ពុជាបានយកសេចក្តីព្រាងច្បាប់នេះមកកែសម្រួលឡើងវិញ ដោយមានការពិគ្រោះយោបល់ជាមួយអ្នកជំនាញបច្ចេកទេសនិងអ្នកជំនាញផ្នែកច្បាប់ជាតិនិងអន្តរជាតិនានា។
សេចក្តីព្រាងច្បាប់ស្តីពីការគ្រប់គ្រងប្រេងកាតនិងផលិតផលប្រេងកាត បានរៀបចំឡើងដោយត្រូវបានបែកចែកជា៩ជំពូក និង៧២មាត្រា។
បទប្បញ្ញត្តិទូទៅ គោលបំណង៖ ច្បាប់នេះមានគោលបំណងជំរុញអភិវឌ្ឍវិស័យប្រេងកាតប្រកបដោយនិរន្តរភាពនិងប្រសិទ្ធភាព ដើម្បីរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ច សង្គម និងផលប្រយោជន៍យូរអង្វែងរបស់ប្រទេសជាតិ។
គោលដៅ
ច្បាប់នេះមានគោលដៅកំណត់អំពីសមត្ថកិច្ចនិងវិធាននៃការគ្រប់គ្រងវិស័យប្រេងកាត។
វិសាលភាព៖ ច្បាប់នេះមានវិសាលភាពអនុវត្តលើរាល់សកម្មភាពក្នុងវិស័យប្រេងកាតនៅក្នុងបូរណភាពទឹកដីនិងអធិបតេយ្យនៃព្រះរាជាណាចក្រកម្ពុជារួមទាំងបាតសមុទ្រនិងស្រទាប់ដីក្រោមបាតសមុទ្រនៃតំបន់សេដ្ឋកិច្ចផ្ដាច់មុខនិងតំបន់ខ្ពង់រាបបាតសមុទ្រ ព្រមទាំងតំបន់ផ្សេងៗទៀតដែលព្រះរាជាណាចក្រកម្ពុជាមានសិទ្ធិអធិបតេយ្យ៕


អត្ថបទដែលជាប់ទាក់ទង