ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សៀវ ង៉ុយ និង មាស សុជាតិស្វាគមន៍ភ្ញៀវថៃលើសង្វៀនWurkz

79

​ភ្នំពេញ:អ្នកប្រដាល់សៀវ ង៉ុយក្លិបកងពលធំអន្តរាគមន៍លេខ២នៃសមាគមប្រដាល់ក្រសួងការពារជាតិត្រូវ ជួបប្រកួតជាមួយអ្នកប្រដាល់ថៃហ្វា ម៉ៃ(Fa Mai)លើសង្វៀនWurkzរបស់អាស៊ីអាគ្នេយ៍រសៀលថ្ងៃទី៩មិថុនា ។
​សៀវ ង៉ុយមួយរយៈនេះហាក់បង្ហាញនូវការស្រុតចុះយ៉ាងខ្លាំងទោះបីការប្រកួតយរបស់គេតែងតែធ្វើឡើង៥ទឹកពេញក៏ពិតមែនតែ លទ្ធផលចុងក្រោយគឺបរាជ័យ។គេជាអ្នកប្រដាល់ចិត្តធំ ទោះបីគូប្រកួតខ្លាំងជាងគេក៏ដោយក៏
គេនៅតែបន្តវាយសម្រុកលើគូប្រកួតដែរ ។

​ចំពោះហ្វា ម៉ៃវិញគេក៏ជាអ្នកប្រដាល់ដែលមិនស្រួលបង្ករាបនោះទេ ។ អ្នកប្រដាល់ថៃរូបនេះមានប្រវត្តិប្រកួត ចំនួន៧៦ដង ឈ្នះ៦៤ដង និងចាញ់១២ដង ។ ចំពោះសៀវ ង៉ុយវិញគេមានប្រវត្តិប្រកួតចំនួន៩៩ដង ឈ្នះ៧៨ដង ចាញ់១៦ដងស្មើពិន្ទុ៥ដង និងធ្លាប់វាយគូប្រកួតឲ្យសន្លប់បានចំនួន៣០ដង ។ ជំនួបរវាងសៀវ ង៉ុយ ជាមួយហ្វា ម៉ៃមិនទាន់អាចកំណត់ថានរណាចាញ់នរណាឈ្នះនោះឡើយ ។

​អ្នកប្រដាល់កណ្ដាប់ដៃយក្សមាស សុជាតិរបស់ក្លិបឃ្លាំងមឿងកីលាប្រកួតជាមួយអ្នកប្រដាល់ថៃទួង សាក់(Tuong Sak)ដោយប្រកួតគ្នាក្នុងប្រភេទទម្ងន់៦៧គីឡូក្រាម ។

​អ្នកប្រដាល់ទាំង២រូបនេះពុំធ្លាប់ប្រកួតគ្នាពីមុនមក ទេហើយនេះក៏ជាលើកដំបូងដែរដែលអ្នកប្រដាល់ថៃរូបនេះឆ្លងដែនមកប្រកួតនៅស្រុកខ្មែរ ។

​សុជាតិមានប្រវត្តិប្រកួតចំនួន៨៦ដង ឈ្នះ៦៤ដង ចាញ់២០ដង និងស្មើពិន្ទុ២ដង ។ អ្នកប្រដាល់រូបនេះមានកណ្ដាប់ដៃធ្ងន់មុខស្វិត ទាត់ចេញក៏ធ្ងន់ និងវ៉ៃហ៊ានប្ដូរដោយគ្មានញញើត ។ ចំពោះទួង សាក់វិញមិនដឹងថាស្ទីលគេវ៉ៃរបៀបណាឡើយ ។ អ្នកប្រដាល់ថៃរូបនេះមានប្រវត្តិប្រកួតចំនួន៧៥ដង ឈ្នះ៦៤ដង និង ចាញ់១១ដង ។ជំនួបរវាងអ្នកប្រដាល់ទាំង២រូបនេះមិនដឹងថានរណាឈ្នះនោះទេ ។

អត្ថបទដែលជាប់ទាក់ទង