ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រគល់ឯកសណ្ឋានកីឡាតេក្វាន់ដូ ៨០០សម្រាប់ សម្រាប់ប្រើប្រាស់ក្នុងការសម្តែងកីឡាតេក្វាន់ដូ

259

ភ្នំពេញ៖ រដ្ឋាភិបាលកូរ៉េខាងត្បូង បានប្រគល់ឯកសណ្ឋានកីឡាតេក្វាន់ដូ ៨០០សម្រាប់ ដល់រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងអប់រំយុវជននិងកីឡា សម្រាប់ប្រើប្រាស់ក្នុងការសម្តែងកីឡាតេក្វាន់ដូនៃកម្មវិធីប្រកួតកីឡាទូទាំងប្រទេសកម្ពុជា កាលពីថ្ងៃចន្ទ ទី៣០ ខែមេសា ឆ្នាំ២០១៨ ​នៅទូតសាធារណរដ្ឋកូរ៉េ ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា។
ដែលកម្មវិធីនេះត្រូវបានប្រារព្ធឡើងក្រោមអធិបតីភាពរបស់ លោកបណ្ឌិតសភាចារ្យ ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា (ប្រធានខេមរៈសហព័ន្ធកីឡាតេក្វាន់ដូ) លោកស្រី គឹម សេដ្ឋានី រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា លោកបណ្ឌិត ជ្រឹង សុធា អនុប្រធានខេមរៈសហព័ន្ធកីឡាតេក្វាន់ដូ និងទទួលបានការចូលរួមអំពីលោក ឆ្វេ យ៉ុងសក់ គ្រូបង្វឹកកីឡាតេក្វាន់ដូជម្រើសជាតិកម្ពុជា ព្រមទាំងកីឡាការិនី ស៊នសៀវម៉ី ​(ជើងឯកមេដាយមាសអ៊ីនឆុនអាស៊ានហ្គេមឆ្នាំ២០១៤) និងលោក អូ ណាក់យ៉ុង ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា។

ក្នុងឱកាសនោះដែរ លោក អូ ណាក់យ៉ុង ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា បានថ្លែថា​ ការប្រគល់ឯកសណ្ឋានកីឡាតេក្វាន់ដូ ៨០០សម្រាប់ មានតម្លៃប្រហែលជា២ម៉ឺនដុល្លារ ជូនខេមរៈសហព័ន្ធកីឡាតេក្វាន់ដូ នៅក្នុងស្ថានទូតកូរ៉េប្រចាំនៅព្រះរាជាណាចក្រកម្ពុជា។ លោកអូ ណាក់យ៉ុង ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ប្រចាំនៅព្រះរាជាណាចក្រកម្ពុជាបានផ្តល់ចំណាប់អារម្មណ៍ថា ការប្រកួតកីឡាតេក្វាន់ដូ ត្រូវបានដាក់បញ្ចូលទៅក្នុងកម្មវិធី ប្រកួតកីឡាដ៏ធំ ទូទាំងប្រទេសកម្ពុជា ព្រមទាំងសង្ឃឹម និងជឿជាក់ថានឹងមានទស្សនិកជន ជាច្រើន នឹងចូលរួមទស្សនាកម្មវិធីនេះ។ ឯកសណ្ឋានកីឡាតេក្វាន់ដូ ដែលត្រូវបានប្រគល់ជូននេះ បានទទួលការឧបត្ថម្ភពី World Taekwondo Peace Corps ហើយឯកសណ្ឋានទាំងនេះនឹងត្រូវប្រើប្រាស់ នៅក្នុងការសម្តែង កីឡាតេក្វាន់ដូក្នុងពិធីប្រកាសបើកកម្មវិធីប្រកួតកីឡាទូទាំងប្រទេសកម្ពុជាលើកទី២ ដែលនឹង ប្រារព្ធធ្វើឡើង នៅថ្ងៃសុក្រ ទី២៥ ខែឧសភា ឆ្នាំ២០១៨នេះ នៅពហុកីឡដ្ឋានជាតិអូឡាំពិក និងតំបន់ផ្សេងៗក្នុងរាជធានីភ្នំពេញដែលរៀបចំកម្មវិធី ដោយគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC) និងក្រសួងអប់រំ យុវជន និងកីឡា។ លោកឯកអគ្គរដ្ឋទូត សង្ឃឹមថា ការប្រគល់ឯកសណ្ឋានកីឡាតេក្វាន់ដូ និងការសម្តែងកីឡាតេក្វាន់ដូ នៅក្នុងឱកាសកម្មវិធីប្រកួតកីឡាទូទាំងប្រទេសលើកនេះ នឹងជួយផ្សព្វផ្សាយវិស័យកីឡាតេក្វាន់ដូនៅក្នុងប្រទេសកម្ពុជាឲ្យបានកាន់តែទូលំទូលាយ ដែលវានឹងក្លាយទៅជាការជំរុញការផ្លាស់ប្តូរវប្បធម៌កីឡារវាងប្រជាជននៃប្រទេសទាំងពីរ។

លោកបណ្ឌិតសភាចារ្យ ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា មានប្រសាសន៍សម្តែងនូវការអបអរសាទរចំពោះកូរ៉េទាំងពីរ ដែលបានជោគជ័យក្នុងជំនួបពិភាក្សាកំពូល និងការបញ្ចប់សង្រ្គាមជាផ្លូវការ និងសន្តិភាព សន្តិសុខ នឹងបង្កលក្ខណៈសម្រាប់ការអភិវឌ្ឍ សេដ្ឋកិច្ចសង្គម ។ លោកបានបន្តថា តាមលោកឯកអគ្គរដ្ឋទូតកូរ៉េប្រចាំកម្ពុជា សង្ឃឹមថានឹងពង្រីកនិងពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសកម្ពុជានិងកូរ៉េ បន្ថែមទៀតលើវិស័យអប់រំយុវជននិងកីឡា ហើយលោកក៏បានថ្លែងអំណរគុណដល់សហព័ន្ធកីឡាតេក្វាន់ដូ ដែលបានជួយដល់កម្ពុជា ក្នុងការហ្វឹកហ្វឺនហាត់កីឡាតេក្វាន់ដូ ។ កីឡាតេក្វាន់ដូ បានក្លាយជាស្ពានមួយ ពង្រឹងទំនាក់ទំនងមិត្តភាព កិច្ចសហប្រតិបត្តិការរវាងប្រទេសយើងទាំងពីរ ជាពិសេសប្រជាជននៃប្រទេសយើងទាំងពីរ ។ លោករដ្ឋមន្រ្តី ក៏បានគាំទ្រចំពោះគោលនយោបាយខាងត្បូងថ្មីរបស់រដ្ឋាភិបាលកូរ៉េខាងត្បូង ដើម្បីពង្រឹងទំនាក់ទំនង លើវិស័យអប់រំ និងវិស័យកីឡាផងដែរ​ ហើយយើងនឹងខិចខំប្រឹងប្រែងបន្ថែមទៀត ដើម្បីឲ្យកីឡាតេក្វាន់ដូនេះមានការរីកចម្រើនបន្ថែមទៀត និងទទួលបាននូវប្រជាប្រិយភាព ជាពិសេសសម្រាប់យុវជនតែម្តងដើម្បីឲ្យយុវជនមានសុខភាពល្អ មានស្មារតីមាំមួន ដែលអាចចូលរួមចំណែកអភិវឌ្ឍប្រទេសយើងបាន។

អត្ថបទដែលជាប់ទាក់ទង