ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឯកអគ្គរដ្ឋទូតថ្មីនៃសាធារណរដ្ឋទួរគី ចង់ចងសម្ព័ន្ធមេត្រីភាព ជាមួយរដ្ឋបាលរាជធានីភ្នំពេញ

169

ភ្នំពេញ៖ ឯកអគ្គរដ្ឋទូតថ្មីនៃសាធារណរដ្ឋទូរគី លោកស្រី Ayda Unlu ( អៃដា អ៊ុនលូ ) ក្នុងជំនួបសម្តែងការគួរសមជាមួយលោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅសាលារាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី១២ កក្កដា នេះ លោកស្រីបានបញ្ជាក់ថា ក្នុងនាមឯកអគ្គរដ្ឋទូតថ្ មីនៃសាធារណរដ្ឋទូរគី មានបំណងចង់ចងសម្ព័ន្ធមេត្រីភាព ជាមួយរដ្ឋបាលរាជធានីភ្នំពេញ ដើម្បីឲ្យប្រទេសទាំង២ កម្ពុជា _ទួរគី កាន់តែមានទំនាក់ទំនងគ្នាកាន់តែល្អប្រសើរឡើង។

លោកស្រី អៃដា អ៊ុនលូ បានមានប្រសាសន៍លើកឡើងថា ខណៈដែលលោកស្រីមកដល់រាជធានីភ្នំពេញភ្លាម គឺលោកស្រីពិតជារីករាយណាស់ ដោយឃើញរាជធានីនេះ មានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ ហើយអ្វីដែលល្អប្រសើរ និងចាប់អារម្មណ៍ថែមទៀតនោះ គឺប្រជាពលរដ្ឋកម្ពុជាមានភាពរស់រាយរាក់ទាក់ ។ លោកស្រីថា អ្វីៗដែលល្អៗទាំងនេះ លោកស្រី នឹងយកទៅជម្រាបដល់ថ្នាក់ដឹកនាំរបស់ប្រទេសទួរគី ដើម្បីសុំចងជាសម្ព័ន្ធមេត្រីភាពជាមួយគ្នា ដោយហេតុថា ទំនាក់ទំនាក់ប្រជាជននិងប្រជាជន ជាមួយនិងការចងសម្ព័ន្ធមេត្រីភាពនេះ នឹង នាំអោយប្រទេសទាំង២ មានសក្តានុពលកាន់តែខ្លាំងឡើង។

លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ក្នុងឱកាសនោះបានលើកឡើង ពីការកកើតរាជធានីភ្នំពេញ ដែលមានអាយុកាលជាច្រើនរយឆ្នាំ។ លោកបន្តថាក្នុងរបបប៉ុលពត ភ្នំពេញបានធ្នាក់ដល់ចំណុចសូន្យ ក្រោយឆ្នាំ១៩៧៩ ភ្នំពេញមានតែប្រជាពលរដ្ ឋប្រមាណ៧០នាក់ប៉ុណ្ណោះ។ តែក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល ពិសេសក្រោមការដឹកនាំ របស់សម្តេចតេជោ ហ៊ុន សែន បាននាំឲ្យទីក្រុងមួយនេះ ក្លាយជាទីក្រុងមានការអភិវឌ្ឍលើគ្រប់វិស័យ មានកិច្ចសហប្រតិបត្តិការជាច្រើនជាមួយទីក្រុងផ្សេងៗ ដូចជាថៃ ឡាវ ជប៉ុន ចិនជាដើម។
លោកបន្តថា ប្រជាជនកាន់តែកើននៅភ្នំពេញ និងការលំហូរប្រជាពលរដ្ឋ មកពីខេត្តនាំឲ្យ ប្រជាជនកើតឡើងជាលំដាប់ ដែលធ្វើអោយរាជធានីភ្នំពេញ មានបញ្ហាប្រឈមមួយចំនួនផងដែរ ដូចជាបញ្ហាសណ្តាប់ធ្នាប់ បញ្ហាសម្រាមនិងបញ្ហាកកស្ទះចរាចរជាដើម ដែលរដ្ឋបាលរាជធានីកំពុងតែធ្វើការដោះស្រាយឲ្យប្រសើរឡើង។

លោកឃួង ស្រេងបានបញ្ជាក់ទៀតថា នៅរាជធានីភ្នំពេញ ក្នុងរយៈពេល២ឆ្នាំចុងក្រោយនេះ បទល្មើសមានការថយចុះច្រើន នាំឲ្យអ្នកវិនិយោគទាំងអស់មានភាពកក់ក្តៅ ទេសចរណ៍កើនឡើង រួមនឹងបង្កភាពកក់ក្តៅដល់ទូតនានា ក្នុងការបំពេញការងារការទូតរបស់ខ្លូន។​​​ លោកបន្តថា នៅតែប៉ុន្មានថ្ងៃទៀតកម្ពុជា នឹងមាបការ​បោះឆ្នោត ទន្ទឹមនឹងនេះយើងបានត្រៀម រៀបចំសណ្តាប់ធ្នាប់ និងសន្តិសុខ ជូនគ្រប់គណបក្សរួចហើយ។​ ចំពោះការចង់ឲ្យមានការចងសម្ព័ន្ធមេត្រីភាព ជាមួយរដ្ឋបាលរាជធានីភ្នំពេញ លោកឃួង ស្រេង បានបញ្ជាក់នៅចំពោះលោកស្រីអៃដា អ៊ុនលូថា កម្ពុជាស្វាគមន៍ ក្នុងការចងសម្ព័នភាពមេត្រីភាព ជាមួយទីក្រុងនៃប្រទេសទួរគី ដោយលោកថា នេះជាគោលការរបស់រាជរដ្ឋាភិបាលកម្ពុជា។ ​

លោកអភិបាលរាជធានីភ្នំពេញ បន្តទៀតថា ក្រោមការដឹកនាំរបស់សម្តេចតេជោហ៊ុន សែន ធ្វើប្រទេសកម្ពុជា បញ្ចប់សង្គ្រាមទាំងស្រុងនៅឆ្នាំ១៩៩៨ ។ ជាងនេះទៅទៀត សម្តេចបានទប់ស្កាត់បដិវត្ន៍តពណ៌ ដែលគាំទ្រពីខាងក្រោយដោយប្រទេសមហាអំណាចមួយចំនួន។
ក្នុងនោះដែរលោកឃួង ស្រេង ក៏បានលើកឡើងពីប្រជាធិបតេយ្យនៅកម្ពុជា ប្រទេសកម្ពុជា មិនត្រូវការសង្ក្រាមនោះទេ ហើយការរំលាយបក្សមួយនោះ ក៏ដោយសារអ្នកដឹកនាំបក្សនោះធ្វើខុសច្បាប់ យើងអនុវត្តច្បាប់ មិនថា បក្សណា ស្ថាប័នណានោះទេ បើធ្វើខុសច្បាប់ត្រូវតែមានទោសចំពោះមុខច្បាប់៕

អត្ថបទដែលជាប់ទាក់ទង