ប្រធានផ្សារបឹងកេងកង ជួបសំណេះសំណាលជាមួយ កម្លាំងប្រតិកម្មរហ័សផ្សារ
ភ្នំពេញ៖កាលពីព្រឹកថ្ងៃទី០៧ខែវិច្ឆិកាឆ្នាំ២០២០ដោយមានការលើកទឹកចិត្តខ្ពស់ពីសំណាក់លោកឯក និមល ប្រធានផ្សារបឹងកេងកង ខណ្ឌបឹងកេងកងដោយបានជួបសំណេះសំណាល និងផ្តល់អំណោយទុកជាការលើកទឹកចិត្តទៅដល់កម្លាំងប្រតិកម្មរហ័សរបស់ផ្សារបឹងកេងកងដែលពួកគាត់ជាកម្លាំងម៉ូតូឌុប និង ម៉ូតូកង់បីនៅតាមបណ្ដាផ្លូវថ្នល់ជុំវិញបរិវេណផ្សារបឹងកេងកងដែលមានចំនួនប្រមាណ២៧រូប។ខណៈពេលនោះលោកប្រធានផ្សារបឹងកេងកងគាត់បានថ្លែងកោតសរសើរមិនដាច់ពីមាត់ទៅដល់កម្លាំងប្រតិកម្មរហ័សផ្សារបឹងកេងកងទាំងអស់ដែលបានខិតខំប្រឹងប្រែងបំពេញការងារជាមួយខាងកម្លាំងសន្តិសុខសណ្ដាប់ធ្នាប់ផ្សារក្នុងការចុះរៀបចំសណ្តាប់ធ្នាប់តាមដងផ្លូវបច្ចុប្បន្ននេះ ក៏ដូចកន្លងទៅ មិនថាយប់ឬថ្ងៃ ភ្លៀងខ្យល់នោះឡើយ គឺថាកម្លាំងបានបម្រើប្រជាពលរដ្ឋនិងអតិថិជនផ្សារបឹងកេងកង,អាជីវករ និងអនុវត្តតាមបទបញ្ជារបស់ថ្នាក់ដឹកនាំដែលបានដាក់ជូន ។
ក្នុងឱកាសនោះដែរ លោក ឯក និមល ប្រធានផ្សារបឹងកេងកងក៏បានបញ្ជាក់ថា រាល់សកម្មភាពនៃការផ្ដល់អំណោយដែលបានយកមកផ្តល់ជូនបងប្អូនប្រតិកម្មរហ័ផ្សារនាពេលនេះ គឺជាវប្បធម៌នៃការចែករំលែកដល់កម្លាំងប្រតិកម្មរហ័សហើយចំពោះអំណោយផ្ដល់ជូននាពេលនេះក្នុងម្នាក់ៗទទួលបានអង្ករ ១០គីឡូក្រាមនិងកន្សែងពោះគោខ្នាតធំ១ផងដែរ ។
ក្នុងនោះលោកប្រធានផ្សារបឹងកេងកងក៏បានស្នើដល់កម្លាំងប្រតិកម្មរហ័ស្សអោយបន្តសហការគ្នាជាមួយខាងកម្លាំងសន្តិសុខសណ្តាប់ធ្នាប់ផ្សារទាំងអស់ ក្នុងការក្ដោបក្ដាប់នូវសកម្មភាពការទាំងឡាយហើយត្រូវរួមសាមគ្គីជាកម្លាំង និងខិតខំបំពេញការងារ តាមបទបញ្ជារបស់ថ្នាក់ដឹកនាំ ។
លោក ឯក និមល ប្រធានផ្សារបឹងកេងកងក៏បានមានមតិលើកឡើងបន្តទៀតថា សូមឱ្យកម្លាំងប្រតិកម្មរហ័សរបស់ផ្សារបឹងកេងកងនិងកងកម្លាំងសន្តិសុខសណ្តាប់ធ្នាប់ផ្សារទាំងអស់នៅជុំវិញបរិវេណផ្សារអោយបន្តនូវវប្បធម៌ការងារដ៏សកម្មផុលផុសរបស់ខ្លួនបន្តទៀត ដោយគ្មានថ្ងៃរាថយឡើយគឺដើម្បីបម្រើជូនបងប្អូនប្រជាជន អតិថិជនពេលចេញចូលមកកាន់ទីផ្សារ,អាជីវករផ្សារនិងរក្សាការពារសន្តិសុខ សណ្ដាប់ធ្នាប់ សុវត្ថិភាព ជូនដល់ពួកគាត់ឱ្យបានល្អប្រសើរស្របតាមគោលនយោបាយភូមិ សង្កាត់ មានសុវត្ថិភាពផងដែរ។
ឆ្លៀតក្នុងឱកាសនោះដែរលោកឯក និមល ប្រធានផ្សារបឹងកេងកងក៏បានណែនាំទៅដល់កងកម្លាំងសន្តិសុខសណ្តាប់ធ្នាប់ផ្សារត្រូវបន្តពង្រឹងសន្តិសុខសណ្តាប់ធ្នាប់របៀបរៀបរយសាធារណៈតាមដងផ្លូវជុំវិញបរិវេណផ្សារនិងតាមទីសាធារណៈ, ការសម្រួលចរាចរណ៍ និងលើកកម្ពស់ការប្រុងប្រយត្ន័ពីគ្រោះអគ្គិភ័យស្របពេលនេះជារដូវរំហើយនិងរដូវក្ដៅផងដែរ។
លោកប្រធានផ្សារបឹងកេងកងក៏បានស្នើឲ្យបងប្អូនប្រជាជននិងអតិថិជន អាជីវករសូមចូលរួមសហការជាមួយខាងកម្លាំងគណៈកម្មការផ្សារក្នុងការផ្តល់ព័ត៌មានផ្សេងៗពាក់ព័ន្ធភាពមិនប្រក្រតីនៅក្នុងផ្សារជាពិសេសមុខសញ្ញាប្រព្រឹត្តបទល្មើសផ្សេងៗដែលបង្កជាអសន្តិសុខសង្គម។ រាល់ការផ្តល់ព័ត៌មានរបស់បងប្អូនខាងគណៈកម្មការផ្សារនិងរក្សាការសម្ងាត់ជូន ហើយក៏មានន័យថា បងប្អូនបានចូលរួមជាមួយគណៈកម្មការផ្សារក្នុងការអនុវត្ត គោលនយោបាយ (ភូមិសង្កាត់មានសុវត្ថិភាព) ឲ្យមានប្រសិទ្ធភាព ៕
