បុរសម្នាក់បើករថយន្ត range rover ក្នុងល្បឿនលឿនបុកទ្រូងថ្មពុះចែកផ្លូវ
ភ្នំពេញ៖បុរសម្នាក់បើករថយន្ត range rover ក្នុងល្បឿនលឿនមិនប្រយ័ត្នជ្រុលទៅបុកទ្រូងថ្មពុះចែកផ្លូវពេញទំហឹង បណ្ដាលបាក់អស់ពីរកង់ ចំណែកឯរថយន្តវិញរងការខូចខាតផ្ទៃខាងមុខយ៉ាងដំណំ។
ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង ១ និង ០០ នាទីយប់ឈានចូលថ្ងៃអាទិត្យទី ៨ខែវិច្ឆិកាឆ្នាំ ២០២០ នៅតាមបណ្ដោយផ្លូវព្រះមុនីវង្ស ក្នុងសង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
ប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុគេឃើញបុរសម្នាក់បើករថយន្តម៉ាក range rover ពណ៌ខ្មៅមួយគ្រឿងដែលពាក់ផ្លាកលេខ ភ្នំពេញ 2S 5549 ធ្វើដំណើរក្នុងទិសដៅពីត្បូងមកជើង ក្នុងល្បឿនលឿន ខណៈមកដល់ចំណុចកើតហេតុ ក៏ជ្រុលទៅបុកទ្រូងថ្មពុះចែកផ្លូវពេញទំហឹង បណ្ដាលឲ្យបាក់អស់២កង់ ចំណែកឯម្ចាស់រថយន្តវិញ មិនមានរងរបួសនោះទេ រងការខូចខាតតែរថយន្តផ្ទៃខាងមុខយ៉ាងដំណំ។