ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រដ្ឋមន្ត្រីការបរទេសកម្ពុជា-ថៃ ជួបប្រជុំទ្វេភាគី ពិភាក្សាអំពីចំណងទំនាក់ទំនងទ្វេភាគី និងផ្លាស់ប្តូរយោបល់លើបញ្ហាតំបន់ និងអន្តរជាតិ ដែលជាកង្វល់រួមនាពេលបច្ចុប្បន្ន

55

 

ភ្នំពេញ៖ ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា និងឧបនាយករដ្ឋមន្ត្រី ដន ប្រាម៉ាត់វីណៃ រដ្ឋមន្រ្តីការបរទេសថៃ នៅព្រឹកថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២១នេះ ជួបប្រជុំទ្វេភាគី ដើម្បីពិភាក្សាអំពីចំណងទំនាក់ទំនងទ្វេភាគី និងផ្លាស់ប្តូរយោបល់លើបញ្ហាតំបន់ និងអន្តរជាតិដែលជាកង្វល់រួមនាពេលបច្ចុប្បន្ន ក៏ដូចជាតួនាទីរបស់កម្ពុជាជាប្រធានអាស៊ាន ឆ្នាំ២០២២។

កិច្ចប្រជុំនេះ ធ្វើឡើងក្នុងឱកាស រដ្ឋមន្ត្រីការបរទេសថៃ បំពេញទស្សនកិច្ចនៅកម្ពុជា ចាប់ពីថ្ងៃទី១៦ ដល់១៨ ខែធ្នូ ឆ្នាំ២០២១ នៅរាជធានីភ្នំពេញ តបតាមការអញ្ជើញរបស់ រដ្ឋមន្ត្រីការបរទេសកម្ពុជា។

សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជាបញ្ជាក់ថា ក្នុងអំឡុងពេលនៃដំណើរទស្សនកិច្ចផ្លូវការនេះ ឧបនាយករដ្ឋមន្រ្តី ដន ប្រាម៉ាត់វីណៃ និង ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន នឹងធ្វើជាសហប្រធាន ដឹកនាំកិច្ចប្រជុំលើកទី១១ នៃគណៈកម្មការចម្រុះសម្រាប់កិច្ចសហប្រតិបត្តិការទ្វេភាគី (JC) រវាងកម្ពុជា និងថៃ។

រដ្ឋមន្ត្រីការបរទេសថៃ ក៏បានចូលជួបសម្តែងការគួរសមចំពោះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជាផងដែរ។

ចំពោះកិច្ចប្រជុំគណៈកម្មការចម្រុះ (JC) លើកទី១១ ក្រោមមូលបទ «សន្តិភាព វិបុលភាព ស្តារឡើងវិញទាំងអស់គ្នា» រដ្ឋមន្រ្តីការបរទេសកម្ពុជា-ថៃ ពិនិត្យឡើងវិញនូវវឌ្ឍនភាពនៃការអនុវត្តកំណត់ហេតុកិច្ចប្រជុំ JC លើកទី១០ កាលពីឆ្នាំ២០១៦ និងពិភាក្សាលើទិដ្ឋភាពនានា នៃកិច្ចសហប្រតិបត្តិការរវាងប្រទសទាំងពីរ ក្នុងក្របខណ្ឌទ្វេភាគី និងពហុភាគី ក្នុងគោលបំណងបន្តពង្រឹង និងលើកកម្ពស់បន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធ និងគ្រប់ជ្រុងជ្រោយ រវាងព្រះរាជាណាចក្រទាំងពីរ ដើម្បីការស្តារសេដ្ឋកិច្ចឡើងវិញយ៉ាងឆាប់រហ័ស ក្រោយពីវិបតិ្តកូវីដ-១៩។

ក្រោយពេលបញ្ចប់កិច្ចប្រជុំគណៈកម្មការចម្រុះ (JC) លើកទី១១ រដ្ឋមន្រ្តីការបរទេសទាំងពីរ ក៏អញ្ជើញចូលរួមជាអធិបតីក្នុងពិធីប្រគល់-ទទួលជានិមិត្តរូបនូវឧបករណ៍សម្រាប់ធ្វើតេស្ត RT-PCR និង SARS-CoV-2 ពីរាជរដ្ឋាភិបាលថៃ ប្រគល់ជូនមន្ទីរពេទ្យបង្អែកប៉ោយប៉ែត និងមន្ទីរពេទ្យមង្គលបូរី នៃខេត្តបន្ទាយមានជ័យ និងបិទបញ្ចប់កម្មវិធីដោយការធ្វើសន្និសីទសារព័ត៌មានរួមគ្នា៕

អត្ថបទដែលជាប់ទាក់ទង