ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្តេចតេជោ ហ៊ុន សែន បានជំរុញឱ្យមានការលើកកម្ពស់ការធ្វើពាណិជ្ជកម្ម រវាងរាជធានីភ្នំពេញ និងក្រុងហូជីមិញបន្ថែមទៀត

71

 

ភ្នំពេញ ៖ នៅវិមានសន្តិភាព នាសៀលថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២២នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យឯកឧត្តម ង្វៀន វ៉ាន់នេន (Nguyen Van Nen) សមាជិកការិយាល័យនយោបាយមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម និងជាលេខាគណៈកម្មាធិការបក្សក្រុងហូជីមិញ ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារមួយចំនួន។

តាមការឲ្យដឹងពី ឯកឧត្តម អ៊ាង សុផល្លែត ជំនួយការផ្ទាល់របស់សម្តេចតេជោ បានឱ្យដឹងនៅក្រោយជំនួបថា នៅក្នុងជំនួបនេះ ឯកឧត្តម ង្វៀន វ៉ាន់នេន បានជម្រាបសម្តេចតេជោ ហ៊ុន សែន លើកិច្ចសហប្រតិបត្តិការ និងលទ្ធផលការងារមួយចំនួន ដែលសម្រេចបានរវាងរាជធានីភ្នំពេញ និងក្រុងហូជីមិញ។ ការងារទាំងអស់នោះមានដូចជា កិច្ចសហប្រតិបត្តិការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ជំរុញការបើកទីក្រុង និងសេដ្ឋកិច្ចឡើងវិញ។ បន្ថែមពីលើនោះ រាជធានីភ្នំពេញ និងក្រុងហូជីមិញ ក៏បានធ្វើកិច្ចសហប្រតិបត្តិការលើវិស័យដទៃទៀត រួមមានវិស័យទេសចរណ៍ ការតភ្ជាប់មានហេដ្ឋារចនាសម្ព័ន្ធ ការបង្កើនទំនាក់ទំនងរវាងប្រជាជន និងប្រជាជន និងយុវជនផងដែរ។

ជាការឆ្លើយតាប សម្តេចតេជោ ហ៊ុន សែន បានសម្តែងការសាទរចំពោះសមិទ្ធផលទាំងឡាយ កើតចេញពីកិច្ចសហប្រតិបត្តិការរវាងរាជធានីភ្នំពេញ និងក្រុងហូជីមិញ។ សម្តេចតេជោ ហ៊ុន សែន ក៏ផ្តល់អនុសាសន៍ឱ្យរាជធានីភ្នំពេញ និងក្រុងហូជីមិញ យកចិត្តទុកដាក់លើវិស័យទេសចរទាំងផ្លូវទឹក ផ្លូវគោក និងអាកាស។ សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានជំរុញឱ្យមានការលើកកម្ពស់ការធ្វើពាណិជ្ជកម្ម រវាងរាជធានីភ្នំពេញ និងក្រុងហូជីមិញបន្ថែមទៀតផងដែរ៕

អត្ថបទដែលជាប់ទាក់ទង