ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

មានមន្រ្តីចំនួន២២៨៦៤នាក់ ជាប់កាតព្វកិច្ចត្រូវប្រកាសទ្រព្យសម្បត្តិនិងបំណុល ក្នុងឆ្នាំ២០២៣ខាងមុខ

173

 

ភ្នំពេញ ៖ លោក សយ ចន្ទវិចិត្រ អ្នកនាំពាក្យអង្គភាពប្រឆាំងអំពើពុករលួយ នៅរសៀលថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២២នេះ បានបញ្ជាក់អ្នកសារព័ត៌មានថា នាយកដ្ឋានប្រកាសទ្រព្យសម្បត្តិនិងបំណុល បានត្រៀមទទួលមន្រ្តីដែលត្រូវមកប្រកាសទ្រព្យសម្បត្តិនិងបំណុល សរុបចំនួន២២៨៦៤នាក់ ដែលត្រូវចូលមកប្រកាសទ្រព្យសម្បត្តិនិងបំណុលរបស់ខ្លួន តាមរបបកំណត់២ឆ្នាំម្តង នៅឆ្នាំ២០២៣ខាងមុខ រួចរាល់ហើយ។

ការបញ្ជាក់របស់អ្នកនាំពាក្យACU បែបនេះ បានធ្វើក្នុងកិច្ចប្រជុំលើកទី១៨ របស់ក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ នៅរសៀលថ្ងៃទី២៩ខែធ្នូនេះ ក្រោមអធិបតីភាពឯកឧត្តម តុប សំ ប្រធានក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ និងលោកជំទាវកិតិ្តសង្គហបណ្ឌិត ឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភានិងអធិការកិច្ច នៅទីស្តីការអង្គភាពACU។

ការប្រកាសទ្រព្យសម្បត្តីនិងបំណុល របស់មន្រ្តីដែលជាប់កាតព្វកិច្ចត្រូវប្រកាសរៀងរាល់២ឆ្នាំម្តង គឺជាផ្នែកមួយដើម្បីប្រឆាំងអំពើពុករលួយ ដែលច្បាប់ប្រឆាំងអំពើពុករលួយជាតិ និងអន្តរជាតិ បានកំណត់ថាអំពើពុករលួយជាបទឧក្រិដ្ឋ។

យោងតាមរបាយការណ៍របស់ឯកឧត្តមបណ្ឌិត ទេសរដ្ឋមន្រ្តី ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ បានលើកឡើងថា កិច្ចប្រជុំនៅពេលនេះ ដើម្បីពិនិត្យនិងអនុម័តរបាយការណ៍ប្រចាំឆ្នាំ២០២២ ស្តីពីការងារមុនគោរពដាក់ជូនសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។

ឯកឧត្តម បណ្ឌិត ទេសរដ្ឋមន្រ្តី ឱម យ៉ិនទៀង បានលើកឡើងទៀតថា ចំពោះការងារប្រកាសទ្រព្យសម្បត្តិនិងបំណុល ក្នុងខែធ្នូឆ្នាំ២០២២ មានមន្រ្តីចំនួន៤៨៤នាក់ បានមកប្រកាសទ្រព្យសម្បត្តិនិងបំណុល ក្នុងនោះមានមន្រ្តីទើបតែងតាំងថ្មី ដែលជាប់កាតព្វកិច្ចប្រកាសទ្រព្យសម្បត្តិនិងបំណុល មានចំនួន២៨២នាក់។ មន្រ្តី២០១នាក់ បានប្រកាសលើកចុងក្រោយដោយមូលហេតុលាឈប់ ពីការងារនិងចូលនុវត្តន៍ និងចប់អាណត្តិ និងមានការប្រកាសទ្រព្យសម្បត្តិ១ករណី តម្រូវឲ្យមានការស៊ើបអង្កេត។

តាមសំណូមពរស៊ើបអង្កេត ប្រធាន អ.ប.ព. បានសម្រេចឱ្យបើកស្រោមសំបុត្រពិនិត្យឯក សារប្រកាសទ្រព្យសម្បត្តិ និងបំណុល ចំនួន ០២ករណី។

ការប្រកាសទ្រព្យសម្បត្តិ និងបំណុល តាមរបប ០២ឆ្នាំ ពីថ្ងៃទី១-៣១ ខែមករា ឆ្នាំ២០២៣ . នាយកដ្ឋានប្រកាសទ្រព្យសម្បត្តិ និងបំណុល បានត្រៀមទទួលឯកសារប្រកាសទ្រព្យ សម្បត្តិ និងបំណុល ពីមន្ត្រីដែលជាប់កាតព្វកិច្ចប្រកាសតាមរបប០២ឆ្នាំ (ឆ្នាំ២០២៣មានចំនួន ២២.៨៦៤ រូប។

អ.ប.ព. បានដំណើរការពិនិត្យ វិភាគ និងធ្វើការសម្រេចលើពាក្យប្ដឹងដែលមានក្នុងខែនេះ ចំនួន ៣០ ពាក្យប្ដឹង។ ពាក្យប្តឹងទាំង៣០ នេះ រួមទាំងចំណាក់ការលើពាក្យប្ដឹងក្នុងខែមុនៗ នាយកដ្ឋានកិច្ចការ តតិយុត្ត ពាក្យប្ដឹង និងអន្តរជាតិ – នាយកដ្ឋានស៊ើបអង្កេត និងចារកម្ម – នាយកដ្ឋានអប់រំ បង្ការ និងទប់ស្កាត់ បានដំណើរការស្រាវជ្រាវទាំងលើឯកសារ និងការចុះដល់មូលដ្ឋាន – ស្តាប់ការបំភ្លឺ ហើយទទួលបានលទ្ធផលដូចតទៅ៖ បានជម្រាបទៅម្ចាស់បណ្តឹងវិញនូវលទ្ធផលនៃការស្រាវជ្រាវរបស់ អ.ប.ព. ឃើញថា មិនដូច (មិនពិត) តាមអង្គហេតុដែលពាក្យប្ដឹងបានលើក ចំនួន ០៧ ពាក្យប្ដឹង។

ពាក់ព័ន្ធនឹងពាក្យប្ដឹងចំនួន ១១ បណ្តឹង អ.ប.ព. កំពុងទាក់ទងឱ្យសាម៉ីសា្ថប័ន សាម៉ី ខ្លួនរងការចោទប្រកាន់ ធ្វើការបំភ្លឺ និងបង្ហាញឯកសារ ភស្តុតាង នៃការបំភ្លឺរបស់ខ្លួន។ មានបុគ្គល ២៤ នាក់ ដែល អ.ប.ព. បានអញ្ជើញឱ្យមកបំភ្លឺផ្ទាល់មាត់នៅ អ.ប.ព.

មានពាក្យប្ដឹងចំនួន ០៩ ដែល អ.ប.ព. បានធ្វើលិខិតអន្តរាគមន៍សុំឱ្យពិនិត្យឡើងវិញ នូវអង្គហេតុ និងការសម្រេចកន្លងមក៕

អត្ថបទដែលជាប់ទាក់ទង