ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កម្ពុជានាំចេញគ្រាប់ស្វាយចន្ទីឆៅ ៦៧ម៉ឺនតោន មានទឹកប្រាក់ជាង ១ពាន់លានដុល្លារ ខណៈធ្លាក់ចុះ៣៤.៦៥ភាគរយ ព្រោះ បញ្ហាប្រែប្រួលអាកាសធាតុ

125

ភ្នំពេញ៖ រាជរដ្ឋាភិបាល កម្ពុជា នាំចេញគ្រាប់ស្វាយចន្ទីឆៅទៅទីផ្សារអន្ដរ ជាតិមានចំនួន ៦៧ម៉ឺនតោន គិតជាទឹកប្រាក់មានចំនួន ១០៧៧លានដុល្លា ថយចុះ ៣៤.៦៥ភាគរយ ក្នុងឆ្នាំ២០២២ ដោយសារតែ បញ្ហាប្រែប្រួលអាកាសធាតុ។ នេះបេី យោង តាមរបាយការណ៍របស់សមាគមស្វាយចន្ទីកម្ពុជា។
លោក អួន ស៊ីឡុត ប្រធានសមាគមស្វាយចន្ទីកម្ពុជា បានបញ្ជាក់ឲ្យដឹងថ្ងៃទី ០៤ មករា ឆ្នាំ២០២៣នេះថា៖ គ្រាប់ ស្វាយចន្ទីរបស់កម្ពុជាស្ទើរ ១០០ភាគរយបាននាំចេញទៅកាន់ប្រទេសវៀតណាមមានចំនួន៦៦ម៉ឺនតោន ថយចុះ ៣៧ ភាគ រយ។ គ្រាប់ស្វាយចន្ទីស្ងួត មានតម្លៃចន្លោះពី ៥៥០០រៀលទៅ ៧២០០រៀល អាស្រ័យតាមគុណភាពគ្រាប់។
លោក អួន ស៊ីឡុត បានបញ្ជាក់ថា៖ «រយៈពេល២ឆ្នាំចុងក្រោយនេះ ដោយសារតែបញ្ហានៃការប្រែប្រួលអាកាសធាតុ បានធ្វើឲ្យប្រជាកសិករប្រកបរបដាំចន្ទីនេះមានការខាតបង់ ប្រមូលផលបានតិច ចំណែកផលដែលទទួលបានវិញ មានគុណភាពទាប និងលក់ចេញបានតម្លៃថោក បូកផ្សំជាមួយការឡើងថ្លៃនៃជីថ្នាំកសិកម្ម និងប្រេងឥន្ធនៈ»។
លោកប្រធានសមាគមបានបន្ដថា បញ្ហាទាំងនេះហើយដែលធ្វើឲ្យប្រជាកសិករ សម្រេចកាប់ដើមចន្ទីចោលប្រមាណ ១០ម៉ឺនហិចតា ក្នុងរយៈពេល២ឆ្នាំចុងក្រោយនេះ ដែលធ្លាក់ចុះពី ៨០ម៉ឺនហិចតា មកនៅត្រឹមតែ ៧០ម៉ឺនហិចតាប៉ុណ្ណោះ នៅចុងឆ្នាំ២០២២។ ទន្ទឹមនឹងនេះ សមាគមស្វាយចន្ទីកម្ពុជា រំពឹងថា ៖ “ទោះបីជាកសិករកាប់ស្វាយចន្ទីអស់ ១០ម៉ឺនហិកតា សល់តែ៧០ម៉ឺនហិកតាក្ដី ក្នុងករណីអាកាសធាតុអំណោយផលយើងនៅតែរំពឹងថា កម្ពុជាអាចផលិតគ្រាប់ចន្ទីឆៅចន្លោះ ៨០ម៉ឺនតោនទៅ១លានតោន ក្នុងឆ្នាំ២០២៣”។
សូមបញ្ជាក់ថា បច្ចុប្បន្នស្វាយចន្ទី បានកំពុងតែចេញក្ដឹបហើយ ការចេញក្ដឹបក្នុងឆ្នាំនេះលឿនជាងឆ្នាំមុនៗ ហើយការចេញក្ដិបលឿននេះ ក៏អាចបញ្ជ្រាសផុតពីសន្សើមប្រៃ នាពាក់កណ្តាលខែកុម្ភៈ ដូច្នេះជាហេតុធ្វើឲ្យការប្រមូលផលចន្ទី នឹងអាចចាប់ផ្តើមនាចុងខែមករា ឆ្នាំ២០២៣ នេះ។ ការដាំដុះភាគច្រើនក្នុងខេត្តចំនួន១០ មានដូចជាខេត្តកំពង់ធំ ក្រចេះ កំពង់ចាម ព្រះវិហារ និងត្បូងឃ្មុំ៕ . សំរិត

អត្ថបទដែលជាប់ទាក់ទង