ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្ដេចក្រឡាហោម បានស្នើឱ្យប្រទេសអាល្លឺម៉ង់ពិនិត្យឡើងវិញ នូវលទ្ធភាពបង្កើតកិច្ចសហប្រតិបត្តិការ ពាក់ព័ន្ធនឹងវិស័យនគរបាល ជាមួយប្រទេសកម្ពុជា

133

 

ភ្នំពេញ៖ ឯកឧត្តម Stefan Messerer ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ បានថ្លែងថា ការងារកំណែទម្រង់វិមជ្ឈការ និង វិសហមជ្ឈការ នៅកម្ពុជា បានប្រព្រឹត្តទៅដោយជោគជ័យជាទីគាប់ចិត្ត ពិសេសការបង្ខិតសេវាសាធារណៈ ឱ្យបានទៅកៀកនឹងប្រជាពលរដ្ឋនៅតាមមូលដ្ឋាន។ ជាមួយគ្នាដែរ, សម្ដេចក្រឡាហោម បានស្នើដល់ឯកអគ្គរដ្ឋទូត ក៏ដូចជាប្រទេសអាល្លឺម៉ង់ ឱ្យជួយបន្តគាំទ្រដល់ ការងារកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការនៅប្រទេសកម្ពុជាបន្ថែមទៀត។

នារសៀលថ្ងៃទី៤ ខែមករា ឆ្នាំ២០២៣នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអនុញ្ញាតជូនឯកឧត្តម Stefan Messerer ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម។

សម្ដេចក្រឡាហោម ស ខេង បានសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅ ហើយឆ្លៀតក្នុងឱកាសនោះ សម្តេចក្រឡាហោម ក្នុងនាមរាជរដ្ឋាភិបាលនៃប្រទេសកម្ពុជា ក៏បានថ្លែងអំណរគុណដល់សហព័ន្ធអាល្លឺម៉ង់ ដែលតែងតែបន្តជួយពង្រឹងពង្រីក លើកិច្ចការអភិវឌ្ឍន៍របស់ព្រះរាជាណាចក្រកម្ពុជា ដូចជាការគាំទ្រដល់បុព្វហេតុផ្សេងៗ របស់កម្ពុជាផងដែរ។

ឯកឧត្តម ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ប្រចាំកម្ពុជា បានសម្ដែងការរីករាយដែលត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ប្រចាំព្រះរាជាណាចក្រកម្ពុជា និងបានជម្រាបសម្ដេចក្រឡាហោមថាក្នុងរយៈពេលប្រាំខែកន្លងមកនេះ ឯកឧត្តមបានដឹងខ្លះៗអំពីទំនាក់ទំនងរវាងអតីតឯកអគ្គរដ្ឋទូតសហព័ន្ធអាល្លឺម៉ង់ចាស់ ជាមួយកម្ពុជាដែលមានភាពស្និទ្ធស្នាលល្អ។

ឯកឧត្ដមក៏បានជ្រាបផងដែរថា ការងារកំណែទម្រង់វិមជ្ឈការ និង វិសហមជ្ឈការ នៅកម្ពុជា បានប្រព្រឹត្តទៅដោយជោគជ័យជាទីគាប់ចិត្ត ពិសេសការបង្ខិតសេវាសាធារណៈ ឱ្យបានទៅកៀកនឹងប្រជាពលរដ្ឋនៅតាមមូលដ្ឋាន។ ឯកឧត្តមក៏បានដឹងថា សម្ដេចក្រឡាហោម ក៏បានជួបពិភាក្សាជាមួយអតីតឯកអគ្គរដ្ឋទូតសហព័ន្ធអាល្លឺម៉ង់ អំពីលទ្ធភាពនៃការ បង្កើតកិច្ចសហប្រតិបត្តិការក្នុងវិស័យនគរបាលផងដែរ។

ពាក់ព័ន្ធវិស័យនគរបាល ឯកឧត្តមបានជម្រាបជូនសម្ដេចក្រឡាហោមថា បច្ចុប្បន្នអាល្លឺម៉ង់កំពុងតែសិក្សា លើចំណុចកិច្ចសហប្រតិបត្តិការផ្សេងៗជាមួយបណ្ឌិត្យសភានគរបាលកម្ពុជាលើការងារលើកកម្ពស់សមត្ថភាពរបស់មន្ត្រីនគរបាល ដោយឯកឧត្តមបានចាត់ទុកថាការងារនេះមានសារៈសំខាន់ ដោយសារមន្ត្រីនគរបាលគឺជាអ្នកដែលធ្វើការផ្ទាល់ យ៉ាងជិតស្និទ្ធជាមួយប្រជាពលរដ្ឋ ហើយទាមទារឱ្យមាននូវវិជ្ជាជីវៈ ខ្ពស់ និងមានសុជីវធម៌ល្អ។

ជាការឆ្លើយតបចំពោះកិច្ចការងារកំណែទម្រង់ វិមជ្ឈការ និង វិសហមជ្ឈការនេះដែរ សម្ដេចក្រឡាហោម បានជម្រាបជូនឯកឧត្តមឯកអគ្គរដ្ឋទូត ថាកាលពីឆ្នាំ២០១៩ សម្តេចបាន ទៅបំពេញទស្សនកិច្ចនៅសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ ដែលនៅពេលនោះសម្ដេចបាន យល់អំពីប្រវត្តិនៃការគ្រប់គ្រងរបស់ប្រទេសអាល្លឺម៉ង់។

សម្តេចក្រឡាហោម មានប្រសាសន៍ថា ដើម្បីរក្សាស្ថិរភាព និងសុខដុមបនីយកម្មនៅថ្នាក់មូលដ្ឋាន សម្រាប់រយៈពេលយូរវែង គឺមិនអាចប្រមូលផ្ដុំបន្តរក្សាអំណាចទាំងអស់នៅតែថ្នាក់កណ្ដាលនោះទេ ជម្រើសល្អបំផុត គឺផ្ដល់ភាពជាម្ចាស់ឱ្យប្រជាពលរដ្ឋដើម្បីអនុញ្ញាតឱ្យពួកគាត់ចូលរួមក្នុងការអភិវឌ្ឍ ប្រកបដោយចិរភាពនៅថ្នាក់មូលដ្ឋាន។

សម្តេចក្រឡាហោន បានរំលឹកផងដែរថា ក្រៅពីប្រទេសអាល្លឺម៉ង់ សម្តេចក៏បានអញ្ជើញទៅបំពេញទស្សនកិច្ចសិក្សានៅប្រទេសមួយចំនួនផ្សេងទៀតផងដែររួមមានសហរដ្ឋអាមេរិក សហភាពអឺរ៉ុប អូស្ត្រាលី និងប្រទេសបារាំង ប៉ុន្តែសម្តេច បានរកឃើញថាប្រទេសអាល្លឺម៉ង់ គឺជាប្រទេសដែលមានប្រព័ន្ធគ្រប់គ្រង រដ្ឋបាលថ្នាក់ក្រោមជាតិល្អជាងគេ ហើយចាប់តាំងពីពេលនោះមកប្រទេសកម្ពុជា បាន ធ្វើការជាមួយអាល្លឺម៉ង់ ដើម្បីយកគំរូល្អៗសម្រាប់កែច្នៃ និងប្រើប្រាស់សម្រាប់ ប្រព័ន្ធគ្រប់គ្រងនៅរដ្ឋបាលថ្នាក់ក្រោមជាតិរបស់ប្រទេសកម្ពុជា។

ពាក់ព័ន្ធការងារនេះ សម្ដេចក្រឡាហោម បានជម្រាបជូនឯកឧត្តមឯកអគ្គរដ្ឋទូតថា កាលពីដំណើរការកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការលើកដំបូងនៅកម្ពុជា គឺ ពុំមានការគាំទ្រច្រើនពីថ្នាក់ដឹកនាំ និងសាធារណជននោះទេ ប៉ុន្តែមកដល់ពេលនេះគឺ កិច្ចការងារនេះទទួលបានការគាំទ្រយ៉ាងធំធេងពីថ្នាក់ដឹកនាំ ក៏ដូចជាសាធារណជន ដែលអាចនិយាយបានថា កំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការនេះទទួលបានជោគជ័យយ៉ាងល្អ។

សម្តេចបានបន្ថែមថា បច្ចុប្បន្ននេះ កម្ពុជាកំពុងដាក់ឱ្យអនុវត្តនូវកម្មវិធី ជាតិដំណាក់កាលទីពីរ សម្រាប់ពីឆ្នាំ២០២១-២០៣០ ដែលក្នុងកម្មវិធីជាតិនេះ នឹងមានការបន្តការបែងចែកអំណាច និងធនធានទៅដល់ថ្នាក់ក្រោមជាតិ ដើម្បីអនុញ្ញាតឱ្យថ្នាក់ក្រោមជាតិកាន់តែមានគណនេយ្យភាពបន្ថែមទៀតចំពោះ ប្រជាពលរដ្ឋនៅថ្នាក់មូលដ្ឋាន។ សម្ដេចក្រឡាហោម បានស្នើដល់ឯកអគ្គរដ្ឋទូត ក៏ដូចជាប្រទេសអាល្លឺម៉ង់ ឱ្យជួយបន្តគាំទ្រដល់ ការងារកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការនៅប្រទេសកម្ពុជាបន្ថែមទៀត។

ពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការរវាងព្រះរាជាណាចក្រកម្ពុជា និងសហព័ន្ធអាល្លឺម៉ង់លើវិស័យនគរបាល សម្ដេចក្រឡាហោម បានលើកឡើងថា កម្ពុជាសព្វថ្ងៃត្រូវការធនធានមនុស្សជាចាំបាច់ ដើម្បីរក្សាសន្តិសុខ ឱ្យបានកាន់តែមានប្រសិទ្ធភាពថែមទៀត។

សម្ដេចក៏បានបញ្ជាក់ដែរអំពីការអញ្ជើញឯកឧត្តមអតីតឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ទៅបំពេញទស្សនកិច្ចនៅបណ្ឌិត្យសភានគរបាលកម្ពុជា ក៏ដូចជាការិយាល័យច្រកចេញចូលតែមួយនៅក្នុងខេត្តកណ្ដាលផងដែរ ហើយនៅពេលនោះអតីតឯកឧត្តមឯកអគ្គរដ្ឋទូតចាស់ បានសម្ដែងនូវការពេញចិត្ត យ៉ាងខ្លាំងចំពោះសមិទ្ធផលដែលកម្ពុជាសម្រេចបាន។

សម្ដេចក្រឡាហោម បានជម្រាបជូន ឯកឧត្តមឯកអគ្គរដ្ឋទូតថ្មីថា កម្ពុជាចង់ឱ្យមន្ត្រីនគរបាល មានស្តង់ដារសមត្ថភាពខ្ពស់ដូចទៅនឹងមន្ត្រីនគរបាលអន្តរជាតិផងដែរ ក្នុងន័យនេះសម្ដេចក្រឡាហោម បានស្នើឱ្យប្រទេសអាល្លឺម៉ង់ពិនិត្យឡើងវិញ នូវលទ្ធភាពបង្កើតកិច្ចសហប្រតិបត្តិការពាក់ព័ន្ធនឹងវិស័យនគរបាលនេះជាមួយប្រទេសកម្ពុជា។

ឯកឧត្តមឯកអគ្គរដ្ឋទូត បានសម្ដែងនូវការគាំទ្រ និងរីករាយ ចំពោះការលើកឡើងនិងការស្នើសុំរបស់សម្ដេចក្រឡាហោម លើប្រព័ន្ធកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ នៅក្នុងការងារនេះឯកឧត្តមបានជម្រាបជូនសម្ដេចក្រឡាហោមថា ឯកឧត្ដមសង្ឃឹមជឿជាក់ថា នឹងបន្តកិច្ចការងារនេះជាមួយប្រទេសកម្ពុជាជាបន្តទៀត។

ដោយឡែកពាក់ព័ន្ធកិច្ចសហប្រតិបត្តិការលើវិស័យនគរបាល ឯកឧត្ដមបានលើកឡើងថា វាគឺជាការងារមួយដ៏សំខាន់ ដោយសារមន្ត្រី នគរបាលបានធ្វើការយ៉ាងជិតស្និទ្ធជាមួយប្រជាពលរដ្ឋ ហើយឯកឧត្ដមបានជម្រាបជូនសម្ដេចក្រឡាហោមថា ប្រទេសអាល្លឺម៉ង់ កំពុងត្រៀមរៀបចំ ក្រុមនាំមុខដើម្បីចុះមកធ្វើការសិក្សាជាមួយបណ្ឌិត្យសភានគរបាលកម្ពុជា ដើម្បីឈានទៅរកការបង្កើតកិច្ចសហប្រតិបត្តិការផ្លូវការជាមួយប្រទេសកម្ពុជា។

សម្តេចក្រឡាហោម បានថ្លែងអំណរគុណចំពោះឯកឧត្តមឯកអគ្គរដ្ឋទូត និងបានជម្រាបជូនឯកឧត្តមថា សម្ដេចនឹងត្រៀមខ្លួនសហការជាមួយឯកឧត្តមក្នុងអាណត្តិជាឯកអគ្គរដ្ឋទូត សាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ប្រចាំព្រះរាជាណាចក្រកម្ពុជា៕

អត្ថបទដែលជាប់ទាក់ទង