ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឯកឧត្តម ហ៊ុន ម៉ាណែត៖ កងទ័ពត្រូវហ្វឹកហាត់ ផ្នែកកាយសិក្សាយោធា និងកីឡាផ្សេងៗឱ្យជាប់ជាប្រចាំ

44

ភ្នំពេញ៖ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានក្រើនរំឮកដល់យោធិនទាំងអស់ ត្រូវបន្តយកចិត្តទុកលើការហ្វឹកហាត់ផ្នែកកាយសិក្សាយោធា និងកីឡាផ្សេងៗឱ្យបានជាប់ជាប្រចាំ ដើម្បីពង្រឹងស្មារតី សុខភាព និងកាយសម្បទា សំដៅធានាបាននូវសមត្ថភាពពេញលេញក្នុងការបំពេញភារកិច្ចបម្រើជាតិ មាតុភូមិ និងប្រជាជនឱ្យបានជោគជ័យ។

ការក្រើនរំឮកបែបនេះ របស់លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានធ្វើឡើងក្នុងឱកាសលោកបានអញ្ជើញជាអធិបតីភាព ពិធីបិទការប្រកួតកីឡាកងយោធពលខេមរភូមិន្ទឆ្នាំ២០២៣ នៅថ្ងៃទី០៦ ខែមករា ឆ្នាំ២០២៣នេះ នៅសាលានាយទាហានសកម្ម ខេត្តកំពង់ស្ពឺ។

ជាមួយគ្នានេះ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត សូមថ្លែងកោតសរសើរចំពោះសាលានាយទាហានសកម្ម និងបណ្តាស្ថាប័ន-កងឯកភាពដៃគូសហការ ដែលបានខិតខំព្យាយាមប្រឹងប្រែងថែរក្សាប្រពៃណី និងទំនៀមទម្លាប់ក្នុងការរៀបចំ ការប្រកួតកីឡាកងយោធពលខេមរភូមិន្ទរាប់ចាប់តាំងពីវគ្គនាយទាហានសកម្មជំនាន់ទី១ ក្នុងឆ្នាំ១៩៩៦ រហូតមានការចាប់អារម្មណ៍ និងការទទួលស្គាល់ជាបន្តបន្ទាប់ ដោយផ្តើមពីការប្រកួតកម្រិតផ្ទៃក្នុងសាលា រហូតមានការបើក ទូលាយឱ្យបណ្តាសា្ថប័ន-កងឯកភាពផ្សេងទៀតចូលរួមជាមួយចាប់ពីឆ្នាំ២០០០ ហើយនៅក្នុងឆ្នាំ២០១៧ និង២០១៨ កន្លងទៅ ក៏ធ្លាប់ត្រូវបានរៀបចំក្នុងកម្រិតថ្នាក់ជាតិ ដោយមានការចូលរួមពីមហាជនផងដែរ៕

អត្ថបទដែលជាប់ទាក់ទង