ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអំពាវនាវដល់គណបក្សនយោបាយ អង្គការសង្គមស៊ីវិល ប្រព័ន្ធព័ត៌មាន ក្រសួងស្ថាប័ននានា និងអាជ្ញាធររួមគ្នាគោរពគោលការណ៍ច្បាប់ ធ្វើឱ្យការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ អព្យាក្រឹត្យ និងយុត្តិធម៌

46

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្ត្រីនៃកម្ពុជា បានអំពាវនាវដល់គណបក្សនយោបាយ អង្គការសង្គមស៊ីវិល ប្រព័ន្ធព័ត៌មាន ក្រសួងស្ថាប័ននានា និងអាជ្ញាធររួមគ្នាគោរពគោលការណ៍ច្បាប់ ធ្វើឱ្យការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ អព្យាក្រឹត្យ និងយុត្តិធម៌។

ការអំពាវនាវរបស់ សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងក្នុងឱកាសសម្តេចអញ្ជើញប្រារព្ធពិធីអបអរសាទរខួប៤៤ឆ្នាំ នៃថ្ងៃជ័យជម្នះ «៧មករា» នាថ្ងៃទី០៧ ខែមករា ឆ្នាំ២០២៣នេះ។

ជាមួយគ្នានេះដែរសម្តេចតេជោ ហ៊ុន សែន ក៏បានណែនាំដល់អាជ្ញាធរមូលដ្ឋានបន្តយកចិត្តទុកដាក់ពង្រឹងសន្តិសុខ សណ្តាប់សង្គម និងប្រឹងប្រែងក្នុងការផ្តល់សេវាគាំពារសង្គម។

សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវយ៉ាងដូច្នេះថា៖ «ព្រមជាមួយនេះ ខ្ញុំសូមអំពាវនាវដល់គ្រប់គណបក្សនយោបាយ អង្គការនានា នៃសង្គមស៊ីវិល ប្រព័ន្ធព័ត៌មាន ក្រសួងស្ថាប័ន អាជ្ញាធរ និងកងកម្លាំងមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ គោរពខ្ជាប់ខ្ជួនតាមគោលការណ៍ច្បាប់ ហើយចូលរួមទាំងអស់គ្នាក្នុងការពង្រឹងបរិយាកាសនយោបាយសម្រាប់ការបោះឆ្នោតប្រកបដោយលក្ខណៈអព្យាក្រឹត គ្មានការគំរាមកំហែង និងសុវត្ថិភាព ដើម្បីធានាឱ្យការបោះឆ្នោតប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌»។

សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា នៅសល់រយៈពេល ៧ខែទៀតប៉ុណ្ណោះការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ នឹងមកដល់នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ដែលជាព្រឹត្តិកាណ៍ជាប្រវត្តិសាស្ត្រមួយមានអត្ថន័យយ៉ាងធំធេងចំពោះជោគវាសនារបស់ជាតិ និងប្រជាជនកម្ពុជា។ ប្រជាជនយើងដែលបានឆ្លងកាត់ការបោះឆ្នោតសកលថ្នាក់ជាតិ ចំនួន ៦លើក និងការបោះឆ្នោតថ្នាក់ឃុំ សង្កាត់ ចំនួន៥លើក រួចមកហើយនោះ ពិតជាមានការយល់ដឹង និងបទពិសោធន៍គ្រប់គ្រាន់ក្នុងការអនុវត្តនូវសិទ្ធិសេរីភាពរបស់ខ្លួន ដើម្បីធានាការការពារសន្តិភាព ជំរុញការអភិវឌ្ឍ និងលើកស្ទួយជីវភាពឱ្យបានកាន់តែប្រសើរឡើង។

នៅក្នុងបរិការណ៍នេះក្នុងនាមគណបក្សប្រជាជនកម្ពុជា ដែលប្រកាន់ខ្ជាប់នូវលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស សម្តេចតេជោ ហ៊ុន សែន សូមប្រកាសជាឱឡារិកនូវការចូលរួមរបស់គណបក្សប្រជាជនកម្ពុជា ក្នុងការបោះឆ្នោតខាងមុខនេះ ដោយគោរពយ៉ាងម៉ឺងម៉ាត់តាមច្បាប់ ព្រមទាំងបទបញ្ជា និងនីតិវិធីរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត៕

អត្ថបទដែលជាប់ទាក់ទង