នាយឧត្តមសេនីយ៍ មាស សុភា ប្រកាសខេត្តព្រះសីហនុអស់មីន
ព្រះសីហនុ ៖ នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៣ នៅខេត្តព្រះសីហនុ បានរៀបចំពិធីអបអរសាទរការប្រកាសខេត្តព្រះសីហនុអស់មីន ក្រោមអធិបតីភាពឯកឧត្តម នាយឧត្តមសេនីយ៍ មាស សុភា ទេសរដ្ឋមន្រ្តីទទួលបន្ទុកកិច្ចការមីន គ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ និងការងារវិស្វកម្ម កងយោធពលខេមរភូមិន្ទ តំណាងដ៏ខ្ពង់ខ្ពស់បំផុតសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដី នៃព្រះរាជាណាចក្រកម្ពុជា ។
ក្នុងឱកាសថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៣នេះផងដែរ ជាថ្ងៃអបអរសាទរ ទិវាជាតិយល់ដឹងអំពីមីន ដែលឆ្នាំ២០២៣នេះ បារម្ភឡើងក្រោមប្រធានបទ “យើងរួមគ្នាដើម្បីសហគមន៍យើងគ្មានគ្រោះថ្នាក់ដោយសារគ្រាប់មីននិងគ្រាប់មិនទាន់ផ្ទុះ”!
អង្គភាពស៊ីម៉ាក់បានប្រើប្រាស់គំរោង“ជំនួយចិនលុបបំបាត់គ្រាប់មីននៅកម្ពុជា” ដែលជាហិរញ្ញប្បទានឥតសំណងរបស់រដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិនក្នុងឆ្នាំ២០២២ ក្នុងបោសសម្អាតគ្រាប់មីនប្រឆាំងមនុស្ស នៃតំបន់ដែលមានកំណត់ត្រាក្នុងប្រព័ន្ធទិន្នន័យជាតិក្នុងខេត្តព្រះសីហនុមានចំនួន៣៨ មានផ្ទៃដីសរុបចំនួន២.៦៦០.៥១៥ម៉ែត្រក្រឡា អង្គភាពCMACបានធ្វើការបោសសម្អាតចម្ការមីនទាំងនោះ ដោយបានរុករកឃើញនិងកម្ទេចចោលគ្រាប់មីន និងគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះគ្រប់ប្រភេទចំនួនសរុប១១.១៤៩គ្រាប់ ក្នុងនោះគ្រាប់មីនប្រឆាំងមនុស្សចំនួន២០៨គ្រាប់ គ្រាប់បែកទម្លាក់ពីយន្ដហោះ និងគ្រាប់បែកចង្កោមចំនួន១២៨គ្រាប់ និងគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះចំនួន១០.៨១៣គ្រាប់។
កិច្ចប្រតិបត្តិការនេះបានសម្រេចរំដោះខេត្តព្រះសីហនុពីការគំរាមកំហែងដោយសារគ្រាប់មីនប្រឆាំងមនុស្ស១០០% ដូចនេះខេត្តព្រះសីហនុ ជាខេត្តគ្មានតំបន់មានកំណត់ត្រាក្នុងទិន្នន័យជាតិថាមានបញ្ហាគ្រាប់មីនប្រឆាំងមនុស្សទៀតឡើយ និងក្លាយជា “ខេត្តគ្មានគ្រាប់មីន”។
សូមបញ្ជាក់បន្ថែមជាថ្មីថា ខេត្តអស់បញ្ហាគ្រាប់មីន មិនមានន័យថាខេត្តនោះអស់បញ្ហាសំណល់យុទ្ធភណ្ឌសង្គ្រាមដូចជាគ្រាប់បែកចង្កោម គ្រាប់មិនទាន់ផ្ទុះ និងគ្រាប់បែកទម្លាក់ពីយន្តឡើយ។ ជាក់ស្តែង ខេត្តព្រះសីហនុ មានផ្ទៃដីដែលរងផលប៉ះពាល់ដោយសារសំណល់យុទ្ធភណ្ឌសង្គ្រាម ដែលបានដឹងនិងមានក្នុងកំណត់ត្រាទិន្នន័យជាតិចំនួន៣.៧៧១.៥៤៩ម៉ែត្រក្រឡា ទៀតមិនទាន់បានបោសសម្អាតនៅឡើយ។ ទន្ទឹងនឹងនេះ មិនទាន់បានស្រាវជ្រាវតំបន់ស្ថិតនៅបាតសមុទ្រនិងបណ្តាកោះនានានៅឡើយទេ។ ដូចនេះ នៅខេត្តព្រះសីហនុនឹងបន្ដឃើញវត្តមានកម្លាំងអង្គភាពស៊ីម៉ាក់បន្ដការងារបោសសម្អាតគ្រាប់មិនទាន់ផ្ទុះសំណល់សង្គ្រាមនេះផងដែរ៕
