ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

មន្ទីរពេទ្យឯកជនទាំងអស់ក្នុងរាជធានីភ្នំពេញ ត្រូវថតរូបអ្នកបើកបរ និងស្លាកលេខរថយន្តគិលានសង្គ្រោះ ករណីរថយន្តគិលានសង្គ្រោះ របស់មូលដ្ឋានសុខាភិបាលឯកជន ដឹកអ្នករបួសដោយគ្រោះថ្នាក់ចរាចរណ៍ បញ្ជូនទៅកាន់ទីតាំងផ្តល់សេវាសុខាភិបាលឯកជន

77

ភ្នំពេញ៖ លោកបណ្ឌិត ងី មានហេង ប្រធានមន្ទីរសុខាភិបាលនៃរដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី ២៨ខែ កុម្ភៈ ឆ្នាំ២០២៣ បានចេញសេចក្តីជូនដំណឹងឲ្យអ្នកគ្រប់គ្រងមន្ទីរពហុព្យាបាល មន្ទីរសម្រាកព្យាបាល និងមន្ទីរពេទ្យឯកជនទាំងអស់ក្នុងរាជធានីភ្នំពេញ ថតរូបអ្នកបើកបរ និងស្លាកលេខរថយន្តគិលានសង្គ្រោះ ករណីរថយន្តគិលានសង្គ្រោះរបស់មូលដ្ឋានសុខាភិបាលឯកជន ដឹកអ្នករបួសដោយគ្រោះថ្នាក់ចរាចរណ៍ តាមដងផ្លូវសាធារណៈបញ្ជូនទៅកាន់ទីតាំងផ្តល់សេវាសុខាភិបាលឯកជន។

យោងៈ -លិខិតលេខ ០១៥ ស.ខ.ល ចុះថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៣ របស់ក្រសួងសុខាភិបាល ។ -ស្មារតីអង្គប្រជុំស្ដីពីកិច្ចប្រជុំត្រួតពិនិត្យ ពង្រឹង និងចាត់វិធានការលើរថយន្តគិលានសង្គ្រោះរបស់គ្លីនិកឯកជន គ្រប់ប្រភេទដែលគ្មានច្បាប់អនុញ្ញាតត្រឹមត្រូវ និង រថយន្តគិលានសង្គ្រោះដែលអនុវត្តខុសពីគោលការណ៍ណែនាំ របស់ក្រសួងសុខាភិបាល កាលពីថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២៣ របស់រដ្ឋបាលរាជធានីភ្នំពេញ។

មន្ទីរសុខាភិបាលនៃរដ្ឋបាលរាជធានីភ្នំពេញ សូមជម្រាបជូនដំណឹងដល់លោក/លោកស្រីជាម្ចាស់ ឬអ្នកគ្រប់គ្រងមន្ទីរពហុព្យាបាល មន្ទីរសម្រាកព្យាបាល និងមន្ទីរពេទ្យឯកជនទាំងអស់ក្នុងរាជធានីភ្នំពេញ ជ្រាបថា ករណីរថយន្តគិលានសង្គ្រោះរបស់មូលដ្ឋានសុខាភិបាលឯកជន ដឹកអ្នករបួសដោយគ្រោះថ្នាក់ចរាចរណ៍ តាមដងផ្លូវសាធារណៈបញ្ជូនទៅកាន់ទីតាំងផ្តល់សេវាសុខាភិបាលឯកជនរបស់លោក-លោកស្រី សូមជួយ ទទួលនិងផ្តល់សេវាសង្គ្រោះបន្ទាន់ជូនជនរងគ្រោះ ព្រមទាំងរាយការណ៍ជូនសមត្ថកិច្ចក្នុងមូលដ្ឋាន(ដោយថត រូបអ្នកបើកបរ និងស្លាកលេខរថយន្តគិលានសង្គ្រោះ) ដើម្បីឃាត់រថយន្ត និងអ្នកបើកបរ។

អាស្រ័យហេតុដូចបានជម្រាបជូនខាងលើសូម លោក / លោកស្រីជាម្ចាស់ ឬអ្នកគ្រប់គ្រងមន្ទីរ ពហុព្យាបាល មន្ទីរសម្រាកព្យាបាល និងមន្ទីរពេទ្យឯកជនទាំងអស់ក្នុងរាជធានីភ្នំពេញ ជ្រាបជាព័ត៌មាននិង ចូលរួមអនុវត្តឱ្យមានប្រសិទ្ធភាព។

ទទួលបានសេចក្ដីជូនដំណឹងនេះ លោក / លោកស្រីជាម្ចាស់ ឬអ្នកគ្រប់គ្រងមន្ទីរពហុព្យាបាល មន្ទីរសម្រាកព្យាបាល និងមន្ទីរពេទ្យឯកជនទាំងអស់ក្នុងរាជធានីភ្នំពេញ សហការអនុវត្តឱ្យមានប្រសិទ្ធភាព៕

អត្ថបទដែលជាប់ទាក់ទង