ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្ដេចក្រឡាហោម ស ខេង លើកទឹកចិត្តដល់បណ្ដាក្រុមហ៊ុនទាំងអស់ របស់សហរដ្ឋអាមេរិក បន្តពិនិត្យ និង ស្វែងរកដៃគូពង្រីកបន្ថែមទៀត នូវឱកាសវិនិយោគនៅកម្ពុជា

49

 

ភ្នំពេញ៖ សម្ដេចក្រឡាហោម ស ខេង លើកទឹកចិត្តដល់បណ្ដាក្រុមហ៊ុនទាំងអស់របស់សហរដ្ឋអាមេរិក បន្តពិនិត្យ និង ស្វែងរកដៃគូពង្រីកបន្ថែមទៀតនូវឱកាសវិនិយោគនៅកម្ពុជាផ្អែកលើសក្ដានុពលដែលកម្ពុជាមាន ទាំងកត្តាសេដ្ឋកិច្ចកត្តាសន្តិសុខ ហើយសម្ដេចផ្ទាល់ត្រៀមខ្លួនជា ក្នុងការផ្តល់កិច្ចសហការផ្សេងៗជាមួយនឹងក្រុមហ៊ុនទៅលើវិស័យដែលសម្រេចផ្ទាល់ទទួលខុសត្រូវ។

នាថ្ងៃអង្គារ ទី២៨ ខែកម្ភៈ ឆ្នាំ២០២៣នេះ សម្ដេចក្រឡាហោម ស ខេង ឧនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានទទួលជួបគណៈប្រតិភូក្រុមប្រឹក្សាធុរកិច្ច អាមេរិក អាស៊ាន ដឹកនាំសម្របសម្រួលដោយលោក ម៉ៃឃើល មីចាឡាក់ (Amb, Michael Michalak) នៅវិមានសន្តិភាព។

សម្ដេចក្រឡាហោម ស ខេង បានថ្លែងនូវការស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានគណៈប្រតិភូដែលអញ្ជើញមកកាន់ព្រះរាជាណាចក្រកម្ពុជាជាថ្មីម្តងទៀតនាពេលនេះ ដោយសម្ដេចបានរំឭកទៅដល់ជំនួបនាពេលកន្លងមកជាមួយ គណៈប្រតិភូ ក្រុមប្រឹក្សាធុរកិច្ច អាមេរិក អាស៊ាន ដែលបើទោះបីជានៅក្នុងដំណាក់កាលកូវីដ-១៩ ក៏ភាគីទាំងពីរធ្លាប់បានជួបតាមប្រព័ន្ធវីដេអូផងដែរ។ សម្ដេចក្រឡាហោម ក៏បានជម្រាបជូនក៏ដូចជាផ្តល់នូវព័ត៌មានបច្ចុប្បន្នភាពមួយចំនួនជូនទៅដល់គណៈប្រតិភូផងដែរ។

សម្ដេចក្រឡាហោម បានជម្រាបជូនអំពីស្ថានភាពទូទៅពាក់ព័ន្ធនឹងការវិវឌ្ឍនៃសេដ្ឋកិច្ចកម្ពុជា ក្នុងនោះសម្តេចបានលើកឡើងអំពីដំណើរការបើកប្រទេសឡើងវិញដែលមកដល់ពេលនេះ កម្ពុជាក៏ទទួលបាននូវកំណើនសេដ្ឋកិច្ចឡើងវិញប្រមាណ៥.២ភាគរយក្នុងឆ្នាំ២០២២ ហើយទន្ទឹមនេះសម្ដេចក៏សូមយកឱកាសនេះថ្លែងអំណរគុណចំពោះការចូលរួមចំណែករបស់សហរដ្ឋអាមេរិកក្នុងការ គាំទ្រដល់ដំណើរធុរកិច្ចនិងការខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលកម្ពុជាក្នុងការផ្តល់វ៉ាក់សាំងដែលរួមចំណែកដល់យុទ្ធនាការចាក់វ៉ាក់សាំងរបស់រាជរដ្ឋាភិបាលធ្វើឲ្យមានការបើកដំណើរការឡើងវិញ និងជំរុញដល់ការទទួលបាននូវវឌ្ឍនភាពសេដ្ឋកិច្ច។

សម្ដេចក្រឡាហោម ក៏បានជម្រាបជូនគណៈប្រតិភូនូវព័ត៌មានពាក់ព័ន្ធទៅនឹងស្ថានភាពទូទៅនៃសន្តិសុខនៅកម្ពុជា ដោយសម្ដេចបានជម្រាបជូនថាជារួម ស្ថានភាពសន្តិសុខនៅកម្ពុជាមានស្ថានភាពល្អប្រសើរ ដោយនៅក្នុងឆ្នាំ២០២២កន្លងទៅនេះ កម្ពុជាបានរៀបចំនូវព្រឹត្តិការណ៍ធំៗ ទាំងព្រឹត្តិការណ៍ជាតិ និងអន្តរជាតិ ក្នុងនោះមានការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ ហើយជាពិសេសទៀត គឺការចូលរួមការរៀបចំនូវព្រឹត្តិការណ៍កិច្ចកំពូលអាស៊ានដែលមានថ្នាក់ដឹកនាំកំពូលៗអន្តរជាតិឲ្យចូលរួម។ សម្ដេចបន្តថា ដូច្នេះជារួម ស្ថានភាពសន្តិសុខនៅកម្ពុជាមានលក្ខណៈល្អប្រសើរ។

សម្តេច ក៏បានជម្រាបជូនកិច្ចការមួយចំនួនដែលរាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាក្រសួងមហាផ្ទៃកំពុងតែខិតខំយកចិត្តទុកដាក់ដោះស្រាយក្នុងនោះរួមមានកត្តាគ្រោះថ្នាក់ចរាចរណ៍ដែលនៅតែបន្តមានការកើនឡើង ការប្រយុទ្ធប្រឆាំងបទល្មើសគ្រឿងញៀនខុសច្បាប់ ការប្រឆាំងទៅនឹងឧក្រិដ្ឋកម្មឆ្លងដែនគ្រប់ប្រភេទមានជាអាទិ៍បទល្មើសជួញដូរមនុស្ស និងបទល្មើសមិនប្រពៃណីផ្សេងផ្សេងទៀត រួមទាំងបទល្មើសប្រឆាំងការសម្អាតប្រាក់ផងដែរ។

ចំពោះបទល្មើសប្រឆាំងការសម្អាតប្រាក់នេះ សម្ដេចក្រឡាហោម ស ខេង ក៏បានយកឱកាសនេះជម្រាបជូនគណៈប្រតិភូអំពីសមិទ្ធផលថ្មីៗនេះដែលរាជរដ្ឋាភិបាលកម្ពុជាទទួលបាន គឺការសម្រេចរបស់អង្គការ FATF ក្នុងការដកកម្ពុជាចេញពីបញ្ជីប្រផេះនៃប្រទេសមានហានិភ័យសម្អាតប្រាក់ដែលសម្ដេចចាត់ទុកថានេះគឺជាសមិទ្ធផលមួយដែលនឹងរួមចំណែកដល់ការបង្កើននូវជំនឿទុកចិត្តពីសំណាក់វិនិយោគិនមកលើបរិយាកាសវិនិយោគ ក៏ដូចជាការធ្វើពាណិជ្ជកម្មនៅក្នុងព្រះរាជាណាចក្រកម្ពុជា។

សម្ដេចក្រឡាហោម ក៏បានថ្លែងអំណរគុណចំពោះ អង្គការ FATF ដែលក្នុងនោះក៏មានសហរដ្ឋអាមេរិកជាសមាជិកមួយក្នុងអង្គការនេះ ដែលអង្គការនេះ បានផ្ដល់នូវការគាំទ្រចំពោះកិច្ចខិតខំប្រឹងប្រែងជាច្រើនឆ្នាំរបស់រាជរដ្ឋាភិបាលកម្ពុជារហូតដល់សម្រេចដកកម្ពុជាចេញពីបញ្ជីប្រផេះ។

ពាក់ព័ន្ធទៅនឹងស្ថានភាពនយោបាយនៅកម្ពុជា សម្តេច ក៏យកឱកាសនេះជម្រាបជូនគណៈប្រតិភូដោយសង្ខេបថាតាមរយៈបទពិសោធកន្លងមក ការបោះឆ្នោតជាច្រើនលើកច្រើនសារនៅកម្ពុជាដល់បច្ចុប្បន្ន ទាំងគណបក្សនយោបាយក៏ដូចជាប្រជាពលរដ្ឋខ្មែរ គឺមានការសង្កេតឃើញថាកាន់តែមានភាពចាស់ទុំនៅក្នុងការប្រកួតប្រជែង ដូចជាការចូលរួមនៅក្នុងដំណើរការប្រជាធិបតេយ្យ។

សម្ដេច ក៏បានជម្រាបជូនដែរថាពាក់ព័ន្ធទៅនឹងដំណើរការរៀបចំការបោះឆ្នោតនៅកម្ពុជាក្នុងឆ្នាំ២០២៣នេះ រាជរដ្ឋាភិបាលកម្ពុជា ក៏បានដាក់ចេញនូវយន្តការដូចជាផែនការការពារសន្តិសុខសម្រាប់ការបោះឆ្នោត ដែលមានសម្ដេចផ្ទាល់ក៏ជាប្រធានគណៈកម្មការសន្តិសុខនេះ ហើយរាជរដ្ឋាភិបាលខិតខំធ្វើយ៉ាងណារក្សាបរិយាកាសសង្គមឲ្យបានល្អប្រសើរដើម្បីបម្រើឲ្យដំណើរការបោះឆ្នោតនាពេលខាងមុខនេះប្រព្រឹត្តទៅដោយសេរីត្រឹមត្រូវ និងយុត្តិធម៌គ្មានអំពើហិង្សាមិនស្របតាមគោលការណ៍ ប្រជាធិបតេយ្យសេរីពហុបក្ស។

លោក ម៉ៃឃើល មីចាឡាក់ (Amb, Michael Michalak) តំណាងក្រុមប្រឹក្សាធុរកិច្ច អាមេរិក អាស៊ាន ក៏បានថ្លែងអំណរគុណសម្ដេចក្រឡាហោម ចំពោះការផ្តល់នូវបច្ចុប្បន្នភាពព័ត៌មានមួយចំនួនអំពីស្ថានភាពទូទៅនៃសេដ្ឋកិច្ចសន្តិសុខ និងនយោបាយនៅកម្ពុជា។ លោក ក៏បានប្រគល់ វេទិកាពិភាក្សាគ្នាក្នុងជំនួបនោះ ដល់តំណាងក្រុមហ៊ុនដែលមានវត្តមានបានលើកឡើងនូវចំណាប់អារម្មណ៍ល្អមួយចំនួនពាក់ព័ន្ធទៅនឹងការវិនិយោគនៅកម្ពុជា។

តំណាងក្រុមហ៊ុនមកពីវិស័យសំខាន់សំខាន់មួយចំនួន មានជាអាទិ៍មកពីវិស័យថាមពល វិស័យធនាគារ វិស័យផលិតផល ប្រើប្រាស់ផ្សេងៗ បានលើកឡើងនូវចំណាប់អារម្មណ៍របស់ខ្លួនពាក់ព័ន្ធទៅនឹងដំណើរការវិនិយោគនៅកម្ពុជាដែលក្រុមហ៊ុនកំពុងតែមានវត្តមានធ្វើពាណិជ្ជកម្មនៅក្នុងប្រទេសកម្ពុជាហើយក៏បានផ្លាស់ប្ដូរយោបល់មួយចំនួន ដូចជាផ្ដល់នូវអនុសាសន៍បន្ថែមពាក់ព័ន្ធទៅនឹងដំណើរការកសាងរៀបចំនូវក្របខ័ណ្ឌច្បាប់ក៏ដូចជាលិខិតបទដ្ឋានគតិយុត្តិមួយចំនួនដើម្បីធ្វើយ៉ាងណាឲ្យ ការអនុវត្តនូវសកម្មភាពវិនិយោគរួមរស់ជាពាណិជ្ជកម្មនៅកម្ពុជាកាន់តែទទួលបាននូវការទាក់ទាញក៏ដូចជាកាន់តែមានវឌ្ឍនភាពរីកចម្រើនឡើងថែមទៀត។

ជាការឆ្លើយតបទៅនឹងការលើកឡើងនូវមតិយោបល់ពីសំណាក់បណ្តាក្រុមហ៊ុនដែលមានតំណាងចូលរួមនៅក្នុងឱកាសនៃជំនួបនោះ សម្ដេចក្រឡាហោម បានថ្លែងអំណរគុណចំពោះការចូលរួមយោបល់ដ៏មានសារៈសំខាន់ ហើយសម្ដេចក៏ សូមលើកទឹកចិត្តដល់បណ្ដាក្រុមហ៊ុនទាំងអស់បន្តពិនិត្យ និង ស្វែងរកដៃគូពង្រីកបន្ថែមទៀតនូវឱកាសវិនិយោគនៅកម្ពុជាផ្អែកលើសក្ដានុពលដែលកម្ពុជាមាន ទាំងកត្តាសេដ្ឋកិច្ចកត្តាសន្តិសុខ ហើយសម្ដេចផ្ទាល់ត្រៀមខ្លួនជា ក្នុងការផ្តល់កិច្ចសហការផ្សេងៗជាមួយនឹងក្រុមហ៊ុនទៅលើវិស័យដែលសម្រេចផ្ទាល់ទទួលខុសត្រូវ៕

 

អត្ថបទដែលជាប់ទាក់ទង