ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត៖ កងទ័ពជើងគោកប្តេជ្ញាការពារអង្គព្រះមហាក្សត្រ របបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ

104

ភ្នំពេញ៖ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក ​នាថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៣ បានអះអាងជាថ្មីម្តងទៀតថា ​កងទ័ពជើងគោកសូមប្តេជ្ញាការពារអង្គ​ព្រះមហាក្សត្រ របបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ សន្តិភាព ​និងការបង្រួបបង្រួមជាតិ ដើម្បី​ធានាការ​ពារនិរន្តរភាព និងផលប្រយោជន៍ដ៏ខ្ពង់ខ្ពស់របស់ជាតិ។
ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានសង្កត់ធ្ងន់ថា «ការប្រមាថលើអង្គព្រះមហាក្សត្រ គឺជាទង្វើខុសច្បាប់ អសីលធម៌ និងមិនមានការ​ទទួលខុសត្រូវក្នុងនាមជាពលរដ្ឋ។ ដូច្នេះ ក្នុងនាមជាកងកម្លាំងដែលមានភក្តីភាពចំពោះ ជាតិ សាសនា ព្រះមហាក្សត្រ កងទ័ពជើងគោកសូមប្តេជ្ញាការពារអង្គព្រះមហាក្សត្រ របបរាជានិយម​អាស្រ័យរដ្ឋធម្មនុញ្ញ សន្តិភាព និងការបង្រួបបង្រួមជាតិ ដើម្បីធានាការពារនិរន្តរភាព និងផល​ប្រយោជន៍​ដ៏ខ្ពង់ខ្ពស់របស់ជាតិ ដោយប្រឆាំងដាច់ខាត​ចំពោះរាល់អំពើខុសច្បាប់​ទាំងឡាយណា ដែលញុះញង់ឱ្យបែកបាក់សាមគ្គីភាពជាតិ។ ពិតណាស់ តាមរយៈប្រវត្តិសាស្ត្រដ៏ជូរចត់របស់កម្ពុជា គឺបានសបញ្ជាក់ហើយថា ​ការបែកបាក់សាមគ្គីបាននាំមកនូវសង្រ្គាម ដែលជាសត្រូវរួមរបស់​ប្រជាជាតិ​ខែ្មរទាំងមូល»។

ឯកឧត្តម ឧត្តមសេនីយ៍ឯក មេបញ្ជាការកងទ័ពជើងគោក ក៏បានលើកឡើងផងដែរថា អនុលោមតាមរដ្ឋ​ធម្មនុញ្ញ, គោលការណ៍ច្បាប់ និងនយោបាយការពារជាតិរបស់ព្រះរាជាណាចក្រកម្ពុជា គឺកង​យោធពល​ខេមរភូមិន្ទ ត្រូវរក្សាភាពស្មោះត្រង់ និងភាពដាច់ខាតនៅក្នុងកិច្ចការពារជាតិ សាសនា ព្រះមហាក្សត្រ, ការពាររដ្ឋធម្មនុញ្ញ ​និងរាជរដ្ឋាភិបាលស្របច្បាប់ និង ត្រូវបន្តប្រុងប្រៀបត្រៀម​លក្ខណៈធានាអនុវត្តយ៉ាងម៉ឺងម៉ាត់នូវបទបញ្ជារបស់រាជរដ្ឋាភិបាល ​ក្រសួងការពារជាតិ និង​អគ្គបញ្ជាការដ្ឋាន ដើម្បីការពារសន្តិភាព ​សណ្តាប់ធ្នាប់សាធារណៈ របៀបរៀបរយសង្គម និង​ស្ថិរភាពជាតិជាដើម។

នៅក្នុងឱកាសម្ពោធនូវអគារ និងសមិទ្ធផលនានារបស់បញ្ជាការដ្ឋានកាំភ្លើងធំកងទ័ពជើង​គោក​នោះដែរ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត សូមថ្លែងអំណរគុណផងដែរចំពោះថ្នាក់ដឹកនាំ និង​មន្ត្រីរាជការនៃក្រសួងស្ថាប័នស៊ីវិល ព្រមទាំងសប្បុរសជន ដែលបានចូលរួមចំណែកជាមួយ​រាជរដ្ឋាភិបាលក្នុងការឧបត្ថម្ភគាំទ្រ​ដល់កងយោធពលខេមរភូមិន្ទ ដែលនេះគឺជាការចូលរួមចំណែក​មួយយ៉ាងសំខាន់ក្នុងការពង្រឹងកងយោធពលខេមរភូមិន្ទ ហើយក៏ជាសក្ខីភាពនៃចំណង​សាមគ្គី​ស្អិតរមួតរវាងកងទ័ព និងប្រជាជន ​លើមូលដ្ឋាននៃខឿនការពារជាតិរបស់ប្រជាជន ដែលគាំទ្រដល់​ការ​បំពេញភារកិច្ចរបស់កងយោធពលខេមរភូមិន្ទក្នុងគ្រប់ដំណាក់កាល។
ឯកឧត្តម បានលើកឡើងទៀតថា ​ការអភិវឌ្ឍរីកចម្រើនរបស់បណ្តាស្ថាប័នកងឯកភាព​ទូទាំង​កងយោធពលខេមរភូមិន្ទមកដល់បច្ចុប្បន្ន ក៏មិនអាចកាត់ផ្តាច់បាន​ឡើយពី​ការចូលរួមចំណែកប្រកបដោយការលះបង់ ​និងគំនិតច្នៃប្រឌិតរបស់ថ្នាក់ដឹកនាំ និងយោធិនទាំង​អស់ នៅក្នុងការកសាងពង្រឹងអង្គភាពរឹងមាំលើគ្រប់វិស័យ។ ទាំងអស់នេះ គឺពិតជាបានស្តែង​ឱ្យឃើញនូវកិច្ចខិតខំប្រឹងប្រែងរួមគ្នា ​ដោយឈរលើបុព្វហេតុរួម គឺការកសាងមូលដ្ឋាននៃកិច្ច​ការពារជាតិ ដើម្បីធានាបាននូវសន្តិភាពស្ថិតស្ថេរយូរអង្វែង និងការកសាងឱកាសសម្រាប់ការ​អភិវឌ្ឍជាតិជាដើមនោះ។

អត្ថបទដែលជាប់ទាក់ទង