ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឯកឧត្តម កែប ជុតិមា អញ្ជើញជាអធិបតី ក្នុងពិធីអបអរសាទរខួបលើកទី១១២ ទិវានារីអន្តរជាតិ ៨មីនា

99

ភ្នំពេញ៖ នៅសាលាខណ្ឌដង្កោ រាជធានីភ្នំពេញ​ នារសៀលថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៣ ឯកឧត្តម កែប ជុតិមា តំណាងរាស្រ្តមណ្ឌលរាជធានីភ្នំពេញ ប្រធានគណ:កម្មការទី៤ នៃរដ្ឋសភា និងជាប្រធានក្រុមការងារចុះជួយខណ្ឌដង្កោ បានអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទររំលឹកខួបលេីកទី១១២ ទិវាអន្តរជាតិនារី​ ៨មីនា ឆ្នាំ២០២៣ ក្រោមមូលបទ «ស្រ្តីរួមគ្នា រក្សាសុខសន្តិភាព ដើម្បីកិច្ចអភិវឌ្ឍ ក្នុងយុគសម័យឌីជីថល»។

ពិធីនេះបានប្រារព្ធឡើងដោយមានការអញ្ជើញចូលរួមពីសំណាក់​ លោកជំទាវ គ្រួច សំអាន តំណាងរាស្រ្តមណ្ឌលរាជធានីភ្នំពេញ និងជាអនុប្រធានគណ:កម្មការទី៦ នៃរដ្ឋសភា ឯកឧត្តម លី ឆេងតំណាងរាស្រ្តមណ្ឌលរាជធានីភ្នំពេញ និងជាសមាជិកគណ:កម្មការទី៦ នៃរដ្ឋសភា លោក ម៉ៃ ម៉ុន ប្រធានក្រុមប្រឹក្សាខណ្ឌ លោកស្រី គឹម ញឹប អភិបាល នៃគណ:អភិបាលខណ្ឌដង្កោ ថ្នាក់ដឹកនាំរដ្ឋបាលខណ្ឌ និងអង្គភាពគ្រប់លំដាប់ថ្នាក់ក្នុងខណ្ឌដង្កោ ប្រធាន-អនុប្រធានការិយាល័យចំណុះឲ្យរដ្ឋបាលខណ្ឌ ចៅសង្កាត់ ស្មៀនសង្កាត់ ក្រុមប្រឹក្សាសង្កាត់ ជំនួយការអធិការដ្ឋាននគរបាល ប៉ុស្តិ៍នគរបាលរដ្ឋបាល មន្រ្តីការិយាល័យសុខាភិបាល មន្ទីរពេទ្យបង្អែក មណ្ឌលសុខភាព ប៉ុស្តិ៍សុខភាព មេភូមិ-អនុភូមិ-សមាជិកភូមិ (ជាស្រ្តី) សរុបចំនួន២៩០នាក់។

ថ្លែងក្នុងឱកាសនោះ ឯកឧត្តម កែប ជុតិមា ក៏បានពាំនាំនូវការផ្តាំផ្ញើ សួរសុខទុក្ខ ការនឹករលឹក និងផ្ញើនូវសារជូនពរសព្វសាធុការពររបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់ថ្នាក់ដឹកនាំ សមាជិក សមាជិកាដែលបានចូលរួមក្នុងកម្មវិធីថ្ងៃនេះ។ ឯកឧត្តម កែប ជុតិមា បានបន្តទៀតថា បច្ចុប្បន្ន ក្រោមការដឹកនាំប្រកបដោយកិត្តិបណ្ឌិត របស់​ សម្តេចតេជោ ហ៊ុន សែន បានដឹកនាំប្រទេសឆ្ពោះទៅរកការអភិវឌ្ឍលើគ្រប់វិស័យ ក្រោមម្លប់នៃសុខសន្តិភាព។

ឯកឧត្តម បានបន្តទៀតថា ការប្រារព្ធពិធីរំលឹកខួបទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៣ គឺគោលបំណងបន្តរំលេចពីតម្លៃពីការចូលរួម របស់ស្ត្រីដែលមិនអាចកាត់ថ្លៃបានក្នុងការថែរក្សាសុខសន្តិភាព ក៏ដូចជាកំពុងចូលយ៉ាងសកម្ម ក្នុងការពន្លឿនកិច្ចអភិវឌ្ឍលើគ្រប់វិស័យ។ ក្នុងភាពជាដៃគូ ប្រជាពលរដ្ឋកម្ពុជា ទាំងស្ត្រី​ និងបុរស នឹងចូលរួមដោយស្មើភាព​ និងស្មើសិទ្ធ ជាមួយប្រជាពលរដ្ឋនៃបណ្តាប្រទេសនានា ទាំងក្នុងតំបន់​ និងសកលលោក ជាពិសេសនៅក្នុងយុគសម័យឌីជីថល និងនៅក្នុងរបៀបវារៈស្តារសេដ្ឋកិច្ច-សង្គមក្រោយវិបត្តិកូវីដ១៩ ក៏ដូចជាការកសាងភាពធន់ ភាពរឹងមាំ និងការអភិវឌ្ឍប្រកបដោយចីរភាព។ ឯកឧត្តមក៏បានស្នើឲ្យមន្ត្រីរាជការ ក៏ដូចជា នារីគ្រប់រូបត្រូវតែបន្តការសិក្សារៀនសូត្រ និងស្វែងយល់បន្ថែមទៀតលើបច្ចេកវិទ្យា ក្នុងការពង្រឹងសមត្ថភាព ដើម្បីចូលរួមចំណែកក្នុងការអភិវឌ្ឍនស្ថាប័ន ដោយសារតែពីមួយថ្ងៃទៅមួយថ្ងៃកាន់តែមានការរីកចម្រើនឡើងឥតឈប់ឈរ និងមានវិវឌ្ឍន៍ខ្លួនយ៉ាងឆាប់រហ័ស។

ក្នុងឱកាសនោះដែរ ឯកឧត្តម កែប ជុតិមា បានឧបត្ថម្ភថវិកាចំនួន៦លានរៀល លោកជំទាវ គ្រួច សំអាន ឧបត្ថម្ភថវិកាចំនួន៣លានរៀលដល់កម្មវិធីនេះ ដោយក្នុងម្នាក់ៗទទួលបានសឹង១ ថវិកា៤ម៉ឺនរៀល​ ផងដែរ ៕

អត្ថបទដែលជាប់ទាក់ទង