ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រដ្ឋបាលរាជធានីភ្នំពេញ ចេញសារលិខិតថ្វាយព្រះពរ សូមក្រាបបង្គំទូលថ្វាយ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល

78

ភ្នំពេញ៖ នាឱកាសដ៏មហានក្ខត្តឫក្សអបអរសាទរ ខូបលើកទី១១២ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៣ ក្នុងនាមក្រុមប្រឹក្សា គណៈអភិបាល មន្ត្រីរាជការ កងកម្លាំង និងប្រជានុរាស្ត្រក្នុងរាជធានីភ្នំពេញ ទូលព្រះបង្គំ យើងខ្ញុំទាំងអស់គ្នា សូមក្រាបបង្គំអភិវន្ទ ថ្វាយព្រះសព្ទសាធុការពរជ័យចំពោះ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត។ ជាការពិតណាស់ ក្នុងព្រះរាជតួនាទីជាព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា និងក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ តែងតែយកព្រះទ័យទុកដាក់អស់ពីព្រះកាយពល និងព្រះបញ្ញាញាណបំពេញរាល់កិច្ចការសង្គម និងការងារមនុស្សធម៌ ដើម្បីបុព្វហេតុជាតិមាតុភូមិ និងការការពារសិទ្ធិស្ត្រី តាមរយៈការលើកកម្ពស់
ការធ្វើសេចក្តីសម្រេចចិត្តរបស់ស្ត្រីគ្រប់កាលៈទេសៈក្នុងវិស័យសេដ្ឋកិច្ច និងការចូលរួមរបស់ស្ត្រីដោយស្មើសិទ្ធិស្មើភាពក្នុងសង្គមជាពិសេសការប្រោសព្រះរាជទាននូវព្រះរាជអំណោយមនុស្សធម៌ ប្រកបដោយព្រះវីរគំរូល្អឆ្នើម និងសង្គហធម៌ដ៏ជ្រាលជ្រៅ ដែលនេះ គឺជាផ្នែកមួយដ៏សំខាន់ក្នុងការលើកកម្ពស់សុខុមាលភាពសាធារណៈ និងជីវភាពរស់នៅសម្រាប់ប្រជានុរាស្ត្ររបស់ព្រះអង្គ។ ជាថ្មីម្តងទៀត ទូលព្រះបង្គំ យើងខ្ញុំទាំងអស់គ្នា សូមលំឱនកាយវាចាចិត្ត លើកហត្ថប្រណម្យ បួងសួងដល់គុណបុណ្យព្រះ រតនត្រ័យ កែវទាំងបី វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក ទេវតាថែរក្សាទឹកដីនៃព្រះរាជាណាចក្រកម្ពុជា ប្ញទ្ធិបារមីទេវតាថែរក្សាព្រះ មហាស្វេតច្ឆត្រ និងបុណ្យបារមីនៃដួងព្រះវិញ្ញាណក្ខន្ធអតីតព្រះមហាក្សត្រ-ព្រះមហាក្សត្រីយានីខ្មែរគ្រប់ព្រះអង្គ សូមជួយបីបាច់ ថែរក្សាអភិបាលបានព្រំ ព្រះសព្ទសាធុការពរជ័យគ្រប់ប្រការ ថ្វាយជូន សម្ដេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ សូមទ្រង់មានព្រះរាជសុខភាពបរិបូរណ៍ ព្រះកាយពលមាំមួន ព្រះបញ្ញាញាណភ្លឺត្រចះត្រចង់ ព្រះជន្មាយុយឺនយូរជាងរយព្រះវស្សា ចាកផុតនូវព្រះរោគាព្យាធិទាំងឡាយ និងទទួលបាននូវព្រះពុទ្ធពរបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ ជានិច្ចនិរន្តរ៍ កុំបីឃ្លៀងឃ្លាតឡើយ ។

សូម សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ទ្រង់ព្រះមេត្តាទទូលនូវភក្ដីភាព ដ៏ស្មោះស្ម័គ្រ និងអភិវន្ទនកិច្ចដ៏ខ្ពង់ខ្ពស់បំផុត ពីទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នា៕

អត្ថបទដែលជាប់ទាក់ទង