ឆេះវិឡាភ្លោះ មួយកន្លែង បណ្តាលមកពីដុតធូបបង្កជាអគ្គិភ័យ
ភ្នំពេញ៖ ផ្ទះវិឡាភ្លោះ មួយកន្លែង ត្រូវបានអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅ បង្កការភ្ញាក់ផ្អើលដល់កម្លាំងសមត្ថកិច្ចចេញរថយន្តពន្លត់អគ្គិភ័យជួយអន្តរាគមន៍ភ្លាមៗ។
ហេតុការនេះបានកើតឡើងនៅចំណុចផ្ទះលេខ៧ ផ្លូវលេខ២ ភូមិទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ នៅថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២៣នេះ បានបំផ្លាញសម្ភារៈខាងក្រោមផ្នែកខាងមុខអស់មួយចំនួន និងប្រើប្រាស់ឡានទឹកអស់ចំនួន៣គ្រឿង ទើបគ្រប់គ្រងបានមិនឲ្យរីករាលដាល។
លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានប្រាប់ឲ្យដឹងថា ក្រោយពីទទួលបានព័ត៌មានពីប្រជាពលរដ្ឋបានរាយការណ៍មកកាន់លេខ ៦៦៦ ថា មានករណីអគ្គិភ័យកំពុងឆាបឆេះផ្ទះវិឡាភ្លោះ មួយកន្លែង យ៉ាងសន្ធោសន្ធៅ។ ភ្លាមៗនោះ លោកបានបញ្ជារថយន្តពន្លត់អគ្គិភ័យ ដើម្បីចេញជួយអន្តរាគមន៍តែម្តង។
លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន បានបន្តថា ចំពោះករណីខាងលើនេះ គឺមិនបណ្តាលឲ្យមានមនុស្សស្លាប់ ឬរបួស ទេ។
រឺឯផ្ទះវិឡាភ្លោះ ដែលត្រូវអគ្គិភ័យឆាបឆេះខាងលើនេះ គឺជាភេទសំណង់ វិឡាភ្លោះ ទំហំ ៧ម៉ែត្រ គុណនឹង ១៨ម៉ែត្រ។
លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន បានបន្តទៀតថា ករណីអគ្គិភ័យនេះ កម្លាំងសមត្ថកិច្ចបានបាញ់ទឹកពន្លត់ នៅវេលា ៨និង៥០នាទី ក្នុងនោះសមត្ថកិច្ចបានប្រើរថយន្តការិយាល័យអគ្គិភ័យ ចំនួន ៤គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ៣ឡាន ស្មើនឹង ១២ម៉ែត្រគូប។
ជាចុងក្រោយ លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការនគរបាលរាជធានីភ្នំពេញ បានធ្វើការសំណូមពរដល់បងប្អូនប្រជាពលរដ្ឋទាំងអស់នៅក្នុងរាជធានីភ្នំពេញ ត្រូវតែបង្កើតនូវការប្រុងប្រយ័ត្នឲ្យបានខ្ពស់បំផុត៕