ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អង្គភាពស៊ីម៉ាក់ ប្រកាសបើកការដ្ឋានប្រតិបត្តិការបោសសម្អាតមីន និងសំណល់យុទ្ធភណ្ឌសង្គ្រាមនៅខេត្តសៀមរាប

102

 

សៀមរាប ៖ នៅថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៣ ស្រុកស្វាយលើ ខេត្តសៀមរាប អង្គភាពស៊ីម៉ាក់ បានរៀបចំពិធីប្រកាសបើកការដ្ឋាន ប្រតិបត្តិការបោសសម្អាតមីន និងសំណល់យុទ្ធភណ្ឌសង្គ្រាម ក្រោមគម្រោងជំនួយចិនលុបបំបាត់គ្រាប់មីននៅកម្ពុជា ក្រោយអធិបតីភាពសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ តំណាងដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តមម WANG Wentian ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំព្រះរាជាណាចក្រកម្ពុជា។

សូមជម្រាបថា គម្រោងជំនួយឥតសំណងរបស់រដ្ឋាភិបាលនៃសាធារណរដ្ឋចិននេះ បានផ្ដល់ជូនអង្គភាពCMAC ចំនួនពីរដំណាក់កាលរួចមកហើយ ចាប់ពីឆ្នាំ២០១៨ ដល់ឆ្នាំ២០២២ មានថវិកាសរុបចំនួន១០លានដុល្លារ អាមេរិក។ ជាលទ្ធផលទាំងពីរដំណាក់កាលនេះ អង្គភាពCMACបានធ្វើការបោសសម្អាតផ្ទៃដីចម្ការមីន និងចម្ការគ្រាប់សរុបចំនួន៧៤.៩២២.៧៨៤ម៉ែត្រក្រឡា រុករកឃើញនិងកម្ទេចចោលគ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះសរុបចំនួន៧១.៥៥៨គ្រាប់។ គម្រោងនេះក៏បានរួមចំណែកក្នុងការអភិវឌ្ឍន៍សហគមន៍ ផ្តល់សុខសុវត្ថិភាព និងលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋសរុបចំនួន២១៤.៦៦១គ្រួសារ។

ចំពោះជំនួយដំណាក់កាលទី៣នេះ រដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន បានសម្រេចផ្ដល់ហិរញ្ញប្បទានឥតសំណង ជូនដល់រាជរដ្ឋាភិបាលកម្ពុជា គាំទ្រអង្គភាពCMAC ក្នុងឆ្នាំ២០២៣ នៅក្នុងភូមិសាស្រ្ដខេត្តចំនួន០៣រួមមាន ខេត្តកំពង់ធំ ខេត្តសៀមរាប និងខេត្តព្រះវិហារ ដែលមានទឹកប្រាក់ចំនួនចំនួន៤.៤លានដុល្លារអាមេរិក ដែលជំនួយនេះជាឆ្នាំទី១ នៃគម្រោងកម្មវិធីមានរយៈពេល៣ឆ្នាំ (២០២៣-២០២៥) មានថវិកាសរុបចំនួន១៣.២លានដុល្លារអាមេរិក ដែលត្រូវរំដោះផ្ទៃដីមានបញ្ហាគ្រាប់មីន និងសំណល់យុទ្ធភណ្ឌសង្គ្រាម នៅខេត្តទាំង៣ខាងលើជាង១០០គីឡូម៉ែតក្រឡា។

សូមបញ្ជាក់ថា ចំពោះសមិទ្ធផលក្នុងខេត្តសៀមរាប អង្គភាពស៊ីម៉ាក់បានចាប់ផ្ដល់ប្រតិបត្តិការបោសសម្អាតមីន និងសំណល់យុទ្ធភណ្ឌសង្គ្រាមគិតត្រឹមចុងឆ្នាំ២០២២ កន្លងទៅនេះ សម្រេចបានលទ្ធផលមានជាអាទិ៍ដូចជា បោសសម្អាតរំដោះផ្ទៃដីចម្ការមីន និងចម្ការគ្រាប់សរុបចំនួន៥១.៧៩០.៨៦៥ ម៉ែត្រក្រឡា រុករកឃើញកម្ទេចចោលគ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះគ្រប់ប្រភេទ សរុបចំនួន២៩.១៨៥គ្រាប់។

សូមបញ្ជាក់បន្ថែមថា គម្រោងជំនួយរបស់សាធារណរដ្ឋប្រជាមានិតចិននេះ សំដៅបោសសម្អាតសំណល់ជាតិផ្ទុះ ពីសង្គ្រាមគ្រប់ប្រភេទដែលជំនួយមនុស្សធម៌នេះ មិនត្រឹមតែលុបបំបាត់ការភ័យខ្លាច ចំពោះគ្រោះថ្នាក់ដោយសារគ្រាប់មីន និងគ្រាប់មិនទាន់ផ្ទុះសំណល់សង្គ្រាម បង្កើនសុខសន្តិភាពផ្លូវកាយផ្លូវចិត្តប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយជំរុញការអភិវឌ្ឍសេដ្ឋកិច្ចគ្រួសារ និងសង្គមកម្ពុជា កាន់តែរីកចម្រើនខ្លាំងក្លាថែមទៀត៕

អត្ថបទដែលជាប់ទាក់ទង