ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ជោគជ័យនៃការកែទម្រង់ប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ បានផ្តល់ផលជាបណ្តើរៗ លើការពង្រឹងគុណភាព «អភិបាលកិច្ចល្អ» និង ការកសាង ប្រព័ន្ធហិរញ្ញវត្ថុសាធារណៈរឹងមាំ

357

 

ភ្នំពេញ ៖ សុន្ទរកថាស្វាគមន៍របស់ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ថ្លែងក្នុងកម្មវិធីបើកនៃពិធីប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ ដំណាក់កាលទី ៤ ៖ «គណនេយ្យ-ភាពសមិទ្ធកម្ម» នៃកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈនៅថ្ងៃទី ២០ ខែ មីនា ឆ្នាំ ២០២៣។

ក្នុងទិវាជាប្រវត្តិសាស្ត្រនេះ, ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ សូមអនុញ្ញាតគោរពរាយការណ៍ជូន សម្តេចតេជោ នាយករដ្ឋមន្ត្រី ជ្រាបដ៏ខ្ពង់ខ្ពស់ និង ជម្រាបជូនអង្គពិធី អំពីវឌ្ឍនភាពគន្លឹះក្នុង ការអនុវត្តការងាររយៈកាលកន្លងមក និង ការត្រៀមបោះជំហានទៅកាន់ដំណាក់កាលទី ៤ នៃកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដូចតទៅ ៖
ចក្ខុវិស័យនៃកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ គឺ ៖ ប្រែក្លាយប្រព័ន្ធ គ្រប់គ្រងហិរញ្ញវត្ថុសាធារណៈកម្ពុជា ពីប្រព័ន្ធផ្តោតលើធាតុចូល និង មានលក្ខណៈមជ្ឈការ ទៅជាប្រព័ន្ធ ដែលផ្តោតលើលទ្ធផល ឬ សមិទ្ធកម្ម និង មានលក្ខណៈវិមជ្ឈការ ស្របតាម ស្ដង់ដា និង ឧត្តមានុវត្តន៍អន្តរជាតិ ដើម្បីសម្រេចចក្ខុវិស័យនេះ, យើងបានកំណត់យក យុទ្ធសាស្ត្របោះជំហានតាមដំណាក់កាល ឬ អភិក្រមជាខឿន តាមរយៈក្របខណ្ឌផែនការ សកម្មភាពរួមដ៏លម្អិតមួយ ដែលផ្សំឡើងពី ៖ (១). បណ្តាសកម្មភាពចាំបាច់សម្រាប់ការកសាង មូលដ្ឋានគ្រឹះនៅតាមដំណាក់កាលនីមួយៗ; និង (២). សកម្មភាពចាំបាច់នានា ដែលត្រូវ ចាប់ផ្ដើមសាកល្បងដកពិសោធន៍ជាបណ្តើរៗ មុនឈានចូលទៅដល់ដំណាក់កាលបន្ទាប់ ។ កម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ-ដំណាក់កាលទី ១ បានចាប់ផ្ដើមឡើង នៅចុងឆ្នាំ ២០០៤ ដោយផ្តោតលើ «ការពង្រឹងភាពជឿទុកចិត្តបានន ថវិកា» ហើយដែលត្រូវបានអនុវត្តរហូតដល់ឆ្នាំ ២០០៨ ដោយសម្រេចបាននូវសមិទ្ធ- ផលគន្លឹះជាមូលដ្ឋាន សម្រាប់ការបោះជំហានឡើងមកកាន់ដំណាក់កាលបន្ទាប់ នោះគឺ ៖ ការដោះស្រាយបានដោយជោគជ័យ នូវបញ្ហាបំណុលសាច់ប្រាក់ដ៏រ៉ាំរ៉ៃ; ការអនុវត្តពេញលេញ នូវប្រព័ន្ធគណនីទោលរតនាគារជាតិ ការធ្វើទំនើបកម្មច្បាប់ស្តីពីប្រព័ន្ធហិរញ្ញវត្ថុសាធា- រណៈ; ការកែទម្រង់កិច្ចលទ្ធកម្មសាធារណៈ; ការបង្កើតអង្គភាពសវនកម្មផ្ទៃក្នុង ជាដើម ។

ទាំងអស់នេះ គឺជាមូលដ្ឋានគ្រឹះដ៏ចាំបាច់ និង ជាបុរេលក្ខខណ្ឌ មិនអាចខ្វះបាន សម្រាប់ការចាប់ផ្ដើមដំណាក់កាលទី ២, ដោយផ្តោតលើ «ការពង្រឹងគណនេយ្យភាពហិរញ្ញ-វត្ថុ», ដែលត្រូវបានអនុវត្ត ពីឆ្នាំ ២០០៩ ដល់ឆ្នាំ ២០១៥ ។ ដំណាក់កាលទី ២ នេះ ត្រូវបានអនុវត្តតាមរយៈក្របខណ្ឌផែនការសកម្មភាព រយៈពេល ៥ ឆ្នាំ, និងបន្ទាប់ពីបាន ឆ្លងការវាយតម្លៃ, ត្រូវបានបន្ថែមសកម្មភាពសម្រាប់អនុវត្ត រយៈពេលប្រមាណ ២ ឆ្នាំបន្តទៀត ដោយសម្រេចបាននូវសមិទ្ធផលជាសារវ័ន្តមួយចំនួន ជាអាទិ៍ ៖ ការបើកផ្ដល់បៀវត្សជូន មន្ត្រីរាជការតាមប្រព័ន្ធធនាគារ; ការពង្រីកអង្គភាពសវនកម្មផ្ទៃក្នុង; ការអភិវឌ្ឍប្រព័ន្ធបច្ចេក- វិទ្យាព័ត៌មានសម្រាប់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (FMIS); និង ការចាប់ផ្តើម សាកល្បងអនុវត្តប្រព័ន្ធថវិកាកម្មវិធី នៅតាមក្រសួងមួយចំនួន ។
បន្ទាប់ពីបានវាយតម្លៃយ៉ាងម៉ត់ចត់លើវឌ្ឍនភាព រយៈពេល ៧ ឆ្នាំ នៃដំណាក់កាល ទី ២ រួចមក, រាជរដ្ឋាភិបាលបានសម្រេចចាប់ផ្តើមអនុវត្តដំណាក់កាលទី ៣ ដែលជាដំណាក់កាលយុទ្ធសាស្ត្រដ៏សំខាន់មួយទៀត ដោយផ្តោតលើ «ការផ្សារភ្ជាប់ថវិកា ទៅនឹងគោលនយោបាយ» ។ ដំណាក់កាលទី៣ នេះ ត្រូវបានអនុវត្តចាប់តាំងពីឆ្នាំ ២០១៦ មក ។ យ៉ាងណាមិញ, ដោយសារកត្តាសត្យានុម័តជាច្រើន, ជាពិសេស បញ្ហាវិបត្តិ ជំងឺកូវីដ-១៩, គោលដៅគន្លឹះមួយចំនួននៃដំណាក់កាលទី ៣ មិនអាចសម្រេចបានតាម កាលកំណត់ឡើយ ដែលជាហេតុតម្រូវឱ្យមានការពន្យារពេល តាមរយៈការដាក់ចេញនូវ ក្របខណ្ឌផែនការសកម្មភាពដំណាក់កាលទី៣ នេះ ចំនួន ២ ឆ្នាំបន្ថែមទៀត, គឺ ពីឆ្នាំ ២០២១ ដល់ឆ្នាំ ២០២២, មុននឹងយើងអាចចាប់ផ្តើមអនុវត្តដំណាក់កាលទី ៤ ដែលផ្តោត លើ «គណនេយ្យភាពសមិទ្ធកម្ម» នៅក្នុងឆ្នាំ ២០២៣ នេះ ។
បន្ថែមលើការពង្រឹងគណៈនេយ្យភាពហិរញ្ញវត្ថុ តាមរយៈការពង្រីក និង ការពង្រឹង ការអនុវត្តថវិកាកម្មវិធី ក៏ដូចជាការកែលម្អ និង ការពង្រឹងប្រព័ន្ធគណនេយ្យសាធារណៈ និង ប្រព័ន្ធសវនកម្ម និង អធិការកិច្ចហិរញ្ញវត្ថុ, ពិសេស ការចាប់ផ្ដើមដាក់ឱ្យអនុវត្តជាជំហានៗ នូវប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានសម្រាប់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (FMIS), លទ្ធផល ជាក់ស្ដែងជាសារវ័ន្តនៃការអនុវត្តដំណាក់កាលទី ៣ នៃកម្មវិធីកែទម្រង់ការគ្រប់គ្រងហិញ្ញវត្ថុសាធារណៈ ក៏រួមបញ្ចូលផងដែរ នូវយុទ្ធសាស្ត្រកែទម្រង់សំខាន់ៗ និង ច្បាប់គន្លឹះមួយចំនួន សម្រាប់ជាមូលដ្ឋានគ្រឹះនៃ «ប្រព័ន្ធថវិកាព័ត៌មានសមិទ្ធកម្ម» ជាអាទិ៍ ៖ យុទ្ធសាស្ត្រនៃការ- កែទម្រង់ប្រព័ន្ធថវិកា; យុទ្ធសាស្ត្រនៃការកែទម្រង់ប្រព័ន្ធថវិការបស់រដ្ឋបាលថ្នាក់ក្រោមជាតិ; យុទ្ធសាស្ត្រកៀរគរចំណូលរយៈពេលមធ្យម; យុទ្ធសាស្ត្រកែទម្រង់ប្រព័ន្ធលទ្ធកម្មសាធារណៈ; យុទ្ធសាស្ត្រស្តីពីការកែទម្រង់ប្រព័ន្ធគ្រប់គ្រងការវិនិយោគសាធារណៈ និង យុទ្ធសាស្ត្រ
កែទម្រង់ប្រព័ន្ធគណនេយ្យ ។ ថ្មីៗនេះ, ច្បាប់ស្តីពីប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ (ថ្មី) ក៏ត្រូវ បានអនុម័ត និង ប្រកាសដាក់ឱ្យប្រើប្រាស់ ជំនួស ច្បាប់ស្ដីប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ ឆ្នាំ ២០០៨ ដែលច្បាប់ថ្មីនេះ បានកំណត់ឱ្យរាជរដ្ឋាភិបាលរៀបចំដាក់ឱ្យ «អនុវត្តជាមូល- ដ្ឋាន» នូវ «ថវិកាព័ត៌មានសមិទ្ធកម្ម» ឱ្យបាន នៅឆ្នាំ ២០២៦ ។ បន្ថែមលើនេះ, សេចក្ដីព្រាងច្បាប់ស្តីពីលទ្ធកម្មសាធារណៈ សម្រាប់ជំនួស ច្បាប់ស្តីពីលទ្ធកម្មសាធារណៈ ឆ្នាំ ២០១២ និង សេចក្តីព្រាងច្បាប់ស្តីពីសារពើពន្ធ សម្រាប់ជំនួសច្បាប់ស្តីពីសារពើពន្ធជា ធរមានបច្ចុប្បន្ន ក៏ត្រូវបានរៀបចំរួចស្រេចបាច់ផងដែរ ដែលរំពឹងថា នឹងអាចឆ្លងការពិនិត្យ សម្រេចដោយអង្គគណរដ្ឋមន្រ្តី ព្រមទាំងការពិនិត្យ និង ការអនុម័ត ដោយស្ថាប័ននីតិបញ្ញត្តិ តាមនីតិវិធីច្បាប់ជាធរមាន ក្នុងពេលដ៏ឆាប់ខាងមុខ ។

សមិទ្ធផលក្នុងរយៈពេលជិត ២០ ឆ្នាំនេះ បានបង្ហាញជាក់ច្បាស់ថា រាជរដ្ឋាភិបាលកម្ពុជា, ដែលមានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ជាសេនាធិការ, បាននិងកំពុងធ្វើដំណើរនៅលើមាគ៌ាដ៏ត្រឹមត្រូវ ឆ្ពោះទៅកាន់ការសម្រេច បាននូវចក្ខុវិស័យដែលបានកំណត់ ។ ជោគជ័យនៃការកែទម្រង់ប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ បានផ្តល់ផលជាបណ្តើរៗ លើការពង្រឹងគុណភាព «អភិបាលកិច្ចល្អ» និង ការកសាង ប្រព័ន្ធហិរញ្ញវត្ថុសាធារណៈរឹងមាំមួយ ដែលអនុញ្ញាតឱ្យរាជរដ្ឋាភិបាលអាចលើកកម្ពស់ជីវភាព និង បម្រើសេវាសាធារណៈ ជូនប្រជាជនបានកាន់តែប្រសើរឡើង តាមរយៈការអភិវឌ្ឍ ធនធានមនុស្ស ឱ្យកាន់តែមានគុណភាព; ការកសាងហេដ្ឋារចនាសម្ព័ន្ធរូបវន្តចាំបាច់នានា ដូចជា ប្រព័ន្ធគមនាគមន៍, ប្រព័ន្ធធារាសាស្ត្រ និង ប្រព័ន្ធអគ្គិសនី; ការកសាងសាលារៀន និង មន្ទីរពេទ្យ បានកាន់តែច្រើន និង មានគុណភាពកាន់តែប្រសើរឡើងឥតឈប់ឈរលើ
សមិទ្ធផលជាប្រវត្តិសាស្ត្រនៃការកែទម្រង់ និង ការអភិវឌ្ឍ, ដែលយើងទាំងអស់គ្នា កំពុងតែក្រេបជញ្ជក់ជាមនុញ្ញផលនេះ, អាចសម្រេចបានមក ដោយសារកិច្ចប្រឹងប្រែងរួម ជាធ្លុងមួយ ជាមួយនឹងឆន្ទៈមុត្រស្រួចឥតរាថយ នៃថ្នាក់ដឹកនាំ និង មន្ត្រីរាជការពាក់ព័ន្ធ គ្រប់លំដាប់ថ្នាក់ នៃគ្រប់ក្រសួង-ស្ថាប័នជាតិ នៅក្រោមម្លប់ដ៏ត្រជាក់នៃ «សន្តិភាព» ដែលអគ្គមហារដ្ឋបុរសដ៏ឆ្នើមគ្មានពីរ នៃយើង គឺសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បាននាំមកជូនប្រទេសជាតិ និង ប្រជាជនកម្ពុជា តាមរយៈការតស៊ូលះបង់ដ៏ធំធេងបំផុត ពោលគឺ ដោយប្រថុយជីវិតផ្ទាល់ខ្លួន ដើម្បីបុព្វហេតុដ៏ឧត្តុងឧត្តមមិនអាចកាត់ថ្លៃបាននេះ ។ សមិទ្ធផល និង បទពិសោធន៍ ក្នុងរយៈពេល ២០ ឆ្នាំកន្លងទៅ បានផ្តល់មេរៀនដ៏មានតម្លៃ ជាច្រើនអនេក និងបានធ្វើឱ្យយើងរឹតតែជឿជាក់លើភាពត្រឹមត្រូវនៃទស្សនៈវិស័យរបស់យើង នោះគឺ យើងត្រូវកែទម្រង់ តាមសេចក្តីត្រូវការរបស់កម្ពុជា, ក្នុងបរិបទសង្គម-សេដ្ឋកិច្ច ស្ថាប័ន និង រដ្ឋបាល របស់ កម្ពុជា, ក្នុងភាពជាម្ចាស់របស់កម្ពុជា, និង ជាពិសេស ក្នុងការទទួលខុសត្រូវរបស់កម្ពុជា ចំពោះជោគវាសនាអនាគតជាតិ ដោយខ្លួនឯង ស្របតាមបាវចនា ២ ៖ «កទម្រង់ខាង ក្នុង, បង្កើនមិត្តខាងក្រៅ ក្នុងស្មារតីឯករាជ្យ” និង អភិក្រមទាំង ៥ ៖ «ឆ្លុះ កញ្ចក់, ងូតទឹក, ដុសក្អែល, ព្យាបាល និង វះកាត់”; របស់ សម្តេចតេជោ នាយករដ្ឋមន្ត្រី ។
កែទម្រង់-រស់, មិនកែទម្រង់-ស្លាប់! នេះ គឺជាឱវាទានុសាសន៍ដ៏ខ្ពង់ខ្ពស់ របស់សម្ដេចតេជោ នាយករដ្ឋមន្ត្រី ដែលគណៈកម្មាធិការដឹកនាំកាងារកែទម្រង់ការគ្រប់គ្រងហិរញ្ញត្ថុសាធារណៈ តែងប្រកាន់ខ្ជាប់ ជាប្រទីបនាំផ្លូវ នៅក្នុងគ្រប់សកម្មភាពរបស់ខ្លួន ។ ឱវាទានុសាសន៍នេះ តែងក្រើនរំលឹក និង ដាស់ស្មារតីយើងទាំងអស់គ្នាជាប់ជាប្រចាំ ថា យើងគ្មានជម្រើសអ្វីល្អជាង ក្រៅពីត្រូវកែទម្រង់នោះឡើយ, កែឱ្យបានល្អ, កែឱ្យកាន់តែ មានប្រសិទ្ធភាព និង កែឱ្យបានរីកចម្រើនរុងរឿងថែមទៀត! ប្រាកដណាស់ថា ការកែទម្រង់ ការងារដ៏លំបាកស្មុគស្មាញ, ដោយម្ខាង, យើងត្រូវជួបប្រទះបញ្ហាប្រឈមច្រើន, ទាំងផ្នែកផ្នត់គំនិត, ឆន្ទៈ, ភាពជាអ្នកដឹកនាំ, ការប៉ះពាល់ផលប្រយោជន៍, សមត្ថភាព, ធនធានមនុស្ស និង បញ្ហាបច្ចេកទេស; និងម្ខាងទៀត, យើងត្រូវតែចាប់ផ្តើមធ្វើ ដោយមិន បង្អង់រង់ចាំទាល់តែមានសមត្ថភាព, ធនធាន និង មធ្យោបាយគ្រប់គ្រាន់នោះឡើយ ក្នុងស្មារតី «ធ្វើបណ្ដើរ, រៀនបណ្ដើរ, និង កែលម្អបណ្ដើរ» ។ ដូច្នេះ, ការកែទម្រង់ អាច ប្រៀបប្រដូចបានទៅនឹងការដាំ និងការថែរក្សាដើមឈើយ៉ាងដូច្នោះដែរ ដែលតម្រូវឱ្យមាន ភាពអត់ធ្មត់ និងទ្រាំជម្នះភាពនឿយហត់, ហើយជួនកាលរួមទាំងភាពជូរចត់ផងដែរ; ក៏ ប៉ុន្តែ, ផ្លែផ្កាដែលទទួលបានពីកិច្ចខិតខំប្រឹងប្រែងដ៏មោះមុត និងការព្យាយាមឥតរាថយនោះ គឺ ភាពរីករាយ, ក្តីសុខក្សេមក្សា និង ការរីកចម្រើនឈានឡើងជាបន្តបន្ទាប់ របស់សង្គមជាតិ ប្រកបដោយវិបុលភាព និង ចីរភាព ។
ពេលនេះ, កម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ បានឈានដល់ដំណាក់កាលទី ៤ ៖ «គណនេយ្យភាពសមិទ្ធកម្ម» ដែលជាដំណាក់កាលចុងក្រោយរបស់ ខ្លួន ដោយសម្រួចទិស និងតម្រង់គោលដៅឆ្ពោះទៅរក «សមិទ្ធកម្ម ឬ លទ្ធផល» ។ ក្នុងន័យនេះ, គណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធាណៈ ពិតជា ត្រូវការនូវការគាំទ្រ ក៏ដូចជាការចូលរួមកាន់តែសកម្មឡើងថែមទៀត ពីសំណាក់គ្រប់ដៃគូ និង តួអង្គពាក់ព័ន្ធទាំងអស់, ជាពិសេស ពីសំណាក់គ្រប់ក្រសួង-ស្ថាប័ននៃរាជរដ្ឋាភិបាល, ទាំងនៅ ថ្នាក់ជាតិ និង ថ្នាក់ក្រោមជាតិ, ដើម្បីសម្រេចឱ្យបានជោគជ័យនូវផែនការសកម្មភាពទាំងឡាយ នៅក្នុង ដំណាក់កាលទី ៤ នេះ ដែលខ្ញុំសូមអនុញ្ញាតគូសរំលេចនូវការងារជាអាទិភាព គន្លឹះមួយចំនួន ដូចខាងក្រោម ៖

ទី១). ការរៀបចំជំរុញអនុវត្តនូវ ច្បាប់ស្តីពីប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ ឆ្នាំ ២០២៣ ដែលទើបត្រូវបានត្រូវបានអនុម័ត ដាក់ឱ្យប្រើជំនួស ច្បាប់ស្តីពីប្រព័ន្ធហិរញ្ញវត្ថុ សាធារណៈ ឆ្នាំ ២០០៨ ។
ទី២). ការរៀបចំជំរុញអនុវត្តនូវក្របខណ្ឌហិរញ្ញវត្ថុសាធារណៈរយៈពេលមធ្យម និង ក្របខណ្ឌថវិការយៈពេលមធ្យម ។
ទី៣).ការពង្រឹង និង ការជំរុញការអនុវត្តយុទ្ធសាស្ត្រកែទម្រង់សំខាន់ៗ ដែលត្រូវ បានដាក់ចេញរួចហើយ ដើម្បីបន្តផ្ដល់ការគាំទ្រ និង មូលដ្ឋានគ្រឹះរឹងមាំ ដល់ ការអនុវត្តកម្មវិធីកែទម្រង់របស់យើងទៅមុខទៀត ដែលរួមមានជាអាទិ៍ ៖
យុទ្ធសាស្ត្រនៃការកែទម្រង់ប្រព័ន្ធថវិកា
យុទ្ធសាស្ត្រនៃការកែទម្រង់ប្រព័ន្ធ
ថវិការបស់រដ្ឋបាលថ្នាក់ក្រោមជាតិ; យុទ្ធសាស្ត្រកៀរគរចំណូល: យុទ្ធសាស្ត្រ កែទម្រង់ប្រព័ន្ធលទ្ធកម្មសាធារណៈ; យុទ្ធសាស្ត្រស្តីពីការកែទម្រង់ប្រព័ន្ធគ្រប់គ្រងការវិនិយោគសាធារណៈ និង យុទ្ធសាស្ត្រកែទម្រង់ប្រព័ន្ធគណនេយ្យ ។ ទី៤). ការផ្តោតអាទិភាពលើ «សមិទ្ធកម្ម» ជាមូលដ្ឋានគ្រឹះក្នុងការចរចា និង អនុ- ម័តថវិកាកម្មវិធី ប្រចាំឆ្នាំ ។ និង
ទី៥).ការពង្រីកវិសាលភាព និងការពង្រឹងប្រសិទ្ធភាព នៃការអនុវត្តប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានសម្រាប់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (FMIS), ទាំងនៅ ថ្នាក់ជាតិ និង ថ្នាក់ក្រោមជាតិ ។

មុននឹងបញ្ចប់, ក្នុងនាមគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញ- វត្ថុសាធារណៈ, ឯកឧត្តមបណ្ឌិត សូមសម្តែងនូវកត្តញ្ញូតាធម៌ និង កតវេទិតាធម៌ដ៏ជ្រាលជ្រៅបំផុត គោរព ជូន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា
ចំពោះឧបការគុណដ៏ខ្ពង់ខ្ពស់បំផុត នៅក្នុងការដឹកនាំ, ការចង្អុលបង្ហាញ និង ការគាំទ ក្នុងគ្រប់កាលៈទេសៈ, ជាពិសេស នៅពេលមានបញ្ហាវិបត្តិស្មុគស្មាញផ្សេងៗ ដូចជា វិបត្តិនៃជំងឺកូវីដ-១៩ ថ្មីៗនេះ ដែលទាមទារនូវការសម្រេចចិត្ត និង ការដឹកនាំបញ្ជា ប្រកបដោយ គតិបណ្ឌិត, ភាពឈ្លាសវៃ, យុត្តិធម៌ និង គុណធម៌, ជាបច្ច័យនាំឱ្យសម្រេចបាននូវសមិទ្ធ- ផលជាប្រវត្តិសាស្ត្រ នៅក្នុងការអនុវត្តកម្មវិធីកែទម្រង់ ក៏ដូចជាក្នុងការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈប្រចាំថ្ងៃ ក្នុងរយៈពេល ២ ទសវត្សរ៍កន្លងទៅ ។
ខ្ញុំក៏សូមថ្លែងអំណរគុណដ៏ជ្រាលជ្រៅ ដល់ថ្នាក់ដឹកនាំ និង មន្ត្រីរាជការគ្រប់លំដាប់ ថ្នាក់នៃក្រសួង-ស្ថាប័នពាក់ព័ន្ធទាំងអស់, ជាពិសេស សមាសភាពនៃគណៈកម្មាធិការ ដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និង ក្រុមការងារកែទម្រង់ការ- គ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ នៅតាមក្រសួង-ស្ថាប័ននានា ដែលបានចូលរួមអនុវត្ត ផែនការសកម្មភាពកែទម្រង់ យ៉ាងសស្រាក់សស្រី តាំងពីក្នុងដំណាក់កាលទី ១ រហូតមក ដល់ដំណាក់កាលទី ៤ ដែលជាដំណាក់កាលចុងក្រោយនេះ ខ្ញុំក៏សូមថ្លែងអំណរគុណដ៏ ជ្រាលជ្រៅផងដែរ ជូនបណ្ដាដៃគូអភិវឌ្ឍន៍ទាំងអស់ ដែលបានផ្ដល់នូវកិច្ចសហការ និង ការឧបត្ថម្ភគាំទ្រ, ទាំងផ្នែកបច្ចេកទេស និង ផ្នែកហិរញ្ញវត្ថុ, សម្រាប់កម្មវិធីកែទម្រង់ការ- គ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដោយគោរពខ្ជាប់ខ្ជួន នូវភាពជាម្ចាស់របស់កម្ពុជា ។ ចុង ក្រោយ, ខ្ញុំសូមវាយតម្លៃខ្ពស់ និង កោតសរសើរ ចំពោះថ្នាក់ដឹកនាំ និង មន្រ្តី-បុគ្គលិកនៃ អគ្គលេខាធិការដ្ឋាន គណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធា- រណៈ ដែលកន្លងមកបានបំពេញការងារជាសេនាធិការយ៉ាងល្អ ប្រកបដោយស្មារតីទទួល ខុសត្រូវខ្ពស់ ជាមួយនឹងការឧទ្ទិសខ្លួនចំពោះការងារកែទម្រង់ ។
ខ្ញុំរំពឹងថា ក្រោមម្លប់ដ៏ត្រជាក់នៃសុខសន្តិភាព និង ស្ថិរភាព គួបផ្សំនឹងការរួមគ្ន ជាធ្លុងមួយ ឧទ្ទិសនូវកម្លាំងកាយ ប្រាជ្ញា និង ស្មារតី ក្នុងឆន្ទៈមោះមុតឥតរាថយ ចំពោះ កិច្ចការកែទម្រង់, យើងនឹងទទួលបានជោគជ័យថ្មីៗថែមទៀត ក្នុងការអនុវត្តដំណាក់- កាលទី ៤ នេះ ដើម្បីឈានទៅសម្រេចបាននូវចក្ខុវិស័យនៃការប្រែក្លាយប្រព័ន្ធគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈកម្ពុជា ឱ្យឆ្លើយតបទៅតាមស្ដង់ដា និង ឧត្តមានុវត្តន៍អន្តរជាតិ ដែល ជាសមាសភាគដ៏សំខាន់មួយ សម្រាប់ការធានានូវវឌ្ឍនភាពជាតិ តាមបង្គោលចរ ឆ្នាំ ២០៣០ និង ឆ្នាំ ២០៥០ ។
នាឱកាសដ៏កម្រ និង វិសេសវិសាលនេះ, តាងនាមឱ្យអង្គពិធីទាំងមូល, ខ្ញុំបាទសូម គោរពអញ្ជើញ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ឡើងថ្លែងសុន្ទរកថាប្រកាសជាផ្លូវការ នូវការចាប់ផ្តើម ដំណាក់ – កាលទី ៤ ៖ «ការពង្រឹងគណនេយ្យភាពសមិទ្ធកម្ម» នៃកម្មវិធីក- ទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និង ផ្ដល់អនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់ សម្រាប់ជាប្រយោជន៍ដល់ការជំរុញអនុវត្តប្រកបដោយប្រសិទ្ធភាពខ្ពស់ នូវកិច្ចការកែទម្រង់ដ៏មានសារៈសំខាន់មួយនេះ៕

អត្ថបទដែលជាប់ទាក់ទង