ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ជួសជុលកែលំអររមណីយដ្ឋានវត្តភ្នំ និងបូជនីយដ្ឋានលោកយាយដូនពេញ ត្រៀមចូលឆ្នាំថ្មីនិងត្រៀម ពិធីទទួលគោរមងារអ្នកសង្គ្រោះសាសនាពិភពលោក

92

 

ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញបានចាប់ផ្តើមធ្វើការជួសជុលកែលំអររមណីយដ្ឋានប្រវត្តិសាស្ត្រវត្តភ្នំ និងបូជនីយដ្ឋានលោកយាយដូនពេញ ជាមួយនិងការរៀបចំសណ្ដាប់ធ្នាប់ របៀបរៀបរយ អនាម័យ បរិស្ថាន ការតុបតែង កែលម្អសោភណភាពទីតាំងនេះ ដើម្បីត្រៀមអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ និងការទទួលគោរមងារអ្នកសង្គ្រោះសាសនាពិភពលោកនាពេលខាងមុខផងដែរ។
មុននៃការជួសជុលកែលំអររមណីយដ្ឋានប្រវត្តិសាស្ត្រវត្តភ្នំនាព្រឹកថ្ងៃទី២០ មីនា ឆ្នាំ២០២៣នេះ លោកសុខ ពេញវុធ អភិបាលរងរាជធានីភ្នំពេញនិងលោកស្រីតំណាងអោយលោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានអញ្ជើញជាអធិបតីភាព ក្នុងពិធីក្រុងពាលីសុំម្ចាស់ទឹកម្ចាស់ដីតាមបែបសាសនា ដើម្បីសុំសេចក្តីសុខសេចក្តីចម្រើននៅលើទីតាំងរមណីយដ្ឋានប្រវត្តិវត្តភ្នំនេះតែម្តង ដែលមានទីតាំងក្នុងខណ្ឌដូនពេញ។

មន្ត្រីរដ្ឋបាលរាជធានីភ្នំពេញបានអោយដឹងថា៖ នេះគឺជាការគិតគូនិងយកចិត្តទុកដាក់ពីលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ក្នុងការរៀបចំរមណីយដ្ឋានប្រវត្តិសាស្ត្រវត្តភ្នំអោយបានប្រសើរឡើង ដោយក្នុងនោះ កាលពីថ្ងៃទី១៣មីនាឆ្នាំ២០២៣កន្លងមកនេះ លោក ឃួង ស្រេង បានណែនាំអោយលោកមាន ចាន់យ៉ាដា និងលោកស៊ុយ សេរិទ្ធ អភិបាលរងរាជធានីភ្នំពេញចុះពិនិត្យមើលទីតាំងរមណីយដ្ឋានប្រវត្តិសាស្ត្រវត្តភ្នំនេះជាក់ស្តែង ដើម្បីជួសជុលកែលំអរឡើងវិញ ។ក្រោយការពិនិត្យវាយតម្លៃហើយ ទើប នៅព្រឹកថ្ងៃទី២០ មីនា ឆ្នាំ២០២៣នេះ លោកសុខ ពេញវុធ និងលោកស្រី អញ្ជើញជាអធិបតីភាព ក្នុងពិធីក្រុងពាលីសុំម្ចាស់ទឹកម្ចាស់ដីតាមបែបសាសនា ដើម្បីសុំសេចក្តីសុខសេចក្តីចម្រើន ក្នុងការជួសជុលកែលំអរឡើងវិញតែម្តង។

មន្ត្រីដដែលបានបញ្ជាក់ថា ការជួសជុលកែលំអររមណីយដ្ឋានប្រវត្តិសាស្ត្រវត្តភ្នំ និងបូជនីយដ្ឋានលោកយាយដូនពេញ ជាមួយនិងការរៀបចំសណ្ដាប់ធ្នាប់ របៀបរៀបរយ អនាម័យ បរិស្ថាន ការតុបតែង កែលម្អសោភណភាពទីតាំងនេះ គឺដើម្បីត្រៀមអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ថ្ងៃសុក្រ ៩ រោចរនោច ខែចេត្រ ត្រូវនឹងថ្ងៃទី ១៤ ខែមេសា គ្រិស្តសករាជ ២០២៣ វេលាម៉ោង ១៦ និង ០០ នាទីរសៀល ហើយកាជួសជុលនេះក៏ដើម្បីត្រៀម ការទទួលគោរមងារអ្នកសង្គ្រោះសាសនាពិភពលោកនៅថ្ងៃទី០៤ ឧសភាឆ្នាំ២០២៣នេះផងដែរ៕

អត្ថបទដែលជាប់ទាក់ទង