ពិធីស៉ុំព្រះអគ្គិជ័យកីឡា សម្រាប់ការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ និង កីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣ នៅប្រាសាទអង្គរវត្តខេត្តសៀមរាប
ខេត្តសៀមរាប៖ នៅវេលាព្រឹកថ្ងៃទី ២០ ខែមីនា ឆ្នាំ ២០២២ ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានក្រុមប្រឹក្សាសហព័ន្ធកីឡាអាស៊ីអាគ្នេយ៍ លោកជំទាវ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានអញ្ជើញចូលរួមក្នុងពិធីស៉ុំព្រះអគ្គិជ័យកីឡា សម្រាប់ការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ និង កីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣ នៅទីតាំងទីលានក្តារបែន ក្នុងរង្វង់ខាងមុខប្រាសាទអង្គរតូច ខេត្តសៀមរាប។
សូមជម្រាបថា នៅក្នុងពិធីសុំព្រះអគ្គីកីឡានេះ គឺត្រូវមានចិត្តស្មោះសដើម្បីទទួលបាននូវព្រះអគ្គីកីឡា ព្រះអគ្គីនេះនឹងក្លាយជានិមិត្តរូបនៃសន្តិភាពធ្វើឲ្យការរៀបចំពិធីទទួលបានជោគជ័យ បារមីនៃវត្ថុស័ក្កសិទ្ធិដែលថែរក្សាកម្ពុជាទាំងមូល និងប្រសិទ្ធិពរជ័យឲ្យព្រះអគ្គីនេះក្លាយជាភ្លើងមានសុភមង្គលសម្រាប់ថ្ងៃព្រឹត្តិការណ៍ទាំងពីរខាងលើ។
សូមបញ្ជាក់ថា នៅព្រឹកថ្ងៃទី ២១ ខែមីនា ឆ្នាំ២០២៣ ស្អែកនេះ ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គនឹងស្តេចយាងជាព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងព្រះរាជពិធីប្រោសព្រះរាជទានព្រះអគ្គីជ័យកីឡា សម្រាប់ការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ និង កីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣ នៅប្រាសាទអង្គរវត្តខេត្តសៀមរាប។
សូមបញ្ជាក់ថា៖ ព្រះអគ្គីដែលសុំពីព្រះអាទិត្យហៅថា ព្រះអគ្គីទេព ឬភ្លើងកីឡា នឹងរក្សាទុកនៅក្នុងចង្កៀងពិសេសមួយ ដើម្បីយកតាមទៅកាន់ប្រទេសផ្សេងៗទៀត ដើម្បីធ្វើជានិមិត្តរូបនៃការរត់កាត់ប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ជាការបំផុសចលនាឲ្យប្រទេសទូទាំងអាស៊ីអាគ្នេយ៍ឲ្យគាំទ្រការរៀបចំការធ្វើជាម្ចាស់ផ្ទះស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ របស់កម្ពុជា៕
