ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ជនដៃដល់ខឹងចាញ់ក្តី បាញ់ប្រហារលើក្រុមគ្រួសារ អតីប្រពន្ធ ស្លាប់២នាក់ និងរបួសធ្ងន់២នាក់

142

ក្រុងសៀមរាប៖ ករណីបាញ់ប្រហារ​​​​​ លើ​គ្រួសារអតីត​ប្រពន្ធ​​ នៅចំណុចផ្សារលើ ក្រុងសៀមរាប បណ្តាលឲ្យបាត់បង់ជីវិត ២នាក់ និងរបួសធ្ងន់ ២នាក់ ដោយសាររឿងគំនុំ បុរសជនដៃដល់ខឹងចាញ់ក្តីប្រពន្ធ នៅតុលាការ ។

ហេតុការណ៍ខាងលើបង្កឲ្យភ្ញាក់ផ្អើល ពលរដ្ឋ អ្នកលក់ដូរ កាលពីវេលាម៉ោង០៨៖៣០នាទីព្រឹក ថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២៣ នៅចំហៀងខាងលិចផ្សារលើធំថ្មី ស្ថិតក្នុងភូមិដកពោធិ៍ សង្កាត់ស្លក្រាម ក្រុង/ខេត្តសៀមរាប ។

សមត្ថកិច្ចបានឲ្យដឹងថា ជនដៃដល់ក្នុងករណីខាងលើ ឈ្មោះ លៀង ហៃ ភេទប្រុស អាយុ៤៣ឆ្នាំ មុខរបរលក់បន្លែ មានទីលំនៅ ភូមិតាវៀន សង្កាត់សាលាកំរើក ក្រុងសៀមរាប របួសធ្ងន់ធ្ងរ ។ ចំណែកអតីតប្រពន្ធបានស្លាប់មានឈ្មោះ យ៉ង់ ផល្លី អាយុ៤២ឆ្នាំ មុខរបរលក់បន្លែ ផ្លែឈើ មានកូន ២នាក់ ប្រុសម្នាក់ ស្រីម្នាក់ រស់នៅក្នុងបន្ទុកខាងប្រពន្ធ ។ ដោយឡែក បងស្រីបង្កើតរបស់អតីតប្រពន្ធបានរងរបួសធ្ងន់មានឈ្មោះ យ៉ង់ មុំ អាយុ៤៧ឆ្នាំ មុខរបរលក់បន្លែ និងអតីត ប្អូនប្រុសថ្លៃម្នាក់ទៀតស្លាប់ក្នុងហេតុការណ៍ខាងលើ មានឈ្មោះ ហាក់ ណារ៉ុង ភេទប្រុស អាយុ៣៨ឆ្នាំ មុខរបរលក់បន្លែបោះដុំ បានស្លាប់ក្នុងបន្ទប់ជាន់ទី១ ។ ជនរងគ្រោះទាំង ៣នាក់ រស់នៅភូមិតាវៀន សង្កាត់សាលាកំរើក ក្រុង/ខេត្តសៀមរាប មានស្រុកកំណើតនៅស្រុកស្អាង ខេត្តកណ្តាល ។

សមត្ថកិច្ច បន្តទៀតថា ករណីឃាតកម្មខាងលើ ផ្តើមចេញពីគំនុំ ក្រោយពីលែងលះគ្នា ប្តឹងផ្តល់ឡើងតុលាកា ក្នុងអំឡុងឆ្នាំ២០២២ កន្លងមក ជនដៃដល់ចាញ់ក្តី ដោយតុលាកាកាត់ទ្រព្យសម្បត្តិទាំងអស់ឲ្យទៅភាគីខាងអតីតប្រពន្ធ ទើបជនដៃដល់កើតទុក្ខមិនសុខចិត្ត នៅព្រឹកថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២៣ ជនដៃដល់ប្រដាប់ដោយអាវុធ បានឡើងទៅបាញ់សម្លាប់អតីតប្អូនថ្លៃប្រុស នៅក្នុងបន្ទប់ជាន់ទី១ ចំនួន១គ្រាប់ បណ្តាលឲ្យស្លាប់ភ្លាមៗ រួចចុះមកក្រោម បាញ់សម្លាប់អតីតប្រពន្ធ ចំនួន១គ្រាប់ បណ្តាលឲ្យស្លាប់ពេលដឹកបញ្ជូនទៅមន្ទីរពេទ្យ ហើយជនដៃដល់ដើរទៅបាញ់អតីតបងថ្លៃស្រីម្នាក់ទៀតចំនួន ២គ្រាប់ បណ្តាលឲ្យរងរបួសធ្ងន់ រួចជនដៃដល់ដើរទៅក្រោយ បាញ់បំណងសម្លាប់ខ្លួនឯងជាក្រោយ តែរមិនស្លាប់ ងរបួសធ្ងន់ ។

ករណីផ្ទុះអាវុធខាងលើ បណ្តាលឲ្យស្លាប់២នាក់ របួសធ្ងន់ធ្ងរ២នាក់ កំពុងសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប ។ ដើមចមរឿងគំនុំ ជនដៃដល់ខឹងចាញ់ក្តីរបស់អតីតប្រពន្ធ ដោយតុលាកាកាត់ទ្រព្យសម្បត្តិឲ្យទៅភាគីខាងប្រពន្ធ ៕

អត្ថបទដែលជាប់ទាក់ទង