ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សមាគមធនាគារនៅកម្ពុជា និងអង្គការ Social Performance Task Force ចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ក្នុងការលើកកម្ពស់ការផ្តល់ហិរញ្ញប្បទានប្រកបដោយបរិយាបន្ន និងការទទួលខុសត្រូវក្នុងវិស័យហិរញ្ញវត្ថុកម្ពុជា

90

 

ភ្នំពេញ ៖ នៅថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២៣ សមាគមធនាគារនៅកម្ពុជា និងអង្គការ Social Performance Task Force (SPTF) បានចុះអនុស្សរណៈយោគយល់គ្នា កាលពីថ្ងៃទី០៥ ខែមេសា ជាដៃគូយុទ្ធសាស្រ្ត ក្នុងគោលបំណងពង្រឹងនិងលើកកម្ពស់ការផ្តល់ហិរញ្ញប្បទានប្រកបដោយបរិយាបន្ន និងការទទួលខុសត្រូវ ក្នុងវិស័យហិរញ្ញវត្ថុកម្ពុជា។

អនុស្សរណៈយោគយល់គ្នានេះ នឹងផ្តល់នូវក្របខ័ណ្ឌមួយក្នុងការពង្រឹងនូវកិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរ ដើម្បីពង្រឹងនូវការអនុវត្តប្រកបដោយបរិយាបន្ន និងការទទួលខុសត្រូវ រាប់ចាប់ពីទស្សនវិស័យនៃការគ្រប់គ្រងហានិភ័យក្នុងការជំរុញកំណើនប្រកបដោយការទទួលខុសត្រូវ ធ្វើឱ្យប្រសើរឡើងនូវស្ថិរភាពហិរញ្ញវត្ថុ និងការលើកកម្ពស់កិច្ចការពារអតិថិជននៅកម្ពុជា។

សមាគមធនាគារនៅកម្ពុជា (ABC) និង SPTF ព្រមព្រៀងសហការទៅលើកិច្ចការមួយចំនួន រួមមាន៖ ការគាំទ្រសមាជិកគ្រឹះស្ថានធនាគារ ក្នុងការអនុវត្តឱ្យបានជោគជ័យនូវក្រមប្រតិបត្តិសម្រាប់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ការគាំទ្រសមាជិកក្នុងការវាយតម្លៃទៅលើអនុលោមភាពនៃការអនុវត្តក្រមប្រតិបត្តិ កំណត់ផ្នែកឬវិស័យដែលត្រូវធ្វើឱ្យប្រសើរឡើង ដែលមានចែងក្នុងក្រម ត្រួតពិនិត្យពីការអនុវត្ត និងបញ្ហាប្រឈមចំពោះការអនុវត្តក្រមប្រតិបត្តិនៅក្នុងប្រព័ន្ធធនាគារ ដោយប្រើប្រាស់ក្រមប្រតិបត្តិ និងស្តង់ដារនៃកិច្ចការពារអតិថិជន ក្នុងការវាស់វែងពីការអនុវត្តក្រមប្រតិបត្តិ កសាងសមត្ថភាពសមាជិកក្នុងការអនុវត្តកិច្ចការពារអតិថិជននៅក្នុងក្រមប្រតិបត្តិ។ ទន្ទឹមនេះ សមាជិកនៃសមាគមធនាគារក៏បានប្តេជ្ញាចិត្តផងដែរ ក្នុងការលើកកម្ពស់នូវចំណេះដឹងហិរញ្ញវត្ថុសម្រាប់ប្រជាជនកម្ពុជា និងធ្វើឱប្រសើរឡើងនូវយន្តការនៃការការពារអតិថិជនរបស់ពួកគេ។

លោក Raymond Sia ប្រធានសមាគមធនាគារនៅកម្ពុជា បានមានប្រសាសន៍ថា៖ «សេវានិងផលិតផលធនាគារត្រូវបានបង្កើតឡើងផ្សារភ្ជាប់នឹងការសាងទំនុកចិត្ត និងភាពជឿជាក់ ជាមួយនឹងអតិថិជន ការការពារអតិថិជនគឺជារឿងចាំបាច់សម្រាប់សេវាធនាគារ។ អនុស្សរណៈយោគយល់គ្នាជាមួយ SPTF នឹងចូលរួមចំណែកលើកកម្ពស់កិច្ចការពារអតិថិជននៅកម្ពុជា និងពង្រឹងបន្ថែមនូវភាពខ្លាំង រឹងមាំ កេរ្ត៍ឈ្មោះ នៃឧស្សាហកម្មធនាគារ។» លោកបានបន្ថែមថា៖«យើងអំពាវនាវសមាជិករបស់យើងទាំងអស់អនុវត្តនូវគោលការណ៍នៃក្រមប្រតិបត្តិ និងដាក់បញ្ជូលក្រមនេះទៅក្នុងនីតិវិធី និងគោលនយោបាយរបស់ពួកគេ»។

លោក Nitin Madan នាយកផ្នែកបរិយាបន្នហិរញ្ញវត្ថុប្រកបដោយការទទួលខុសត្រូវប្រចាំអាស៊ីអាគ្នេយ៍នៃអង្គការ SPTF មានប្រសាសន៍ថា៖« យើងពិតជារីករាយដើម្បីផ្សារភ្ជាប់នូវទំនាក់ទំនងជាមួយសមាគមធនាគារនៅកម្ពុជា (ABC)។ ការងាររបស់យើងជាមួយសមាគមធនាគារនៅកម្ពុជា នឹងរួមបញ្ជូលនូវការរៀបចំសិក្ខាសាលាកសាងសមត្ថភាពមួយចំនួនលើអភិបាលកិច្ច និងកិច្ចការមួយចំនួនទៀតក្នុងការពង្រឹងនូវកិច្ចការពារអតិថិជននៅក្នុងវិស័យធនាគារនៅកម្ពុជា។ បន្ថែមលើនេះ ខ្ញុំក៏សូមអរគុណដល់រដ្ឋាភិបាលប្រទេសឡុចហ្សំបួរតាមរយៈក្រសួងការបរទេសអឺរ៉ុប ដែលផ្តល់មូលនិធិដល់ RIFF-SEA និងផ្តល់ការគាំទ្រដល់ការងាររបស់យើងនៅកម្ពុជា ដើម្បីបង្កើតនូវផលប៉ះពាលជាវិជ្ជមាន»។

នៅក្នុងសុន្ទរកថាអបអរសាទរ លោក ហេង បូមករា អគ្គនាយករងត្រួតពិនិត្យ នៃធនាគារជាតិនៃកម្ពុជា មានប្រសាសន៍ថា៖« អនុស្សរណៈយោគយល់គ្នានេះនឹងជួយត្រួសត្រាយផ្លូវ ដើម្បីជំរុញនិងលើកកម្ពស់ការអនុវត្តក្រមប្រតិបត្តិសម្រាប់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុឱ្យមានប្រសិទ្ធភាព ក្នុងការគោលដៅលើកម្ពស់កំណើនប្រកបដោយការទទួលខុសត្រូវ ធ្វើឱ្យប្រសើរឡើងនូវស្ថិរភាពហិរញ្ញវត្ថុនិងបង្កើនកិច្ចការពារអតិថិជន»។ លោកបានបន្ថែមថា កិច្ចការពារអតិថិជនគឺជាកិច្ចការអាទិភាពដែលគ្រប់ភាគីពាក់ព័ន្ធទាំងអស់ត្រូវយកចិត្តទុកដាក់ខ្ពស់ ដើម្បីរក្សាបាននូវទំនុកចិត្តពីសាធារណជន និងលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុនៅកម្ពុជា និងរក្សានូវស្ថិរភាពប្រព័នុ្ធធនាគារទាំងមូលផងដែរ៕

អត្ថបទដែលជាប់ទាក់ទង