លោកឃួង ស្រេង បានជំរុញឲ្យមន្ត្រីនិងមន្ទីរពាក់ព័ន្ធ ធ្វើការស្ដារប្រឡាយជើងឯក ឲ្យបានលឿន និងអោយបានធំទូលាយ ដើម្បីនាំទឹកចេញពីរាជធានីបានលឿន នៅពេលរដូវវស្សាមកដល់
ភ្នំពេញ ៖ អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញលោកឃួង ស្រេង បានជំរុញឲ្យមន្ត្រីនិងមន្ទីរពាក់ព័ន្ធធ្វើការស្ដារប្រឡាយជើងឯកឲ្យបានលឿននិងអោយបានធំទូលាយ ដើម្បីនាំទឹកចេញពីរាជធានីបានលឿន នៅពេលរដូវវស្សាមកដល់។
ការជំរុញបែបនេះ របស់លោក ឃួង ស្រេងបានធ្វើឡើងនាព្រឹកថ្ងៃទី១១ខែមេសាឆ្នាំ២០២៣នេះ
ខណៈលោកដឹកនាំអាជ្ញាធរនិងមន្ទីរជំនាញចុះពិនិត្យមើលស្ថានភាពប្រឡាយជើងឯក ដើម្បីឲ្យក្រុមការងារធ្វើការ កាយភក់និងពង្រីកតួប្រឡាយឲ្យបានធំអោយទឹកហូរបានលឿន។
លោកឃួង ស្រេង បានមានប្រសាសន៍លើកឡើងថា៖ ការងារដែលត្រូវអនុវត្តពាក់ព័ន្ធនិងការស្ដារប្រឡាយនេះ យើងមានពេល៤ខែ ពិសេស នៅក្នុងរដូវប្រាំងនេះ ។រដូវប្រាំង យើងងាយស្រួលក្នុងការស្ដារ ក៏ដូចជាពង្រីកតួរ ប្រឡាយឲ្យបានធំ ធ្វើយ៉ាងណា ពេលរដូវវស្សាមកដល់ គឺយើង អាចរុញទឹកចេញពីរាជធានីភ្នំពេញបានលឿន កាត់បន្ថយបាននូវការលិចលង់លំនៅឋានប្រជាពលរដ្ឋនៅក្នុងរាជធានីភ្នំពេញ ។
លោកសាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ បានបញ្ជាក់ផងដែរថា៖ ប្រឡាយជើងឯកនេះ មានតួនាទីសំខាន់ណាស់នៅក្នុងការរំដោះទឹកចេញពីរាជធានីភ្នំពេញ ដោយហូរចាក់មកស្ថានីយបឹងត្របែក ដែលមានប្រវែងប្រមាណ១២គីឡូម៉ែត្រ ចាប់ពីស្ថានីបឹងត្របែក ឆ្លងកាត់ខណ្ឌមានជ័យ ខណ្ឌដង្កោ បន្តរហូតដល់ភូមិស្ទឹងជ្រៅ នៅក្នុងសង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្ដាល ។
លោកសាំ ពិសិដ្ឋ បន្តថា តាមការណែនាំរបស់លោកឃួង ស្រេង គឺតម្រូវឲ្យក្រុមការងារធ្វើការស្ដារ និងកាយប្រឡាយនេះ អោយបានទំហំទទឹងចាប់ពី២០ម៉ែត្រទៅ៦០ម៉ែត្រ ទៅតាមស្ថានភាពជាក់ស្ដែង។ ក្រុមការងារត្រូវបន្ត អនុវត្តការងារនេះជាប្រចាំ និងឲ្យរួចរាល់នៅមុនរដូវវស្សាមកដល់ មានន័យថា ពេលរដូវវស្សាមកដល់ ប្រឡាយនេះ ត្រូវតែដើរតួរយ៉ាងសំខាន់ ក្នុងការរំដោះទឹកចេញពីរាជធានីភ្នំពេញបានល្អ៕