អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានធ្វើការបណ្តេញជនជាតិជប៉ុនចំនួន១៩នាក់ ពាក់ព័ន្ធបទល្មើស លួចស្នាក់នៅធ្វើការងារខុសច្បាប់
ភ្នំពេញ ៖ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានចេញសេចក្តីប្រកាសព័ត៌មានថា អ្នកនាំពាក្យអគ្គនាយកដ្ឋានអន្តោប្រវេសន៍ សូមជម្រាបជូនសាធារណជន និងអ្នកសារព័ត៌មាន ទាំងអស់ ឲ្យបានជ្រាបថា អនុលោមតាមច្បាប់ស្តីពីអន្តោប្រវេសន៍ នៅរសៀលថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៣ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានធ្វើការបណ្តេញជនជាតិជប៉ុនចំនួន១៩នាក់ ភេទប្រុស ពាក់ព័ន្ធបទល្មើស លួចស្នាក់នៅធ្វើការងារខុសច្បាប់ ចេញពីព្រះរាជាណាចក្រកម្ពុជា តាមប្រកាសរបស់ក្រសួងមហាផ្ទៃ ដោយ ហាមឃាត់ការចូលប្រទេសកម្ពុជារយៈពេល០៣ឆ្នាំ។ ជនបរទេសខាងលើ ត្រូវបានបណ្តេញចេញតាមអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ឆ្ពោះទៅកាន់ទីក្រុងតូក្យូ ប្រទេសជប៉ុន។
ជនជាតិជប៉ុនចំនួន១៩នាក់ខាងលើ ត្រូវបានសមត្ថកិច្ច នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ធ្វើការស្រាវជ្រាវរកឃើញក្នុងភូមិសាស្រ្តខេត្តព្រះសីហនុ បន្ទាប់ពីទទួលបានបណ្តឹងរបស់ស្ថានទូតជប៉ុនប្រចាំ ព្រះរាជាណាចក្រកម្ពុជា កាលពីចុងខែមករា ឆ្នាំ២០២៣ កន្លងមកនេះ រួចបញ្ជូនមកអគ្គនាយកដ្ឋានអន្តោ ប្រវេសន៍ ដើម្បីអនុវត្តនីតិវិធីបន្ត ស្របតាមច្បាប់ស្តីពីអន្តោប្រវេសន៍៕
