បុរសម្នាក់ ឃើញស្ត្រីម្នាក់ដេកក្រោមផ្ទះ ទុកកាបូបទំនងពេកចូលយក ប៉ុន្តែម្ចាស់ភ្ញាក់ទាន់ស្រែកឆោឡោ ត្រូវឃាត់ខ្លួន
ខេត្តបន្ទាយមានជ័យ ៖ ជនសង្ស័យចំនួន២នាក់ កាលពីវេលាម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២៣ បាននាំគ្នាជិះម៉ូតូ១គ្រឿងចូលក្រោមផ្ទះស្ត្រីម្នាក់ រួចលួចយកកាបូប ខណៈកំពុងដេកលង់លក់បានសម្រេច តែត្រូវម្ចាស់ផ្ទះភ្ញាក់ទាន់ស្រែកឆោឡោលឺដល់ប្រជាពលរដ្ឋ កម្លាំងប្រជាការពារ កម្លាំងនគរបាលប៉ុស្តិ៍ និងកម្លាំងនគរបាលស្រុកមង្គលបូរី ដេញតាមចាប់ប្រផាប់ប្រផីញបានម្នាក់ និងម្នាក់ទៀតរត់គេចខ្លួនបាត់ នៅចំណុចអូរជួប ស្ថិតក្នុងឃុំរហាត់ទឹក ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។
លោកវរសេនីយ៍ឯក ស៊ិន ណារ៉ាក់ អធិការនគរបាលស្រុកមង្គលបូរី បានឲ្យដឹងថា ជនសង្ស័យឃាត់ខ្លួនមានឈ្មោះ ខេង វិចិត្រ ភេទប្រុស អាយុ៣៥ឆ្នាំ រស់នៅភូមិអូរកេះ ឃុំទួលពង្រ ស្រុកម៉ាឡៃ ជាជនប្រើប្រាស់សារធាតុញៀ.ន និងបក្សពួកម្នាក់ទៀត រត់គេចខ្លួនបាត់ស្រមោលដែលមានឈ្មោះ យក្ស ភេទប្រុស អាយុ១៥ឆ្នាំ នៅភូមិជាមួយគ្នា។
លោកអធិការបន្តថា នៅមុនពេលកើតហេតុ ឈ្មោះ ខេង វិចិត្រ និងឈ្មោះ យក្ស បានជិះម៉ូតូ០១គ្រឿង ម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ស៊េរី២០១៦ ពីស្រុកម៉ាឡៃ មកស្រុកមង្គលបូរី ដោយមានបង្កប់អាវុធខ្លី១ដើម ដែលគេទិញពីប្រទេសថៃ។ ខណៈពេលជិះមកដល់ភូមិអូរជួប ឃុំរហាត់ទឹក ស្រុកមង្គលបូរី ក៏ឃើញម្ចាស់ផ្ទះឈ្មោះ អ៊ឹម គិមវាសនា ភេទស្រី អាយុ៥១ឆ្នាំ ដេកនៅក្រោមផ្ទះលក់តែម្នាក់ឯង ដោយឃើញមានឱកាសល្អ ឈ្មោះខេង វិចិត្រ ដើរចូលទៅក្រោមផ្ទះលួចយកកាបូបស្ពាយពណ៌ខ្មៅ ដែលម្ចាស់ទុកក្បែរខ្លួន ប៉ុន្តែដោយសារខ្សែកាបូបប៉ះនឹងដៃធ្វើអោយម្ចាស់កាបូបភ្ញាក់ទាន់ ក៏ស្រែកឆោឡោឡើង ហើយត្រូវពលរដ្ឋក្នុងភូមិ និងប្រជាការពារ ព្រមទាំងសមត្ថកិច្ចនគរបាលប៉ុស្តិ៍ និងនគរបាលស្រុក ជួយដេញតាមចាប់ តែត្រូវជនសង្ស័យដកអាវុធខ្លីបា.ញ់គំរា.ម រួចបោះសម្ភារៈមានតម្លៃក្នុងកាបូបនោះចោលហើយបោះកាបូប និងអាវុធចោលទៀត។
លោកអធិការបន្តទៀតថា បន្ទាប់មក នៅវេលាម៉ោង១២និង៣០នាទី ទើបសមត្ថកិច្ចយើងចាប់ឃាត់ខ្លួនសង្ស័យឈ្មោះខេង វិចិត្របាន តែម្តង ចំណែកសម្ភារៈដែលបោះចោលនោះ រកមិនទាន់ឃើញទេ កំពុងតែរកបន្តទៀត ចំណែកជនសង្ស័យម្នាក់ទៀតឈ្មោះយក្ស រត់គេចខ្លួនបាត់នោះ សមត្ថកិច្ចយើងកំពុងតែបន្តតាមចាប់ខ្លួនហើយ។ ចំណែកឯឈ្មោះ ខេង វិចិត្រ រួមនឹងអាវុធខ្លីរ៉ូឡូ១ដើមអត់លេខ មានគ្រាប់៥គ្រាប់ និងសំបកការទុស្សមួយ បានរៀបចំកសាងសំណុំរឿងបញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ដើម្បីចាត់ការតាមនីតិវីធីច្បាប់៕