រដ្ឋបាលរាជធានីភ្នំពេញ សូត្រមន្តរាប់បាត្រព្រះសង្ឃ៧៥អង្គ អបអរសាទរទេវតាឆ្នាំថ្មី ដែលនឹងចូលមកដល់នៅល្ងាចថ្ងៃទី១៤មេសានេះ
ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃ៨រោជខែចេត្រឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី១៤ មេសាឆ្នាំ២០២៣នេះ បានរៀបចំពិធីសូត្រមន្តរាប់បាត្រព្រះសង្ឃចំនួន៧៥អង្គ ក្នុងន័យចូលរួមអបអរសាទរទេវតាឆ្នាំថ្មីព្រះនាម កិមិរាទេវីជាបុត្រីទី៦ របស់កបិលមហាព្រហ្ម ដែលនឹងចុះមកគ្រប់គ្រងភពផែនដី ជំនួសទេវតាឆ្នាំចាស់នៅល្ងាចថ្ងៃទី១៤ មេសាដដែរនេះ ។
ពិធីនេះបានធ្វើឡើងក្រោមវត្តមាន លោក ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ លោកឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញនិងលោកស្រី នៅសាលារាជធានីភ្នំពេញ។
ពិធីនេះក៏បានបង្ហាញឲ្យឃើញពីការគោរពប្រតិបត្តិប្រពៃណីទំនៀមទម្លាប់ ជាតិពិសេសក្នុងឱកាសទទួលទេវតាឆ្នាំថ្មី ដើម្បីបណ្តេញគ្រោះចង្រៃឧបទ្រពផងទាំងពួង ដែលកើតមានកាលពីឆ្នាំចាស់ នឹងសុំពរជ័យពីទេវតាឆ្នាំថ្មី ក៏ដូចជា រួមចំណែកថែរក្សាប្រពៃណីទំនៀមទម្លាប់ និងវប្បធម៌ជាតិដ៏ល្អផូរផង់របស់ខ្មែរយើង ។ នេះជាឆ្នាំទី២ នៃការប្រារព្វពិធីសូត្រមន្តរាប់បាត្ររបស់រដ្ឋបាលរាជធានីភ្នំពេញ ក៏ដូចស្ថាប័ននានា និងបងប្អូនប្រជាពលរដ្ឋក្រោយពីអាក់ខាន មិនបានរៀបចំពិធីនេះអស់រយៈពេល២ឆ្នាំ ដោយសារការរីករាលដាលនៃជំងឺកូវីដ-១៩។
ពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ត្រូវបានរាជរដ្ឋាភិបាលអនុញ្ញាតិឲ្យធ្វើពិធី និងមានការជួបជុំកំសាន្តសប្បាយជាធម្មតាឡើងវិញ។
ដើម្បីចូលរួមអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិនេះដែរ រដ្ឋបាលរាជធានីភ្នំពេញ បានប្រកាសជូនដំណឹងពីការប្រារព្វកម្មវិធីសង្ក្រាន្តវត្តភ្នំ នៅរមណីដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រវត្តភ្នំរយៈពេល៣ថ្ងៃ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិនេះដែរ។
ជាមួយគ្នានេះ រដ្ឋបាលរាជធានីភ្នំពេញ ក៏បានជូនដំណឹងពីការហាមឃាត់ មិនអនុញ្ញាតិឲ្យលេងល្បែងដែលមិនមែនជាប្រពៃណីវប្បធម៌ជាតិ ប្រកាន់ខ្ជាប់សេចក្តីថ្លៃថ្នូរ ចូលរួមទប់ស្កាត់រាល់បទល្មើសផ្សេងៗ ដែលអាចកើតមានឡើងក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ។ ចូលរួមទប់ស្កាត់ពីគ្រោះអគ្គីភ័យ បើកបរគោរពច្បាប់ចរាចរផ្លូវគោក បើកបរកុំពិសាគ្រឿងស្រវឹងជាដើម។
សូមបញ្ជាក់ថា កម្ពុជាជាប្រទេសដែលកាន់ ព្រះពុទ្ធសាសនា ដូច្នេះហើយ សេចក្តីសប្បាយរីករាយនេះ ក៏ត្រូវបានផ្សារភ្ជាប់ទៅនឹង មហាកុសលផ្សេងៗទៀត ដើម្បីធ្វើឲ្យបុណ្យចូលឆ្នាំថ្មី កាន់តែមានអត្ថន័យ និង ជាប្រយោជន៍ធំធេង សម្រាប់ពលរដ្ឋខែ្មរ ដូចជា ស្រោចទឹកសុំខមាទោស សម្តែងនូវកតញ្ញូចំពោះដូនតា ឪពុកម្តាយ ពិធីស្រង់ព្រះពុទ្ធបដិមា បង្សុកូលរំលឹកដល់វិញ្ញាណក្ខន្ធអ្នកមានគុណ ឬសាច់ញាតិ និងកម្មវិធីផ្សេងៗទៀត ដែលពាក់ព័ន្ធនឹងសាសនាជាដើម ៕