ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អភិបាលរាជធានី ជម្រុញឲ្យអាជ្ញាធរខណ្ឌទាំង១៤ និងកម្លាំងមានសមត្ថកិច្ច យកចិត្តទុកដាក់ខ្ពស់បំផុត ក្នុងការរក្សាសន្តិសុខ សណ្តាប់ធ្នាប់ ដើម្បីទទួលក្បួនដង្ហែព្រះអគ្គិជ័យកីឡា

79

 

ភ្នំពេញ៖ អភិបាលនៃគណៈ អភិបាលរាជធានីភ្នំពេញ ឯកឧត្តមឃួង ស្រេង បានជម្រុញអោយអាជ្ញាធរខណ្ឌទាំង១៤ កងកម្លាំងមានសមត្ថកិច្ចរបស់កងរាជអាវុធហត្ថនិងប៉ូលីសរាជធានីភ្នំពេញ ត្រូវយកចិត្តទុកដាក់ឲ្យបានខ្ពស់បំផុត ក្នុងការរក្សាសន្តិសុខ សណ្តាប់ធ្នាប់ ដើម្បីឲ្យក្បួនដង្ហែព្រះអគ្គិជ័យកីឡានៃការប្រកួតកីទ្បាអាស៊ីអាគ្នេយ៍លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣នេះ ទទួលបាននូវភាពអធិកអធម កុំឲ្យចាញ់ប្រទេសគេ ខណៈដែលយើងត្រូវធ្វើជាម្ចាស់ផ្ទះ។

ការជម្រុញបែបនេះរបស់ឯកឧត្តមឃួង ស្រេង បានធ្វើឡើង នៅរសៀលថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៣នេះ ក្នុងកិច្ចប្រជុំត្រៀមរៀបចំពិធីដង្ហែព្រះអគ្គីជ័យកីទ្បា នៃការប្រកួតកីទ្បាអាស៊ីអាគ្នេយ៍លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣ ជាមួយអាជ្ញាធរខណ្ឌទាំង១៤,មន្ទីរពាក់ព័ន្ធ,កងកម្លាំងមានសមត្ថកិច្ចរបស់កងរាជអាវុធហត្ថរាជធានីនិងប៉ូលីសរាជធានីភ្នំពេញ នៅសាលារាជធានីភ្នំពេញ។

ឯកឧត្តមឃួង ស្រេង បានមានប្រសាសន៍លើកឡើងថា៖ កម្ពុជាយើងបានរងចាំ៦៤ឆ្នាំហើយ ដើម្បីធ្វើជា
ម្ចាស់ផ្ទះនៃការប្រកួតកីទ្បាអាស៊ីអាគ្នេយ៍លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២នេះ ។ ដូច្នេះទេ លោកស្នើឲ្យអាជ្ញាធរខណ្ឌទាំង១៤ មន្ទីរពាក់ព័ន្ធកងកម្លាំងមានសមត្ថកិច្ចទាំងអស់ ត្រូវយកចិត្តទុកដាក់អោយបានខ្ពស់បំផុត ក្នុងការរក្សាសន្តិសុខ សណ្តាប់ធ្នាប់ និងក្រមសីលធម៌ ធ្វើយ៉ាងណាឲ្យក្បួនដង្ហែព្រះអគ្គិជ័យកីឡានៃការប្រកួតកីទ្បាអាស៊ីអាគ្នេយ៍លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣នេះ ទទួលបាននូវភាពអធិកអធម មិនចាញ់ប្រទេសគេ និងទទួលបានភាពជោគជ័យ ។

ឯកឧត្តមបញ្ជាក់ថា ចំពោះអ្នកដែលត្រូវដង្ហែរនិងអ្នកឈរទទួលក្បួនដង្ហែព្រះអគ្គិជ័យកីឡា គឺត្រូវតែប្រើប្រាស់យុវជន។ បន្ថែមពីនេះការលាងសំអាតផ្លូវ ការតុបតែងរាជធានីភ្នំពេញឲ្យសោភណ្ឌភាព ត្រូវតែអនុវត្តដោយស្មារតីទទួលខុសត្រូវខ្ពស់បំផុត។

សូមបញ្ជាក់ថា៖ កម្មវិធីពិធីដង្ហែព្រះអគ្គិជ័យកីឡាពីតំបន់អាស៊ាននេះ ត្រូវចូលមកព្រះរាជាណាចក្រកម្ពុជា តាមច្រកទ្វារព្រំដែនអន្តរជាតិ ត្រពាំងគ្រៀល-ណងណុកឈៀន ខេត្តស្ទឹងត្រែង និងដង្ហែបន្តទៅតាមបណ្តាខេត្តជុំវិញបឹងទន្លេសាប ។ ក្នុងនោះ
នៅល្ងាចថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៣ខាងមុខនេះ ក្បួនដង្ហែព្រះអគ្គិជ័យកីឡាមកដល់ផ្សារព្រែកអញ្ចាញ ស្ពានទី១២ ព្រំប្រទល់ខេត្តកណ្តាល- រាជធានីភ្នំពេញរដ្ឋបាលរាជធានីភ្នំពេញរង់ចាំទទួលស្វាគមន៍ព្រះអគ្គិជ័យកីឡានៅស្ពានទី១២ ដើម្បីដង្ហែមកវេទិកា
នៅរមណីយដ្ឋានវត្តភ្នំ ។ លោកនី ផល្លី តំណាង CAMSOC ប្រគល់ព្រះអគ្គិជ័យកីឡាជូន រដ្ឋបាលរាជធានីភ្នំពេញ ដង្ហែឆ្ពោះមកកាន់រមណីយដ្ឋានវត្តភ្នំ ។

ក្បួនដង្ហែព្រះអគ្គិជ័យកីឡាដល់វេទិកាប្រារព្ធពិធីនៅរមណីយដ្ឋានវត្តភ្នំ ។ បន្ទាប់ពីប្រារព្ធពិធី ឯកឧត្តមអភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និងថ្នាក់ដឹកនាំរាជធានីភ្នំពេញ ដង្ហែព្រះអគ្គិជ័យកីឡា ពីចំណុចរមណីយដ្ឋានវត្តភ្នំ ឆ្ពោះទៅតម្កល់រក្សាទុកនៅវត្តលង្កា ព្រះកុសុមារាម ដោយមានរៀបចំពិធីសាសនា និងបាញ់កាំជ្រួចផងដែរ ។ (ការពារព្រះអគ្គិជ័យកីឡាដោយរដ្ឋបាលរាជធានីភ្នំពេញ) ។

នៅព្រឹកថ្ងៃសៅរ៍ ទី២៩ ខែមេសា ឆ្នាំ២០២៣ ព្រះអគ្គិជ័យកីឡាត្រូវដង្ហែពីវត្តលង្កាព្រះកុសុមារាម ឆ្ពោះមកវិមានឯករាជ្យ ដឹកនាំដោយ លោក នី ផល្លី តំណាងCAMSOC និង អភិបាលរងរាជធានីភ្នំពេញ មានការអមដំណើរដោយ ប្រតិភូរាជធានីភ្នំពេញ ក្រុមការងារ កីឡាករ កីឡាការិនីឆ្នើមមួយចំនួន និងមានក្រុមឆៃយ៉ាំនាំមុខ ។ លោកនី ផល្លី តំណាង CAMSOC ប្រគល់ព្រះអគ្គិជ័យកីឡាជូនឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ដង្ហែព្រះអគ្គិជ័យកីឡាពីវិមានឯករាជ្យ ឆ្ពោះទៅមុខស្ថានទូតសិង្ហបុរី ។ ឯកឧត្តម
បណ្ឌិតសភាចារ្យបន្តប្រគល់ជូន ឯកឧត្តមកហោ សានរដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាបេសកជនពិសេស CAMSOC ។ ឯកឧត្តម ហោ សារុន បន្តប្រគល់ជូន ឯកឧត្តមកឃួង ស្រេង ទីប្រឹក្សាផ្ទាល់សម្តេចតេជោនាយករដ្ឋមន្ត្រី និងជាអភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ដង្ហែបណ្តាក់ព្រះអគ្គិជ័យកីឡា អមដោយថ្នាក់ដឹកនាំរាជធានីភ្នំពេញ ពីមុខស្ថានទូតសិង្ហបុរី ឆ្ពោះទៅដល់មុខអង្គភាពប្រឆាំងអំពើពុករលួយ ។ ឯកឧត្តមអភិបាលរាជធានីភ្នំពេញ បន្តប្រគល់ជូន លោក នី ផល្លី រដ្ឋលេខាធិការក្រសួងទេសចរណ៍ តំណាង CAMSOC នៅមុខអង្គភាពប្រឆាំងអំពើពុករលួយ ។ លោកនី ផល្លី តំណាង CAMSOC បន្តប្រគល់ជូន តំណាងបណ្តាក្រុមហ៊ុនឧបត្ថម្ភទាំង១៤ ដង្ហែបណ្តាក់ព្រះអគ្គិជ័យកីឡាពី មុខអង្គភាពប្រឆាំងអំពើពុករលួយ ឆ្ពោះទៅរមណីយដ្ឋានវត្តភ្នំ តំណាងបណ្តាក្រុមហ៊ុនឧបត្ថម្ភចុងក្រោយ ប្រគល់ត្រឡប់មកជូន លោកនី ផល្លី តំណាង CAMSOC ដើម្បីប្រគល់ជូន កីឡាករ កីឡាការិនីឆ្នើម ដង្ហែឆ្ពោះទៅកាន់ខេត្តកំពង់ឆ្នាំង ។

នៅរសៀលថ្ងៃសុក្រ ទី៥ ខែឧសភា ឆ្នាំ២០២៣ ក្បួនដង្ហែព្រះអគ្គិជ័យកីឡាចេញពីទីប្រជុំជនស្គន់ ខេត្តកំពង់ចាម ឆ្ពោះមកកាន់រាជធានីភ្នំពេញ ត្រូវមកដល់ ស្តុបម៉ាក្រូឈ្នះឈ្នះ ប្រមាណម៉ោង ១៩និង០០ នាទី។

ក្បួនដង្ហែព្រះអគ្គិជ័យកីឡាមកដល់ ស្តុបម៉ាក្រូឈ្នះឈ្នះ នៅម៉ោង១៩និង០០នាទី រៀបចំវេទិកាតូចល្មមនៅ ស្តុបម៉ាក្រូឈ្នះឈ្នះ ។ ថ្នាក់ដឹកនាំសហព័ន្ធកីឡាជាតិនឹងត្រូវទទួលព្រះអគ្គិជ័យកីឡារត់បណ្តាក់គ្នាពី ស្តុបម៉ាក្រូឈ្នះឈ្នះ ឆ្ពោះមក ខ្លោងទ្វារពហុកីឡដ្ឋានមរតកតេជោកីឡាករបាល់ទាត់ដែលមានប្រជាប្រិយភាពចំនួន ២ រូប នឹងត្រូវទទួលព្រះអគ្គិជ័យកីឡាដង្ហែ បន្តពី ស្តុបម៉ាក្រូឈ្នះឈ្នះ ឆ្ពោះមកកាន់ ច្រកទ្វារលេខ ១កីឡាករ កីឡាការិនី ម្ចាស់មេដាយមាសចំនួន ៥ រូប នឹងត្រូវទទួលព្រះអគ្គិជ័យកីឡាដង្ហែបន្តពី ច្រកទ្វារលេខ ១ ចូលក្នុងបរិវេណទីលានបាល់ទាត់ ដែលជាកន្លែងប្រារព្ធពិធីបើកព្រឹត្តិការណ៍ ស៊ីហ្គេមលើកទី៣២ ជាផ្លូវការ៕

   

អត្ថបទដែលជាប់ទាក់ទង