ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ពិធីបុណ្យបញ្ចុះខណ្ឌសីមា ពុទ្ធភិសេកវត្តព្រះបារមីវង្គតបុរី នៅទឹកថ្លា ៣យប់៤ថ្ងៃចាប់ផ្តើមហើយ នាថ្ងៃ២១ មេសានេះ ជាមួយការសម្តែងសិល្បៈកំសាន្តរាល់យប់

376

 

ភ្នំពេញ៖ ពិធីបុណ្យបញ្ចុះ ខណ្ឌសីមា ព្រះវិហារ ពុទ្ធាភិសេក និងឆ្លងសមិទ្ធផលនានា ជាកេរមរតករបស់ អ្នកឧកញ៉ា មហា ភក្តីសប្បុរិស ភោគាធិប តី ហ៊ុន នាង និង មហាឧបាសិកា ឌី ប៉ុក នៅវត្តព្រះបារមីវង្កតបុរី ស្ថិតនៅសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ដែលផ្តួចផ្តើមឡើងដោយព្រះសង្ឃ គណៈកម្មការ អាចារ្យ ក្រុមគ្រួសារត្រកូលហ៊ុន និងរដ្ឋបាលរាជធានីភ្នំពេញ បានចាប់ផ្តើមហើយ នារសៀលថ្ងៃទី ២១ មេសា ឆ្នាំ២០២៣នេះ ដោយមានរយៈពេល៣យប់៤ថ្ងៃ ជាមួយនិងការសម្តែងសិល្បៈកំសាន្តរាល់យប់ផងដែរ។

នៅរសៀលថ្ងៃទី ២១ ខែមេសា លោកហ៊ុន ម៉ានី កូនប្រុសរបស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែន និងសម្តេចកិត្តិ ព្រឹទ្ធបណ្ឌិតប៊ុន រ៉ានីហ៊ុន សែន និងលោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានអញ្ជើញជាអធិបតីភាពក្នុងពិធីរៀបចំឫសសីមានិង ពិធីក្រុងពាលី និងបង្ហូតទង់នៅក្នុងទីអារាមវត្តនេះ។ ពិធីនៅរសៀលនេះ ក៏មានការអញ្ជើញចូលរួមបុណ្យពីព្រះសង្ឃ គណៈកម្មការ អាចារ្យ ក្រុមគ្រួសារត្រកូលហ៊ុនជាច្រើនគ្រួសារនិងមន្ត្រីរដ្ឋបាលរាជធានីភ្នំពេញជាច្រើនរូបទៀតបានអញ្ជើញចូលរួមផងដែរ។

សម្រាប់កម្មវិធីបុណ្យ នៅរសៀលថ្ងៃទីមួយៈ ថ្ងៃសុក្រទី ២១ ខែមេសា នេះ មានពិធីរៀបចំឫសសីមា ពិធីក្រុងពាលី និងបង្ហូតទង់ ,ដង្ហែដុំនិម្មិតសីមា និងគ្រឿងបរិក្ខារប្រទក្សិណ៣ជុំព្រះវិហារ ,នមស្ការព្រះរតនត្រ័យ សមាទានសីល ,វេរព្រះវិហា និងវរដុំនិម្មិតសីមា ប្រគេនចំពោះព្រះសង្ឃ ,និមន្តព្រះសង្ឃចម្រើនព្រះបរិត្ត បន្ទាប់មកនៅពេលល្ងាចសម្តេចព្រះវនរ័ត កិត្តិបណ្ឌិត ណយ ច្រឹក សម្តេចព្រះសង្ឃនាយករងទី២ ប្រទានព្រះធម្មវិសេសទេសនា ហើយនៅពេលរាត្រី ក៏មានក្រុមសិល្បះ សំដែងជូនទស្សនាកំសាន្តថែមទៀតផងដែរ។

វត្តព្រះបារមីវង្គតបុរី ជាទីអារាមមួយបានតំកល់ធាតុមាតាបិតារបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានីហ៊ុន សែន ។ ក្រោមគំនិតផ្ដួចផ្ដើមរបស់សម្ដេច តេជោហ៊ុនសែននិងសម្តេចកិត្តិ ព្រឹទ្ធបណ្ឌិតប៊ុន រ៉ានីហ៊ុន សែន ទីវត្តនេះ ត្រូវធ្វើពិធីបុណ្យកាត់ឬសសីមាព្រះវិហារដ៏ធំមួយ ដោយចាប់ផ្តើមពីថ្ងៃទី២១ដល់ថ្ងៃទី២៤ មេសាឆ្នាំ២០២៣ ក្នុងនោះនៅថ្ងៃ២៤មេសា សម្ដេចតេជោហ៊ុនសែននិងសម្តេចកិត្តិ ព្រឹទ្ធបណ្ឌិតប៊ុន រ៉ានីហ៊ុន សែន នឹងអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់កាត់ឬសីមា ។

វត្តព្រះបារមីវង្គតបុរី បានកសាងឡើងវិញនៅថ្ងៃទី០៧ធ្នូឆ្នាំ២០១៦ និងបានបញ្ចប់ការសាងសង់នៅក្នុងឆ្នាំ២០២២ ដោយចំណាយថវិកាអស់ប្រមាណជាង១លានដុល្លារ ។ នេះមិនបានគិតបញ្ចូលពីការចំណាយលើការកសាងសមិទ្ធផលនានានៅក្នុងបរិវេនវត្តនេះនោះទេ ។

ពិធីបុណ្យ៣យប់៤ថ្ងៃនេះ ក៏មានការរៀបចំក្រុមសិល្បៈកំសាន្តជាច្រើនក្រុម ដើម្បីសម្តែងជូនទស្សនជនបានមើលកំសាន្តផងដែរ ដែលមានទាំងក្រុមល្ខោនបាសាក់ ,ចាប៉ីដងវែង ,អាយ៉ៃឆ្លើយឆ្លងនិងការប្រគុំតន្ត្រីថែមទៀត។

ដើម្បីឲ្យដំណើរការនៃការរៀបចំពិធីបុណ្យដ៏ធំនេះដំណើរការទៅដោយរលូន លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ តែងបានដឹកនាំមន្ត្រីជំនាញក៏ដូចជាអាជ្ញាធរដែនដី ចុះពិនិត្យមើលទីតាំង នៅក្នុងបរិវេណវត្ត និងបានប្រជុំពិភាក្សាលើការងារនេះជាច្រើនលើកច្រើនសារផងដែរ ជាមួយនិងការគិតគូ ពីសណ្តាប់ធ្នាប់ របៀបរៀបរយនិងបរិស្ថាន ព្រមទាំងទីតាំងធ្វើរោងសិល្បៈ ទីធ្លាចំណតយានយន្តជាដើម៕

អត្ថបទដែលជាប់ទាក់ទង