លោកពុយ គា ៖ ក្រមសីលធម៌ និងវិជ្ជាជីវៈសារព័ត៌មាន ជាខែលការពារអ្នកព័ត៌មានពីការរិះគន់ និងប្តឹងផ្តល់
ភ្នំពេញ៖ នៅរសៀលថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៣ ក្លិបអ្នកកាសែតកម្ពុជា (ក.អ.ក) បានរៀបចំការជួបជុំដ៏ធំមួយនៅក្នុងប្រវត្តិនៃវិស័យសារព័ត៌មាន ដែលបើកឱ្យមានការពិភាក្សាវែកញែកអំពីក្រមសីលធម៌នៃវិជ្ជាជីវៈសារព័ត៌មានដែលជាប្រធានបទដ៏ក្តៅនៅក្នុងយុគសម័យឌីជីថល» ក្រោមវត្តមានដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងអ្នកសារព័ត៌មានជើងចាស់ ដែលមានពិសោធន៍យូរឆ្នាំរបស់កម្ពុជា និងបរទេសដូចជា៖ (អូស្រាលី បារាំង អាល្លឺម៉ង់ ថៃ និងអេស្ប៉ាញ) រួមទាំងសមាជិក សមាជិកា ក.អ.ក និងអ្នកសារព័ត៌មានចូលរួមជាង៥០០នាក់ផងដែរ។
លោកពុយ គា ប្រធានក្លឹបអ្នកកាសែតកម្ពុជាបានមានប្រសាសន៍ថា ដោយយល់ឃើញថា ក្រមសីលធម៌ គឺជាមូលដ្ឋានគ្រឹះដ៏សំខាន់សម្រាប់ការប្រតិបត្តិវិជ្ជាជីវ:របស់អ្នកសារព័ត៌មានក្នុងការងារប្រចាំថ្ងៃ ដូច្នេះក្លិបអ្នកកាសែតកម្ពុជា ក៏បានតាក់តែងក្រមសីលធម៌នៃវិជ្ជាជីវៈសារព័ត៌មានភ្លាមៗក្រោយពីថ្ងៃចាប់បដិសន្ធិ ក.អ.ក ហើយក៏បានពិនិត្យ និងបានកែសម្រួលជាបន្តបន្ទាប់ ដើម្បីជួយពង្រឹងសមត្ថភាពអ្នកសារព័ត៌មានឱ្យកាន់តែប្រសើរ ជាពិសេសក្រមសីលធម៌ និងវិជ្ជាជីវៈនេះតែម្តងដែលជាខែលការពារអ្នកព័ត៌មានពីការរិះគន់ និងប្តឹងផ្តល់។
ចុងក្រោយនៃកម្មវិធីក៏មានការបរិភោគអាហារសាមគ្គីជុំគ្នា ជាមួយនឹងការចាប់រង្វាន់ជាច្រើន ដែលឧបត្ថម្ភដោយវិស័យឯកជន និងសប្បុរសជនដែលគាំទ្រ និងលើកស្ទួយវិស័យសារព័ត៌មានកម្ពុជា ។

