ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

មេបញ្ជាការ​កងពលតូចថ្មើរជើងលេខ៥១ ជួបប្រជុំពិភាក្សា ពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជាមួយកងកម្លាំងថៃនៅតាមព្រំដែនខេត្តបន្ទាយមានជ័យ

99

ប្រទេសថៃ ៖ នាព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៣ ឧត្តមសេនីយ៍ត្រី សឹង្ហ​ ទុំ​ មេបញ្ជាការ​ កងពលតូចថ្មើរជើងលេខ៥១ បានអញ្ជើញដឹកនាំនាយទាហានដែលមានការពាក់ព័ន្ធ ជួបប្រជុំពិភាក្សាការងារ​ ពង្រឹងកិច្ចសហប្រតិបត្តិការ ជាមួយកងកម្លាំងភាគីថៃ ដែលឈរជើងទល់មុខភូមិសាស្រ្តខេត្តបន្ទាយមានជ័យ ដឹកនាំដោយ ឧត្តមសេនីយ៍ត្រី​ ថេបភីតាក់ នីមីត មេបញ្ជាការ​ កងពលធំលេខ២ រក្សាព្រះអង្គ កងកម្លាំង​បូព៌ា​ ស្ថិតនៅខេត្តស្រះកែវ ព្រះរាជាណាចក្រថៃ។

ក្នុងជំនួបពិភាក្សាការងារទ្វេភាគីនេះដែរក៏មានការអញ្ជើញចូលរួមពី មេបញ្ជាការ​ វរសេនាធំឈុតខ្មៅលេខ១២ ​និងលេខ១៣ថៃ និងវរសេនាធំប៉ូលីសព្រំដែនលេខ១២ថៃ។

ជាលទ្ធផលនៃកិច្ចប្រជុំរវាងកងកម្លាំងទាំងពីរកម្ពុជា-ថៃ គឺបន្តយកចិត្តទុកដាក់សហការ ទប់ស្កាត់ការលួចឆ្លងដែនដោយខុសច្បាប់ ទប់ស្កាត់ការលបលួចកាប់ឈើខុសច្បាប់ ការប្រយុទ្ធប្រឆាំងការជួញដូរគ្រឿងញៀន ការជួញដូរមនុស្ស ឧក្រិដ្ឋកម្មឆ្លងដែន​ និងជួយគ្នាទៅវិញទៅមក ប្រកបដោយការទទួលខុសត្រូវខ្ពស់ក្នុងការកសាងព្រំដែនមិត្តភាព សន្តិភាព សហប្រតិបត្តិការ និងការអភិវឌ្ឍន៍។

ភាគីទាំងពីរ បានបង្ហាញនូវឆន្ទៈក្នុងការបន្តថែរក្សាទំនាក់ទំនងមិត្តភាពឲ្យកាន់តែរឹងមាំ និងបន្តកិច្ចសហប្រតិបត្តិការឲ្យបានល្អ រក្សាបាននូវចំណងសាមគ្គីភាព មិត្តភាព ការទុកចិត្តគ្នា។ ជាពិសេសភាគីថៃបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់កងកម្លាំងភាគីកម្ពុជា ដែលប្រឹងប្រែងជួយសង្គ្រោះប្រជាជនថៃ ក្នុងឧបទ្ទវហេតុឆេះអគារការស៉ីណូនៅក្រុងប៉ោយប៉ែត កន្លងមក៕

អត្ថបទដែលជាប់ទាក់ទង