គណៈរដ្ឋមន្ត្រី បានសម្រេចអនុម័តលើ “កិច្ចព្រមព្រៀងពាណិជ្ជកម្មសេវាកម្មអាស៊ាន”
ភ្នំពេញ ៖ កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានសម្រេចអនុម័តលើ “កិច្ចព្រមព្រៀងពាណិជ្ជកម្មសេវាកម្មអាស៊ាន”។
ឯកឧត្តម ផៃ ស៊ីផាន អ្នកនាំពាក្យរាជរដ្ឋាភិបាល បានមានប្រសាសន៍ថា កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានបន្តពិភាក្សាលើ សេចក្ដីព្រាងច្បាប់ស្ដីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេវាកម្មអាស៊ាន ដែលមានខ្លឹមសារសង្ខេបដូចខាងក្រោម៖
គោលបំណង
កិច្ចព្រមព្រៀងពាណិជ្ជកម្មសេវាកម្មអាស៊ាន មានគោលបំណងសំខាន់ៗ ដូចខាងក្រោម៖
– ពង្រឹងការតភ្ជាប់សេដ្ឋកិច្ចនិងផ្តល់កាលានុវត្តភាពកាន់តែប្រសើរឡើង សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចនៅក្នុងសហគមន៍សេដ្ឋកិច្ចអាស៊ាន
– បង្កើនការធ្វើពាណិជ្ជកម្មនិងការវិនិយោគលើវិស័យពាណិជ្ជកម្មសេវាកម្ម ដោយបង្កើតទីផ្សារកាន់តែទូលំទូលាយ និងសេដ្ឋកិច្ចទំហំ
– កាត់បន្ថយការរឹតត្បិតចំពោះពាណិជ្ជកម្មសេវាកម្ម ការវិនិយោគ និងបង្កើតបរិយាកាសពាណិជ្ជកម្មដែលអាចព្យាករណ៍បាន
– ពង្រឹងទំនាក់ទំនងសេដ្ឋកិច្ចរវាងប្រទេសជាសមាជិកទាំងអស់ តាមរយៈការលើកកម្ពស់ និងការសម្របសម្រួលដល់ការប្រើប្រាស់នូវកាលានុវត្តភាពកាន់តែប្រសើរ ដែលផ្ដល់ដោយកិច្ចព្រមព្រៀងនេះ ការលើកកម្ពស់កិច្ចសហប្រតិបត្តិការក្នុងផ្នែកនិយ័តកម្ម ការបង្កើតកិច្ចសហប្រតិបត្តិការក្នុងវិស័យអភិវឌ្ឍន៍ធនធានមនុស្ស និងការបង្កើនការចូលរួមរបស់សហគ្រាសធុនមីក្រូ តូច និងមធ្យម ក្នុងសកម្មភាពពាណិជ្ជកម្មនិងការវិនិយោគ និង
– កាត់បន្ថយគម្លាតនៃការអភិវឌ្ឍរវាងប្រទេសសមាជិកអាស៊ាន ដើម្បីសម្រេចបាននូវសមភាពតុល្យភាព និងនិរន្តរភាពនៃការអភិវឌ្ឍសេដ្ឋកិច្ចសង្គម។
អត្ថប្រយោជន៍
កិច្ចព្រមព្រៀងពាណិជ្ជកម្មសេវាកម្មអាស៊ាន នឹងផ្តល់នូវអត្ថប្រយោជន៍ដូចតទៅ៖
– ពង្រីកបន្ថែមនិងធ្វើឱ្យកាន់តែស៊ីជម្រៅនូវសមាហរណកម្មពាណិជ្ជកម្មសេវាកម្ម ដើម្បីជំរុញសមាហរណកម្មពាណិជ្ជកម្មសេវាកម្មអាស៊ានទៅក្នុងខ្សែច្រវាក់ផ្គត់ផ្គង់សកល និងលើកកម្ពស់សមត្ថភាពប្រកួតប្រជែងក្នុងវិស័យសេវាកម្មរបស់ប្រទេសសមាជិក។
– ទទួលបានលទ្ធភាព និងកាលានុវត្តភាពកាន់តែខ្លាំងក្នុងការទាក់ទាញវិនិយោគបរទេសមកវិនិយោគក្នុងប្រទេសកម្ពុជាកាន់តែច្រើន ដែលជាកត្តាវិជ្ជមានក្នុងការបង្កើនឱកាសការងារនៅក្នុងប្រទេស បង្កើនចំណូល ហើយវាក៏ជាកត្តារួមចំណែកមួយដ៏សំខាន់ក្នុងការបង្កើនកំណើនផលិតផលជាតិសរុបផងដែរ។
– កម្ពុជាអាចនឹងបង្កើនថវិកាជាតិលើចំណូលសារពើពន្ធ តាមរយៈការប្រមូលពន្ធអាករកាន់តែច្រើនជាងមុន។
– កម្ពុជានឹងទទួលបាននូវការចែករំលែកបទពិសោធន៍ និងទទួលការជះឥទ្ធិពលវិជ្ជមានលើផ្នែកចំណេះដឹង ជំនាញ បច្ចេកវិទ្យា និងបំណិនអាជីវកម្ម ក្នុងការពង្រឹងសក្តានុពលកំលាំងពលកម្មនិងសហគ្រិនភាពក្នុងស្រុក ។
– កម្ពុជានឹងទទួលបាននូវជម្រើសជាច្រើនក្នុងការប្រើប្រាស់សេវាកម្ម ប្រកបដោយតម្លៃទាប និងការប្រកួតប្រជែងខ្ពស់៕
