បញ្ចៀសចរាចរយានយន្តគ្រប់ប្រភេទ ជាបណ្ដោះអាសន្នក្នុងពិធីបើក និងពិធីបិទព្រឹត្តិការណ៍ប្រកួតកីឡា អាស៊ីអាគ្នេយ៍ (SEA Games) លើកទី៣២ ឆ្នាំ២០២៣ នៅពហុកីឡដា្ឋនជាតិមរតកតេជោ
រាជធានីភ្នំពេញ ៖ រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី ២៨ ខែមេសា ឆ្នាំ២០២៣សេចក្តីជូនដំណឹងស្តីពី ការបញ្ចៀសចរាចរយានយន្តគ្រប់ប្រភេទជាបណ្ដោះអាសន្នក្នុងពិធីបើក និងពិធីបិទព្រឹត្តិការណ៍ប្រកួតកីឡា អាស៊ីអាគ្នេយ៍ (SEA Games) លើកទី៣២ ឆ្នាំ២០២៣ នៅពហុកីឡដា្ឋនជាតិមរតកតេជោ។
រដ្ឋបាលរាជធានីភ្នំពេញ សូមជម្រាបជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ក្នុងរាជធានីភ្នំពេញ ឱ្យបានជ្រាបថា គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ ឆ្នាំ២០២៣នឹងរៀបចំពិធីបើក និងពិធីបិទព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ីអាគ្នេយ៍ (SEA Games) លើកទី៣២ ឆ្នាំ២០២៣ នៅពហុកីឡដ្ឋានជាតិ មរតកតេជោ ដែលស្ថិតនៅភូមិព្រែកតារ័ត្ន សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ក្រោមអធិបតីភាព ដ៏ខ្ពង់ខ្ពស់ សម្ដេចអគ្គមហាសេនាបតីតេជោ ប៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។
ដើម្បីឱ្យពិធីខាងលើប្រព្រឹត្តទៅដោយរលូន រក្សាបាននូវសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និងរបៀបរៀប រយសាធារណៈ រដ្ឋបាលរាជធានីភ្នំពេញធ្វើការបញ្ចៀសចរាចរ និងផ្អាកចរាចរជាបណ្តោះអាសន្នជុំវិញទីតាំងប្រារព្ធ ពិធីរហូតដល់បញ្ចប់កម្មវិធី ដោយមិនអនុញ្ញាតឱ្យយានជំនិះគ្រប់ប្រភេទឆ្លងកាត់កំណាត់មហាវិថីឈ្នះឈ្នះ ចាប់ពីគល់ស្ពានព្រែកព្នៅរហូតដល់ផ្លូវជាតិលេខ៦ នៅថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៣ និងនៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣ រហូតដល់បញ្ចប់កម្មវិធីសម្រាប់ថ្ងៃនីមួយៗ។
ចំពោះតម្រាយផ្លូវ និងមហាវិថីដែលគណៈប្រតិភូ និងកីឡាករត្រូវធ្វើដំណើរឆ្លងកាត់ដូចជា កំណាត់ ផ្លូវជាតិលេខ៦ (ចាប់ពីរង្វង់មូលព្រហ្មមុខបួន រហូតដល់ព្រំប្រទល់រាជធានីភ្នំពេញ) កំណាត់មហាវិថីឈ្នះ ឈ្នះ (ចាប់ពីផ្លូវជាតិលេខ៦ រហូតដល់មហាវិថីមិត្តភាពភ្នំពេញ-ហាណូយ) និងកំណាត់មហាវិថីមិត្តភាពភ្នំពេញ ហាណូយ (ចាប់ពីមហាវិថីឈ្នះ ឈ្នះ រហូតដល់មហាវិថីសហព័ន្ធរុស្សី) មិនអនុញ្ញាតឱ្យរថយន្តដឹកទំនិញធុនធ្ងន់ រថយន្តដឹកដី រថយន្តដឹកខ្សាច់ និងរថយន្តកុងតឺន័រធ្វើចរាចរ ចាប់ពីថ្ងៃទី០៣ រហូតដល់ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣។
អាស្រ័យហេតុនេះ សូមបងប្អូនប្រជាពលរដ្ឋដែលធ្វើដំណើរឆ្លងកាត់តាមដងផ្លូវខាងលើមេត្តាជ្រាប យោគយល់អធ្យាស្រ័យ និងបញ្ចៀសការធ្វើដំណើរឆ្លងកាត់ទីតាំងប្រារព្ធពិធីតាមកាលបរិច្ឆេទខាងលើដោយ អនុគ្រោះ។ ផុតរយៈពេលហាមឃាត់បណ្តោះអាសន្ននេះ រដ្ឋបាលរាជធានីភ្នំពេញនឹងបើកឱ្យចរាចរជាធម្មតាវិញ។
ទទួលបានសេចក្ដីជូនដំណឹងនេះ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បញ្ជាការដ្ឋានកងរាជអាវុធហត្ថ រាជធានីភ្នំពេញ រដ្ឋបាលខណ្ឌជ្រោយចង្វារ រដ្ឋបាលខណ្ឌព្រែកព្នៅ រដ្ឋបាលខណ្ឌឫស្សីកែវ រដ្ឋបាលខណ្ឌសែនសុខ មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ និងអាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ ត្រូវធ្វើការផ្សព្វផ្សាយ ឱ្យបានទូលំទូលាយ និងចាត់តាំងអនុវត្តឱ្យមានប្រសិទ្ធភាពខ្ពស់។
