ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្បួនដង្ហែព្រះអគ្គិជ័យកីឡា បន្តដង្ហែឆ្ពោះទៅខេត្តជុំវិញបឹងទន្លេសាប នៅព្រឹកថ្ងៃទី២៩មេសានេះ

115

 

ភ្នំពេញ ៖ ក្បួនដង្ហែព្រះអគ្គិជ័យកីឡានៅព្រឹកថ្ងៃទី២៩មេសានេះ បានដង្ហែចេញពីវត្តលង្កាព្រះកុសុមារាម ដើម្បីបន្តឆ្ពោះទៅខេត្តជុំវិញបឹងទន្លេសាប។
ព្រះអគ្គិជ័យកីឡាត្រូវដង្ហែពីវត្តលង្កាព្រះកុសុមារាម ឆ្ពោះមកវិមានឯករាជ្យ ដឹកនាំដោយតំណាង
CAMSOC និង ក្រុមការងារ កីឡាករ កីឡាការិនីឆ្នើមមួយចំនួន និងមានក្រុមឆៃយ៉ាំនាំមុខ ។

តំណាង CAMSOC បានប្រគល់ព្រះអគ្គិជ័យកីឡាជូនឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ដង្ហែពីវិមានឯករាជ្យ ឆ្ពោះទៅមុខវិទ្យាល័យស៊ីសុវត្ថិ ទើបលោកបណ្ឌិតសភាចារ្យប្រគល់ជូនឯកឧត្តម ឃួង ស្រេង ទីប្រឹក្សាផ្ទាល់សម្តេចតេជោ នាយករដ្ឋមន្ត្រី និងជាអភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ដង្ហែបន្តមកផ្លូវភ្លោះអង្គឌួង រួចឡើងមកមហាវិថីសហព័ន្ធរុស្ស៊ី ដល់ក្រសួងការពារជាតិ (DN) ត្រឡប់ក្រោយមកស្តុបបេកាសេ ឡើងមកមហាវិថីព្រះមុនីវង្ស ឆ្ពោះមករង្វង់មូលគួចកាណុង បន្តមកផ្លូវជាតិលេខ៥ រួចប្រគល់ជូន កីឡាករ កីឡាការិនីឆ្នើម ដង្ហែឆ្ពោះទៅកាន់ខេត្តកំពង់ឆ្នាំងតែម្តង។

គួរបញ្ជាក់ផងដែរថា៖ ការប្រកួតបាល់ទាត់របស់ក្រុមជម្រើសជាតិកម្ពុជាក្នុងព្រឹត្តិការណ៍ប្រកួត កីឡាអាស៊ីអាគ្នេយ៍លើកទី៣២ ចាប់ពីថ្ងៃទី២៩ ខែមេសា ដល់ថ្ងៃទី១៦ ខែឧសភា ឆ្នាំ ២០២៣រដ្ឋបាលរាជធានីភ្នំពេញ នឹងរៀបចំផ្សាយបន្តផ្ទាល់នៅតាមទីតាំងចំនួន៧ ដើម្បីឲ្យប្រជាពលរដ្ឋបានទស្សនា ក្នុងនោះរួមមាន៖ ១-សួនច្បារមុខវត្តបទុមវតី ស្ថិតនៅក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ ។ ២-សួនច្បារមាត់ទន្លេទល់មុខភោជនីយដ្ឋានមេត្រូ ស្ថិតនៅក្នុងសង្កាត់ផ្សារកណ្តាលទី១ ខណ្ឌដូនពេញ ។ ៣-ក្នុងបុរីប៉េងហួតបឹងស្នោរ ស្ថិតនៅក្នុងសង្កាត់និរោធ ខណ្ឌច្បារអំពៅ ។ ៤-សួនច្បារមិត្តភាពក្បែរក្រសួងការពារជាតិ ស្ថិតនៅក្នុងសង្កាត់មិត្តភាព ខណ្ឌ៧មករា ។ ៥-សូនច្បារទល់វិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍ព្រៃឈើ-សត្វព្រៃ ស្ថិតនៅក្នុងសង្កាត់ គោកឃ្លាង ខណ្ឌសែនសុខ ។ ៦-សួនច្បារព្រះនាងប្រាជ្ញាបារមី ស្ថិតនៅក្នុងសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារនិងទី៧-ទីលានប្រជាធិបតេយ្យ ក្បែរស្ពានអាកាសឫស្សីកែវ ស្ថិតនៅក្នុងសង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ ៕

 

អត្ថបទដែលជាប់ទាក់ទង